លោក កឹម សុខា បដិសេធ​នូវ​ការចោទប្រកាន់ និង​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់ចោល​ជា​ស្ថាពរ​ចំពោះ​បទ​ចោទ ដើម្បី​លោក​អាចអនុវត្ត​បាន​នូវ​សិទ្ធិ សេរីភាព​នយោបាយ​ពេញលេញ​

(​ភ្នំពេញ​)៖ បន្ទាប់ពី​ចូលរួម​ក្នុង​សវនាការ​ជំនុំ​ជម្រះក្តី នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ នេះ លោក កឹម សុខា បានប្រកាស​បដិសេធ​នូ​វ​ការចោទប្រកាន់​មកលើ​រូបលោក ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​អំពើ​ក្បត់ជាតិ​។ ជាមួយនឹង​ការបដិសេធ​នេះ លោក​កឹម​សុខា ក៏បាន​ទាមទារ​ឲ្យ​ចៅក្រម​ទម្លាក់ចោល​ជា​ស្ថាពរ​ចំពោះ​បទ​ចោទ ដើម្បី​លោក​អាចអនុវត្ត​បាន​នូវ​សិទ្ធិ សេរីភាព​នយោបាយ​ពេញលេញ​ឡើងវិញ​។​

​លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​លោក កឹម សុខា បាន​ផ្សព្វផ្សាយ​នូវ​សារ​របស់លោក កឹម សុខា ដូចខាងក្រោម​៖ «​ខ្ញុំ​សូម​ជម្រាបជូន​សាធារណជន ជាតិ និង​អន្តរជាតិ ជ្រាប អំពី​គោលជំហរ របស់ខ្ញុំ ដូចតទៅ​៖
• ខ្ញុំ​បដិសេធ​ទាំងស្រុង​នូវ​ការចោទប្រកាន់​មកលើ​រូបខ្ញុំ ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​។​
• ខ្ញុំ​មិនបាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណា​មក​ប្រទូសរ៉ាយ ឬ​ឈ្លានពាន ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។​
• ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នេះ​ទេ ជាពិសេស​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំង ឡាយ​ណា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេសជាតិ​ឡើយ​។​
• សកម្មភាព​ទាំងអស់​របស់ខ្ញុំ គឺ​ផ្តោតលើ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និង​សន្តិវិធី ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
• គ្រប់​សកម្មភាព​នយោបាយ​របស់ខ្ញុំ គឺ​ផ្តោតលើ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​
• ខ្ញុំ​នៅតែ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់ចោល​ជា​ស្ថាពរ​ចំពោះ​បទ​ចោទ​មកលើ​រូបខ្ញុំ ដើម្បី​ខ្ញុំ​អាចអនុវត្ត​បាន​នូវ​សិទ្ធិ សេរីភាព​នយោបាយ​ពេញលេញ ក្នុង​ការចូល រួម​បម្រើ​ជាតិ​មាតុភូមិ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ អ្ន​ការទូត អង្គការ​សង្គម ស៊ីវិល អ្នកសារព័ត៌មាន​ជាតិ​-​ជាតិ ដែល​បាន​យកចិត្តទុកដាក់​ចូលរួម​ឃ្លាំមើល និង​សង្កេតការណ៍​សវនាការ​នេះ»​។​

​សូម​រម្លឹកថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​សវនាការ ជំនុំជម្រះ កាត់ទោស លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​បទ​ក្បត់ជាតិ​។ សវនាការ​នេះ គ្រោង​ធ្វើ ២​ថ្ងៃ ទាំង​ព្រឹក ទាំង​ល្ងាច គឺ​នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។

​ដោយឡែក សន្តិសុខ​សណ្តាប់ធ្នាប់ ត្រូវបាន​រឹតបន្តឹង ដោយ​កងកម្លាំង​អាជ្ញាធរ​សមត្ថកិច្ច ត្រូវបាន​ដាក់ពង្រាយ​ការពារ​សន្តិសុខ នៅតាម​ផ្លូវ និង​នៅមុខ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ស្ថិតនៅ​ខាងជើង​ជាប់​ស្តា​ត​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​។​

​រីឯ​លោក កឹម សុខា អមដោយ​មេធាវី ៤​រូប ក៏បាន​ចូលរួម​សវនាការ ជុំនំ​ជម្រះក្តី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា​នេះ ផងដែរ​។​

​សូមបញ្ជាក់ថា លោក​ចៅក្រម កុយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ របស់​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​ពី​សវនាការ​កាត់ទោស​ក​រ​ណី លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។ សវនាការ​ទាំងពីរ​ថ្ងៃនេះ ចាប់ផ្តើម​នៅ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១១ និង ៤០​នាទី និង​បន្ត​នៅពេល​រសៀល នា​ម៉ោង ២ និង ២០​នាទី ដល់​ម៉ោង ៥ និង ៣០​នាទី​។​

​សវនាការ កាត់ទោស​លោក កឹម សុខា នា​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​តម្រូវ​ឲ្យ​អ្នកចូលរួម​តាមដាន​សវនាការ​ដោយផ្ទាល់ ត្រូវ​ចុះឈ្មោះ​មុន ត្រឹមតែ​ចំនួន ៣០​នាក់​ប៉ុណ្ណោះ​។ មូលហេតុ ត្រូវបាន​តុលាការ បញ្ជាក់ថា ដោយសារតែ​បន្ទប់​សវនាការ​តូចចង្អៀត​។ អ្នកសារព័ត៌មាន មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ស្តាប់ ក្នុង​បន្ទប់​សវនាការ​ឡើយ​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ឬ​បទ​ក្បត់ជាតិ ដោយ​លោក​ត្រូវបាន​ចោទប្រកាន់ថា បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

​ក្រោយ​ការចាប់ខ្លួន លោក កឹម សុខា ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម​។ រហូតដល់​យប់​ថ្ងៃទី​០៩ ឆ្លង​ចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ទើប​តុលាការ ដាក់​ឲ្យ​លោក កឹម សុខា ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ដោយ​ផ្ទេរ​ការឃុំខ្លួន ពី​ពន្ធនាគារ មក​នៅ​ក្នុងផ្ទះ​របស់លោក ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​បន្ធូរបន្ថយ​លក្ខ​ខណ្ឌ​នៃ​ការឃុំខ្លួន​លោក​កឹម​សុខា ដោយ​អនុញ្ញាត​ឲ្យ​លោក អាចធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី នៅក្នុង​ទឹកដី​កម្ពុជា ព្រមទាំង​អាច​ជួប​ទូត​បរទេស តែ​លោក កឹម សុខា នៅ​បន្ត​ជាប់​បម្រាម មិនអាច​ធ្វើ​នយោបាយ​បាន​នោះទេ​។​

​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា «​ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១៥ ទៅ ៣០​ឆ្នាំ​»៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង