មេធាវី​៖ លោក កឹម សុខា អមដោយ​មេធាវី ៤​រូប នឹងចូលរួម​សវនាការ នៅ​ថ្ងៃទី​១៥-១៦​មករា​នេះ​

(​ភ្នំពេញ​)៖ លោក​មេធាវី ចាន់ ចេង មេធាវី​ម្នាក់ ក្នុងចំណោម​មេធាវី ៤​នាក់​របស់លោក​កឹម​សុខា បានបញ្ជាក់​នៅ​ព្រលប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ ថា លោក កឹម សុខា អមដោយ​មេធាវី ៤​រូប នឹងចូលរួម​សវនាការ នៅ​ថ្ងៃទី​១៥-១៦​មករា​នេះ​។​

​លោក​មេធាវី ចាន់ ចេង បាន​លើកឡើងថា «​ខ្ញុំ​សូមបញ្ជាក់​សារជាថ្មី​ជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ ជ្រាបថា ឯកឧត្តម កឹម សុខា រួមទាំង​មេធាវី ៤​រូប នឹង​ទៅ​ចូលរួម សវនាការ ជុំនំជម្រះ​ក្តី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចាប់ផ្តើម​ពី​ម៉ោង​៨​ព្រឹក​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០​នេះ​»​។​

​សូមបញ្ជាក់ថា លោក​ចៅក្រម កុយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ របស់​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​ពី​សវនាការ​កាត់ទោស​ក​រ​ណី លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។ សវនាការ​ទាំងពីរ​ថ្ងៃនេះ ចាប់ផ្តើម​នៅ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១១ និង ៤០​នាទី និង​បន្ត​នៅពេល​រសៀល នា​ម៉ោង ២ និង ២០​នាទី ដល់​ម៉ោង ៥ និង ៣០​នាទី​។​

​សវនាការ កាត់ទោស​លោក កឹម សុខា នា​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​តម្រូវ​ឲ្យ​អ្នកចូលរួម​តាមដាន​សវនាការ​ដោយផ្ទាល់ ត្រូវ​ចុះឈ្មោះ​មុន ត្រឹមតែ​ចំនួន ៣០​នាក់​ប៉ុណ្ណោះ​។ មូលហេតុ ត្រូវបាន​តុលាការ បញ្ជាក់ថា ដោយសារតែ​បន្ទប់​សវនាការ​តូចចង្អៀត​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ឬ​បទ​ក្បត់ជាតិ ដោយ​លោក​ត្រូវបាន​ចោទប្រកាន់ថា បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

​ក្រោយ​ការចាប់ខ្លួន លោក កឹម សុខា ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម​។ រហូតដល់​យប់​ថ្ងៃទី​០៩ ឆ្លង​ចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ទើប​តុលាការ ដាក់​ឲ្យ​លោក កឹម សុខា ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ដោយ​ផ្ទេរ​ការឃុំខ្លួន ពី​ពន្ធនាគារ មក​នៅ​ក្នុងផ្ទះ​របស់លោក ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​បន្ធូរបន្ថយ​លក្ខ​ខណ្ឌ​នៃ​ការឃុំខ្លួន​លោក​កឹម​សុខា ដោយ​អនុញ្ញាត​ឲ្យ​លោក អាចធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី នៅក្នុង​ទឹកដី​កម្ពុជា ព្រមទាំង​អាច​ជួប​ទូត​បរទេស តែ​លោក កឹម សុខា នៅ​បន្ត​ជាប់​បម្រាម មិនអាច​ធ្វើ​នយោបាយ​បាន​នោះទេ​។​

​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា «​ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១៥ ទៅ ៣០​ឆ្នាំ​»៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង