សវនាការកាត់ទោស កឹម សុខា ពីបទ​ក្បត់ជាតិ​ ត្រូវបានផ្អាក ដោយបន្តនៅរសៀលនេះ

(​ភ្នំពេញ​)៖ នៅ​វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានផ្អាកសវនាការជំនុំជម្រះទោស លោក កឹម សុខា អតីត​ប្រធានខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​បទ​ក្បត់ជាតិ​ ដោយបន្តនៅរសៀលនេះ។

នៅក្នុង​សវនាការ​ជំនុំ​ជម្រះក្តី ដែលចាប់ផ្តើមនៅម៉ោង៨ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ លោក កឹម សុខា បានប្រកាស​បដិសេធ​នូ​វ​ការចោទប្រកាន់​មកលើ​រូបលោក ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​អំពើ​ក្បត់ជាតិ​។សុំឲ្យ​ចៅក្រម​ទម្លាក់ចោល​ជា​ស្ថាពរ​ចំពោះ​បទ​ចោទ ដើម្បី​លោក​អាចអនុវត្ត​បាន​នូវ​សិទ្ធិ សេរីភាព​នយោបាយ​ពេញលេញ​ឡើងវិញ​។​

​ដោយឡែក សន្តិសុខ​សណ្តាប់ធ្នាប់ ត្រូវបាន​រឹតបន្តឹង ដោយ​កងកម្លាំង​អាជ្ញាធរ​សមត្ថកិច្ច បាន​ដាក់ពង្រាយ​ការពារ​សន្តិសុខ ​មុខ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ស្ថិតនៅ​ខាងជើង​ជាប់​ស្តា​ត​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​ រួមទាំងផ្លូវនានា នៅជិតតុលាការ​។​

មេធាវីបួនរូប មានលោក ផែង ហេង, លោក ចាន់ ចេន, លោក ផាន់ ចាន់សាក់ និងលោកស្រី ម៉េង សុធារី គឺជាមេធាវីការពារសិទ្ធិលោក កឹម សុខា នៅក្នុងសវនាការនេះ។

​អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ដែលចង់ចូលរួមស្តាប់សវនាការនេះ ​តម្រូវ​ឲ្យ​​ចុះឈ្មោះ​មុន ត្រឹមតែ​ចំនួន៣០​នាក់​ប៉ុណ្ណោះ​ ដោយសារតែ​បន្ទប់​សវនាការ​តូចចង្អៀត​។​

នៅក្នុងបន្ទប់សវនាការ មានអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ប្រមាណ៣០នាក់ រាប់ទាំងមន្ត្រីទូតបរទេសផងដែរ។

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ឬ​បទ​ក្បត់ជាតិ ដោយ​លោក​ត្រូវបាន​ចោទប្រកាន់ថា បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

​ក្រោយ​ការចាប់ខ្លួន លោក កឹម សុខា ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម​។ រហូតដល់​យប់​ថ្ងៃទី​០៩ ឆ្លង​ចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ទើប​តុលាការ ដាក់​ឲ្យ​លោក កឹម សុខា ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ដោយ​ផ្ទេរ​ការឃុំខ្លួន ពី​ពន្ធនាគារ មក​នៅ​ក្នុងផ្ទះ​របស់លោក ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​បន្ធូរបន្ថយ​លក្ខ​ខណ្ឌ​នៃ​ការឃុំខ្លួន​លោក​កឹម​សុខា ដោយ​អនុញ្ញាត​ឲ្យ​លោក អាចធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី នៅក្នុង​ទឹកដី​កម្ពុជា ព្រមទាំង​អាច​ជួប​ទូត​បរទេស តែ​លោក កឹម សុខា នៅ​បន្ត​ជាប់​បម្រាម មិនអាច​ធ្វើ​នយោបាយ​បាន​នោះទេ​។​

នៅក្នុងសវនាការនេះ ក្រុមអ្នកសង្កេតការណ៍មកពីអង្គសិទ្ធិមនុស្សក្នុងស្រុក និងក្រៅស្រុក រួមទាំងតំណាងស្ថានទូតបរទេសមួយចំនួន ត្រូវបានអនុញ្ញាតឲ្យចូលរួមស្តាប់សវនាការនេះ។ ចំណែកអ្នកសារព័ត៌មានវិញ ត្រូវក៏ត្រូវបានអនុញ្ញាតដែរ ប៉ុន្តែក្នុងចំនួនមានកំណត់។

ចំណែកនៅខាងមុខអគារសាលាដំបូងរាជធានីភ្នំពេញ គេសង្កេតឃើញក្រុមអ្នកគាំទ្រ, អ្នកសង្កេតការណ៍ និងក្រុមអ្នកសារព័ត៌មានរងចាំយ៉ាងត្រៀបត្រា។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតសមាជិកជាន់ខ្ពស់នៃខ្មោចគណបក្សសង្គ្រោះ​​​ បានឈររងចាំនៅខាងតុលាការនេះដែរ ហើយម្តងម្កាលឃើញអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក សួរសម្ភាសន៍អំពីសវនាការនេះ។

​មាត្រា៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា «​ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី១៥ ទៅ៣០​ឆ្នាំ​។

​សវនាការ​កាត់ទោស​លោក កឹម សុខា គ្រោងធ្វើឡើងក្នុងរយៈពេល២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​ ដោយចាប់ផ្តើម​នៅ​ម៉ោង៨​ព្រឹក ដល់​ម៉ោង១១ និង៤០​នាទី និង​បន្ត​នៅពេល​រសៀល នា​ម៉ោង២ និង២០​នាទី រហូតដល់​ម៉ោង៥ និង៣០​នាទី​៕​

SWIFT NEWS- ផាន់ អាណា

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង