សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​ពាក្យស្លោក​ថ្មី​ថា «​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​»

(​ភ្នំពេញ​)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ព័ត៌មាន ក្នុង​ពិធី​ជួប​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន​ជិត ៦​ពាន់​នាក់ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​មេធាវី​ការពារ​អ្នកកាសែត​។ ក៏ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឆ្លើយតប​វិញ ដោយ​លើក​ឡើងជា​ពាក្យស្លោក​ថា «​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង ស្នើសុំ​កុំ​ឲ្យ​អ្នកសារព័ត៌មាន​មួយចំនួន ពិសេស​អ្នកសារព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក​ខ្លះ ប្រើ​ពាក្យអសុរស ហើយ​មិនមាន​វិជ្ជាជីវៈ ត្រូវតែ​លុបបំបាត់ ឈប់​ឲ្យ​មាន​តទៅទៀត​។

​ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកសរសើរ​នូវ​សារព័ត៌មាន​អន​ឡាញ ៤ ដែលមាន​វិជ្ជាជីវៈ រួមមាន​៖ Fresh News, ដើមអម្ពិល​, Swift News និង​គេហទំព័រ​សារព័ត៌មាន ថ្មី​ថ្មី​។

​សូម​រម្លឹកថា នៅ​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន សរុប​ជិត ៦​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដែល​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន​។​

​នេះ​គឺជា​លើក​ទី​៤ ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស ក្នុង​ពិធី​ជួបជុំ ពិសា​អាហារ​សាមគ្គី ជាមួយ​អ្នកព័ត៌មាន ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​៕​

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង