សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ ២​ចំណុច ដល់​អ្នកសារព័ត៌មាន គឺ​រក្សា​សន្តិភាព និង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​!

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ជួប​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន​ជិត ៦​ពាន់​នាក់ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​នូវ ចំណុច​ដល់​អ្នកសារព័ត៌មាន​។​

​ការស្នើសុំ​ទាំង ២ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ដល់អ្នកកាសែត រួមមាន​៖
១-​ចូលរួម​រក្សា​សន្តិភាព​។ សន្តិភាព សម្រាប់​ទាំងអស់គ្នា​។ គ្មាន​សន្តិភាព ពិតជា​មិនអាច​ធ្វើ​អ្វី​បានទេ
។​

២-​ចូលរួម​រក្សា​ម៉ាក្រូសេដ្ឋកិច្ច តាមរយៈ​ការផ្សាយ​ព័ត៌មាន​ពិត ដើម្បី​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ដាក់បទបញ្ជា ណែនាំ​ដល់​ស្ថាប័ន​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ត្រូវមាន​យន្តការ​មួយ ក្នុងការ​បញ្ចេញ​ព័ត៌មាន​។ ចំណុច​នេះ ស្ថាប័ន​មួយចំនួន បានធ្វើ​រួចហើយ​។ ក្នុងនោះ រដ្ឋមន្ត្រី​ក្នុង​ក្រសួង ឬ​អភិបាល​រាជធានី​ខេត្ត ត្រូវជា​អ្នកទទួលខុសត្រូវ ក្នុងការ​បញ្ចេញ​ព័ត៌មាន ដូចជា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល សម្តេច ទៀ បាញ់ និង​សម្តេច​ក្រឡាហោម ស ខេង ចេញ​មកពី​ប្រជុំ បាន​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល និង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ កុំ​ឲ្យ​ចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវ​។ តែ​ត្រូវ​ចាត់ទុក​អ្នកសារព័ត៌មាន ជា​ដៃគូ ដែល​មិនអាច​ខ្វះ​បាន ក្នុងការ​អភិវឌ្ឍ​។​

​សូម​រម្លឹកថា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ជិត ៦​ពាន់​នាក់ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​នូវ​ពាក្យស្លោក ដែលជា​យ័ន្ត​ការពារ​អ្នកសារព័ត៌មាន​ថា «​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​»​។​

​នៅ​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន សរុប​ជិត ៦​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដែល​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន​។​

​នេះ​គឺជា​លើក​ទី​៤ ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស ក្នុង​ពិធី​ជួបជុំ ពិសា​អាហារ​សាមគ្គី ជាមួយ​អ្នកព័ត៌មាន ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង