ក្រសួងការងារ នឹងអនុវត្តផ្តល់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារដល់មន្ត្រីរាជការ ដើម្បីផលិតភាពការងារខ្ពស់ សំដៅលើកស្ទួយដល់សេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ក្រសួងការងារ នឹងអនុវត្ដផ្តល់របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ដល់មន្ត្រីរាជការ នៅពេលឆាប់ៗ ខាងមុខនេះ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពនៅកន្លែងការងារឲ្យកាន់តែប្រសើរឡើង។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ របស់ បេឡា ជាតិសន្តិសុខសង្គម នៅថ្ងៃទី ១៤  ខែមករា  ឆ្នាំ២០២០  នៅសណ្ឋាគារ តារា អ៊ែរ ផត លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានមានប្រសាសន៍ ថា ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីរាជការនេះ នឹងជំរុញឲ្យមន្ត្រីរាជការ នៅតាមក្រសួងស្ថាប័នទាំងអស់ខិតខំបំពេញ ការងារកាន់តែសកម្មថែមទៀត ដែលជួយធ្វើឲ្យផលិតភាពការងារខ្ពស់សំដៅលើកស្ទួយដល់សេដ្ឋកិច្ចជាតិកាន់តែ រីកចម្រើន ថែមទៀត។

លោកបន្តថាការអនុវត្ របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីរាជការសាធារណៈនេះ  ខុសពីអនុវត្ត ទៅលើកម្មករ និយោជិត បន្តិចប៉ុណ្ណោះ  គឺ ប.ស.ស មិនបានផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃដល់មន្ត្រីរាជការសាធារណៈ ពេលដែល មាន គ្រោះថ្នាក់ការងារ  ហើយចូលសម្រាកពេទ្យដូចកម្មករឡើយ ដោយសារ មន្ត្រីរាជការទទួលបាន ប្រាក់ខែ ធម្មតា ។  ក្រៅពីនេះ  គឺទទួលបានអត្ថប្រយោជន៍ដូចកម្មករដែរគឺទទួលបានការព្យាបាលរហូតដល់ជាសះស្បើយ ដោយ ឥតគិតថ្លៃ ។

អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសន្និបាតលោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍ថា  របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីរាជការនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុង ការចូលរួម ចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយ ការចំណាយនៅពេលដែលមានជួបបញ្ហាគ្រោះថ្នាក់ ផ្សេងៗ នៅពេលធ្វើដំណើរ ទៅធ្វើការងារ និងកើតឡើងនៅកន្លែងការងារ ដោយរដ្ឋជាអ្នកជួយចេញថ្លៃសេវាព្យាបាលជំងឺ  ឬ របួស។

គួរបញ្ជាក់ថា បើតាមក្រសួងការងារ ការអនុវត្តផ្តល់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារដល់មន្ត្រីរាជការនេះ គឺ រាជរដ្ឋាភិបាលជាអ្នកបង់វិភាគទានជំនួសមន្ត្រីរាជការសាធារណៈ  ប៉ុន្តែនៅមិនទាន់បានកំណត់ថានឹងត្រូវបង់ចំនួនប៉ុន្មាននៅឡើយទេ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង