សម្តេច​តេ​ជោ ហ៊ុន សែន យល់ព្រម​ផ្តល់​មេធាវី ដើម្បី​ការពារ​អ្នកសារព័ត៌មាន តែ​ត្រូវមាន​លក្ខខណ្ឌ​ តាមអង្គហេតុ និងអង្គច្បាប់

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​អ្នកសារព័ត៌មាន​ជិត ៦​ពាន់​នាក់ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​យល់ព្រម​តាម​ការស្នើសុំ​របស់​ឯក​ឧ​ត្ត​ម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​ស្នើសុំ​សម្តេច ផ្តល់​មេធាវី​របស់​ក្រុម​មេធាវី​សម្តេច​តេ​ជោ ដើម្បី​ការពារ​អ្នកសារព័ត៌មាន​។

ក៏ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន ដាក់​លក្ខខណ្ឌ​ថា មេធាវី​របស់​សម្តេច​តេ​ជោ ការពារ​តែ​អ្នកកាសែត ដែលមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ប៉ុណ្ណោះ​។ ចំពោះ​អ្នកសារព័ត៌មាន ដែល​បំពាន​វិជ្ជាជីវៈ ជេរ​គេ ជេរ​ឯង និង​ផ្សាយ​ខុស​ការពិត គឺ​សម្តេច មិន​ឲ្យ​មេធាវី ជួយ​ការពារ​ក្តី​ឲ្យ​ទេ​។​

​សូម​រម្លឹកថា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ជិត ៦​ពាន់​នាក់ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​នូវ​ពាក្យស្លោក ដែលជា​យ័ន្ត​ការពារ​អ្នកសារព័ត៌មាន​ថា «​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​»​។​

​នៅ​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន សរុប​ជិត ៦​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដែល​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន​។​

​នេះ​គឺជា​លើក​ទី​៤ ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស ក្នុង​ពិធី​ជួបជុំ ពិសា​អាហារ​សាមគ្គី ជាមួយ​អ្នកព័ត៌មាន ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​៕​

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង