សម្តេច​តេ​ជោ ហ៊ុន សែន ដាក់​កំហិត​ឲ្យ​ក្រសួង​ព័ត៌មាន ធ្វើ​ឲ្យ​ចេញ​នូវ​ច្បាប់ ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន នៅ​ឆ្នាំ​២០២០ នេះ​

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​អ្នកសារព័ត៌មាន​ជិត ៦​ពាន់​នាក់ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវ​ចេញ​ឲ្យ​បាន​នៅ​ឆ្នាំ​២០២០ នេះ ជា​កំហិត ព្រោះ​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ព្រាង​អស់​រយៈពេល ៧​ឆ្នាំ​មកហើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន ដែល​ក្រសួង​ព័ត៌មាន បានរៀបចំ​ព្រាង​នេះ គឺ​សព្វថ្ងៃ ទៅដល់​ក្រសួងយុត្តិធម៌ ដែល​កំពុង​ពិនិត្យ​ពី​ទោសទណ្ឌ ដើម្បី​ឲ្យ​ស្រប​នឹង​ច្បាប់​នានា​។ ដូច្នេះ មិន​ចំណាយពេល​យូរ​ទេ ក្នុងការ​បញ្ជូន​ទៅកាន់​គណៈរដ្ឋមន្ត្រី​។​

​សូម​រម្លឹកថា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ជិត ៦​ពាន់​នាក់ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​នូវ​ពាក្យស្លោក ដែលជា​យ័ន្ត​ការពារ​អ្នកសារព័ត៌មាន​ថា «​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​»​។​

​នៅ​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន សរុប​ជិត ៦​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដែល​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន​។​

​នេះ​គឺជា​លើក​ទី​៤ ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស ក្នុង​ពិធី​ជួបជុំ ពិសា​អាហារ​សាមគ្គី ជាមួយ​អ្នកព័ត៌មាន ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង