សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ជាថ្មី​ថា សម្តេច​នឹង​កាន់តំណែង​នាយករដ្ឋមន្ត្រី យ៉ាងហោចណាស់ ១០​ឆ្នាំ​ទៀត ហើយក៏​គ្មាន​ការផ្ទេរ​តំណែង​ពី​ឪពុក ទៅ​កូន​ទេ​!

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ជិត ៦​ពាន់​នាក់ នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាងច្បាស់​ជាថ្មី​ទៀតថា សម្តេច នឹង​បន្ត​កាន់តំណែង​យ៉ាងហោចណាស់ ១០​ឆ្នាំ​ទៀត ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី តាមរយៈ​ការបោះឆ្នោត​។ ដូច្នេះ​គ្មាន​ការផ្ទេរ​តំណែង​ណាមួយ ពីស​ម្តេច ទៅ​កូន ពោលគឺ​ពីស​ម្តេច ទៅ​លោក ហ៊ុន ម៉ា​ណែ​ត ដូច​ការលើកឡើង​ពី​សាធារណមតិ​មួយចំនួន​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា «​នៅក្រោយ​ហ៊ុនសែន គឺ​ហ៊ុនសែន​។ បើ ហ៊ុន ម៉ា​ណែ​ត មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក៏ត្រូវ​រង់ចាំ​ដល់ ១០​ឆ្នាំ​ទៀត​។ យើង​ជា​ប្រទេស​ប្រជាធិបតេយ្យ មិនមែនជា​ប្រទេស ដែល​ផ្ទេរអំណាច ពី​ឪពុក​ទៅ​កូន ដូច​ប្រទេស​ខ្លះ​នោះទេ​។ យើង​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​»​។​

​សូម​រម្លឹកថា នៅ​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន សរុប​ជិត ៦​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដែល​រៀបចំ​ដោយ​ក្រសួង​ព័ត៌មាន​។​

​នេះ​គឺជា​លើក​ទី​៤ ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស ក្នុង​ពិធី​ជួបជុំ ពិសា​អាហារ​សាមគ្គី ជាមួយ​អ្នកព័ត៌មាន ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង