មេធាវី គី តិច៖ ​ប្រទេសចំនួន៩ និងអង្គការ ​បុគ្គលបរទេសមួយចំនួនទៀត​ ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ​របស់លោក​ កឹម សុខា​

(ភ្នំពេញ)៖ មេធាវីតំណាងឲ្យរដ្ឋាភិបាល លោក គី តិច បានឲ្យដឹងថា មានប្រទេសចំនួន ៩ អង្គការអន្តរ​ជាតិ និងបុគ្គលជាជនបរទេសមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា។

លោកមេធាវី គី តិច បានប្រាប់អ្នកកាសែតបន្ទាប់ពីចេញពីសវនាការនៅព្រឹកថ្ងៃទី១៥ ខែមករានេះថា ប្រទេសទាំង៩ ដែលពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា រួមមាន ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្រ្តាលី អាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និងឥណ្ឌា។ ក្រៅពីនេះ ក៏មានពាក់ព័ន្ធអង្គការអន្តរ​ជាតិ និងបុគ្គលជាជនបរទេសមួយចំនួនទៀតដែរ តែលោកសុំមិនបញ្ចេញឈ្មោះ។

សូមបញ្ជាក់ថា នៅ​វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០នេះ តុលាការ​សាលាដំបូង​រាជ​ធានី​​ភ្នំពេញ បានផ្អាកសវនាការជំនុំជម្រះទោស លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពីបទ​ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​បទ​ក្បត់ជាតិ​ ដោយបន្តនៅរសៀលនេះ។

នៅក្នុង​សវនាការ​ជំនុំ​ជម្រះក្តី ដែលចាប់ផ្តើមនៅម៉ោង៨ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ លោក កឹម សុខា បានប្រកាស​បដិសេធ​នូ​វ​ការចោទប្រកាន់​មកលើ​រូបលោក ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​អំពើ​ក្បត់ជាតិ​ សុំឲ្យ​ចៅក្រម​​ទម្លាក់​ចោល​​ជា​ស្ថាពរ​​ចំពោះ​បទ​ចោទ ដើម្បី​លោក​អាចអនុវត្ត​បាន​នូវ​សិទ្ធិ សេរីភាព​នយោបាយ​ពេញលេញ​ឡើងវិញ​។​

​ដោយឡែក សន្តិសុខ​សណ្តាប់ធ្នាប់ ត្រូវបាន​រឹតបន្តឹង ដោយ​កងកម្លាំង​អាជ្ញាធរ​សមត្ថកិច្ច បាន​ដាក់ពង្រាយ​ការពារ​សន្តិសុខ ​មុខ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ស្ថិតនៅ​ខាងជើង​ជាប់​ស្តា​ត​អូឡាំពិក​ ក្នុង​រាជធានី​ភ្នំពេញ​ រួមទាំងផ្លូវនានា នៅជិតតុលាការ​។​

មេធាវីបួនរូប មានលោក ផែង ហេង, លោក ចាន់ ចេន, លោក ផាន់ ចាន់សាក់ និងលោកស្រី ម៉េង សុធារី គឺជាមេធាវីការពារសិទ្ធិលោក កឹម សុខា នៅក្នុងសវនាការនេះ។ នៅក្នុងបន្ទប់សវនាការ មាន​អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ប្រមាណ៣០នាក់ រាប់ទាំងមន្ត្រីទូតបរទេសផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង