សវនាការ​កាត់ទោស​លោ​ក កឹម សុខា ចាប់ផ្តើម​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៥​មករា​នេះ ដោយ​ការ​រឹតបន្តឹង​សន្តិសុខ​សណ្តាប់ធ្នាប់​

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​សវនាការ ជំនុំជម្រះ កាត់ទោស លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​បទ​ក្បត់ជាតិ​។ សវនាការ​នេះ គ្រោង​ធ្វើ ២​ថ្ងៃ ទាំង​ព្រឹក ទាំង​ល្ងាច គឺ​នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។

​ដោយឡែក សន្តិសុខ​សណ្តាប់ធ្នាប់ ត្រូវបាន​រឹតបន្តឹង ដោយ​កងកម្លាំង​អាជ្ញាធរ​សមត្ថកិច្ច ត្រូវបាន​ដាក់ពង្រាយ​ការពារ​សន្តិសុខ ​មុខ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ស្ថិតនៅ​ខាងជើង​ជាប់​ស្តា​ត​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​ រួមទាំងផ្លូវនានា នៅជិតតុលាការ​។​

​រីឯ​លោក កឹម សុខា អមដោយ​មេធាវី ៤​រូប ក៏បាន​ចូលរួម​សវនាការ ជុំនំ​ជម្រះក្តី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា​នេះ ផងដែរ​។​

​សូមបញ្ជាក់ថា លោក​ចៅក្រម កុយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ របស់​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​ពី​សវនាការ​កាត់ទោស​ក​រ​ណី លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។ សវនាការ​ទាំងពីរ​ថ្ងៃនេះ ចាប់ផ្តើម​នៅ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១១ និង ៤០​នាទី និង​បន្ត​នៅពេល​រសៀល នា​ម៉ោង ២ និង ២០​នាទី ដល់​ម៉ោង ៥ និង ៣០​នាទី​។​

​សវនាការ កាត់ទោស​លោក កឹម សុខា នា​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​តម្រូវ​ឲ្យ​អ្នកចូលរួម​តាមដាន​សវនាការ​ដោយផ្ទាល់ ត្រូវ​ចុះឈ្មោះ​មុន ត្រឹមតែ​ចំនួន ៣០​នាក់​ប៉ុណ្ណោះ​។ មូលហេតុ ត្រូវបាន​តុលាការ បញ្ជាក់ថា ដោយសារតែ​បន្ទប់​សវនាការ​តូចចង្អៀត​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ឬ​បទ​ក្បត់ជាតិ ដោយ​លោក​ត្រូវបាន​ចោទប្រកាន់ថា បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

​ក្រោយ​ការចាប់ខ្លួន លោក កឹម សុខា ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម​។ រហូតដល់​យប់​ថ្ងៃទី​០៩ ឆ្លង​ចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ទើប​តុលាការ ដាក់​ឲ្យ​លោក កឹម សុខា ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ដោយ​ផ្ទេរ​ការឃុំខ្លួន ពី​ពន្ធនាគារ មក​នៅ​ក្នុងផ្ទះ​របស់លោក ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​បន្ធូរបន្ថយ​លក្ខ​ខណ្ឌ​នៃ​ការឃុំខ្លួន​លោក​កឹម​សុខា ដោយ​អនុញ្ញាត​ឲ្យ​លោក អាចធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី នៅក្នុង​ទឹកដី​កម្ពុជា ព្រមទាំង​អាច​ជួប​ទូត​បរទេស តែ​លោក កឹម សុខា នៅ​បន្ត​ជាប់​បម្រាម មិនអាច​ធ្វើ​នយោបាយ​បាន​នោះទេ​។​

​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា «​ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១៥ ទៅ ៣០​ឆ្នាំ​»៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង