ធនាគារអេស៊ីលីដា​ ភីអិលស៊ី ​និងធនាគារឯកទេស​ វីង ​ចុះអនុស្សរណៈយោគយល់​ស្តីពីកិច្ចសហ​ប្រតិបត្តិការ​សេវា​ផ្ទេរប្រាក់​

(ភ្នំពេញ)៖ អនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការសេវាផ្ទេរប្រាក់ រវាងធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ​២០​២០នេះ នៅការិយាល័យកណ្តាលធនាគារអេស៊ីលីដា ភីអិលស៊ី។

ពិធីចុះហេត្ថលេខានេះ ប្រព្រឹត្តទៅក្រោមវត្តមានលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប លោក ម៉ាណូ រ៉ាចាន់ អគ្គនាយកធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

លោកបណ្ឌិត អ៊ិន ចាន់នី បានលើកឡើងថា កិច្ចសហប្រតិបត្តិការសេវាផ្ទេរប្រាក់ រវាងធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត នាពេលនេះ នឹងពង្រីកសេវាកម្មផ្ទេរប្រាក់របស់ធនាគារទាំងពីរកាន់តែទូលំទូលាយថែមទៀត និងលើកម្ពស់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការធនាគារទាំងពីរឲ្យកាន់តែទំនើប ប្រកបដោយប្រសិទ្ធភាព និងអនុញ្ញាតឲ្យអតិថិជនធនាគារទាំងពីរអាចផ្ទេរប្រាក់រវាងគ្នានឹងគ្នា។

លោកបណ្ឌិតបានបន្ថែមទៀតថា៖ «កិច្ចសហប្រតិបត្តិការនេះ នាំឲ្យធនាគារទាំងពីរមានបណ្តាញប្រតិបត្តិការសម្បូរបែបចំនួនជាង ៤៣ពាន់កន្លែង គ្របដណ្តប់ទូទាំងប្រទេសកម្ពុជា ដែលធ្វើឲ្យអតិថិជនងាយស្រួលក្នុងការជ្រើសរើស ជំរុញឲ្យការផ្ទេប្រាក់កាន់តែទូលំទូលាយ ឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព។ ….អតិថិតជនដែលមានគណនីនៅធនាគារអេស៊ីលីដា ភីអិលស៊ី អាចធ្វើការដក ដាក់សាច់ប្រាក់នៅតាមបណ្តាញប្រតិបត្តិការធនាគារទាំងពីរគ្រប់ទីកន្លែង»។

សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា ភីអិលស៊ី មានបណ្តាញការិយាល័យធំជាងគេក្នុងប្រទេសកម្ពុជា ដែលមានការិយាល័យចំនួន ២៦២ការិយាល័យ មានបណ្តាញម៉ាស៊ីនអេធីអិមធំជាងគេចំនួន ៩២៧​គ្រឿង គ្រប់ខេត្ត ក្រុង រាជធានី ព្រមទាំងការិយាល័យធនាគារនៅតាមផ្សារទំនើប សាកលវិទ្យាល័យ សណ្ឋាគារជាដើម។ បច្ចុប្បន្ន ធនាគារអេស៊ីលីដា ភីអិលស៊ី បានវិវត្តខ្លួនទៅជាធនាគារឌីជីថល ដែល​មានសេវាអេស៊ីលីដាទាន់ចិត្ត ដែលអាចឲ្យអតិថិជនធ្វើប្រតិបត្តិការយ៉ាងសម្បូរបែបតាមទូរស័ព្ទដៃខ្លួន​ឯង​។ គិតមកដល់បច្ចុប្បន្ន អេស៊ីលីដាទាន់ចិត្ត មានអ្នកចុះឈ្មោះប្រើប្រាស់ជាង ១.២លាននាក់ ​ជាលក្ខណៈ​បុគ្គល និងជាង ៣០ពាន់នាក់ទៀត ជាលក្ខណៈក្រុមហ៊ុន។

បច្ចុប្បន្ន​ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារទីមួយរបស់ប្រទេសកម្ពុជា ដែលបានពង្រីកនៅក្នុងតំបន់ទៅប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា និងជាធនាគារឈានមុខក្នុងវិស័យឌីជីថល ដែលមានចំនួនអ្នកប្រើប្រាស់សេវាធនាគារឌីជីថលច្រើនជាងគេបំផុត (អ្នកប្រើប្រាស់អេស៊ីលីដាទាន់ចិត្ត មានចំនួនច្រើនជាង១លាននាក់)។ គិតត្រឹមដំណាច់ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្ម ៦ពាន់លានដុល្លារអាមេរិក និងទុនរបស់ម្ចាស់ទ្រព្យមានប្រមាណ ៩០០លានដុល្លារអាមេរិក៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង