ក្រុមហ៊ុន Ford បើកវគ្គបណ្ដុះបណ្ដាលពីសុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត​ – Ford Driving Skills for Life


(កំពង់ឆ្នាំង)៖ កាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (MRA Cambodia) ដែលជាតំណាងចែកចាយ និងលក់រថយន្ត FORD ប្រចាំប្រទេសកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាល អំពី សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត​ Ford – Ford Driving Skills for Life នៅក្នុងប្រលានយន្តហោះខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមប្រមាណជាង​ ២០០នាក់។

កម្ពុជាជាប្រទេសទី៤០ ដែលបានបើកវគ្គបណ្ដុះបណ្ដាល ស្ដីអំពី សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត​ Ford – Ford Driving Skills for Life ។ នេះគឺជាលើកទី៣ហើយ ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា បានរៀបចំកម្មវិធីនេះឡើង ដោយក្នុងឆ្នាំនេះមានអ្នកចូលរួមជាង២០០នាក់ រួមមានមន្ត្រីរាជការមកពីសាលាខេត្តកំពង់ឆ្នាំង, មន្ទីរសាធារណការ និងដឹកជញ្ជូន, អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក, អង្គភាពនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ, ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តកំពង់ឆ្នាំង និងអ្នកបើកបររថយន្តដឹកទំនិញធំៗមកពីក្រុមហ៊ុនឯកជន រួមទាំងអតិថិជន Ford បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃ ដោយឥតគិតថ្លៃ។

គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងគឺដើម្បីបង្រៀនអ្នកទើបទទួលបានប័ណ្ណបើកបរឲ្យយល់ច្បាស់អំពីជំនាញចាំបាច់ក្នុងការបើកបរ, បង្រៀនអ្នកបើកបរអំពីបច្ចេកទេសនៃការថែទាំយានយន្ត និងដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្ដល់ចំណេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងការអនុវត្តការបើកបរជាក់ស្ដែង។

នៅក្នុងនេះផងដែរ ក្រុមហ៊ុន Ford និងក្រុម អ អិម អេ ខេមបូឌា ព្រមទាំង RMA Group ទាំងមូលក៏បានអញ្ជើញអ្នកជំនាញពីសាលាបណ្ដុះបណ្ដាលបច្ចេកទេសរបស់ RMA ដែលមានបទពិសោធផ្នែកបច្ចេកទេស និងអ្នកជំនាញក្នុងការបើកបរជាង២០ឆ្នាំ មកធ្វើបទបង្ហាញ និងអនុវត្តន៍ផ្ទាល់សម្រាប់អ្នកចូលរួមសិក្ខាសាលានេះ។ កម្មវិធីនេះត្រូវបានធ្វើឡើងដោយមានវគ្គបណ្តុះបណ្តាលអំពីទ្រឹស្ដី និងការអនុវត្តន៏ជាក់ស្ដែងជាមួយរថយន្តផងដែរ។

លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា «ប្រទេសកម្ពុជា មានអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរឲ្យកត់សម្គាល់ នេះដោយសារអ្នកបើកបរមួយចំនួនមិនទាន់យល់ច្បាស់អំពីច្បាប់ចរាចរណ៍ និងមិនមានជំនាញបើកបរត្រឹមត្រូវ។ ហេតុនេះហើយ ចំណេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងច្បាប់ចរាចរណ៍គឺជាកត្តាមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ ខ្ញុំសង្ឃឹមថាអតិថិជន Ford ក៏ដូចជាសិក្ខាកាម ដែលចូលរួមវគ្គបណ្តុះបណ្តាលនេ នឹងទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេសនៃការបើកបរប្រកបដោយសុវត្ថិភាព ព្រមទាំងការអនុវត្តការបើកបរជាក់ស្តែងពីសំណាក់ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Ford និង អ អិម អេ ខេមបូឌា ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាយើង»៕

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង