ថ្ងៃ​១៤​មករា​នេះ ជា​ខួប ៣៥​ឆ្នាំ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ នេះ គឺជា​ខួប​លើក​ទី​៣៥ ឆ្នាំ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ឡើងកាន់តំណែង​ជា “​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​” (១៤​មករា ១៩៨៥-១៤ មករា ២០២០)​។ ប៉ុន្តែ​បើ​គិតពី​រយៈពេល ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​ក្នុង​រដ្ឋាភិបាល ដឹកនាំ​កម្ពុជា គឺ​ចាប់តាំងពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ មកទល់ពេលនេះ គឺមាន​រយៈពេល ៤១​ឆ្នាំ​ហើយ​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បានកើត​នៅ​ថ្ងៃ ០៥ សីហា ឆ្នាំ ១៩៥២ (​ចុះបញ្ជី​ជា​ផ្លូវការ ថ្ងៃ ០៤ មេសា ១៩៥១) នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ សម្តេច បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ ក្រោយ​លន់ ណុល ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០​។​

​នៅ​ថ្ងៃ​ខួប​គម្រប់ ៣៥​ឆ្នាំ នៃ​ការទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី នា​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ មាន​សារ​ជូនពរ និង​អបអរសាទរ​ជាច្រើន​ពី​មន្ត្រីជាន់ខ្ពស់ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​ច្បាស់លាស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បានបញ្ចប់​សង្គ្រាម​ទាំងស្រុង នៅក្រោម​នយោបាយ ឈ្នះ ឈ្នះ ដែល​បាន​បង្រួបបង្រួម​ជាតិ នាំមក​នូវ​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ រួមទាំង​សមិទ្ធផល​ផ្លូវ​ស្ពាន​សាលារៀន ជាច្រើន​ផ្សេងទៀត​។​

​ការដឹកនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រយៈពេល ៣៥​ឆ្នាំ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ត្រូវបានគេទទួលស្គាល់​ជាទូទៅ​ថា ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ ក្នុង​កិច្ច​ផ្តល់ និង​រក្សា​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​វិបុលភាព​ជាតិ​។​
​ ​
​ជាងនេះទៅទៀត កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​រាល់​សកម្មភាព​ទាំង​ក្រុម​ក្នុងស្រុក ក៏ដូចជា បរទេស ក្នុង​កិច្ចពង្រឹង និង​ថែរក្សា​អធិបតេយ្យភាព​ជាតិ អត្តសញ្ញាណ​ជាតិ ព្រមទាំង​ក្តាប់បាន​គ្រប់​ជ្រុងជ្រោយ ដែល​អាច​បង្ក និង​ថែរក្សា​មោទកភាព​ជាតិ​។​

​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី ដែល​ត្រូវបាន​ជ្រើស​តាំងពី​ការបោះឆ្នោត និង​ការគាំទ្រ ផ្តល់​សេចក្តីទុកចិត្ត​របស់​ស​ភា ក៏ដូចជា​ព្រះមហាក្សត្រ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រឹងប្រែង​ដឹកនាំ​កម្ពុជា អស់ពី​កម្លាំងកាយ​ចិត្ត ពិសេស​ក្នុង​អតីតកាល គឺ​សម្តេច​តេ​ជោ ហ៊ុនសែន នេះឯង ដែល​បាន​យក​ជីវិត​ជាដើម​ទុន ដើម្បី​សង្គ្រោះ​ប្រជាជន​កម្ពុជា ចេញពី​របប​វាលពិឃាត ប្រល័យពូជសាសន៍​ប៉ុលពត ដោយ​សម្តេច​រត់​ភៀសខ្លួន​ទាំង​គ្រោះថ្នាក់ ទៅសុំ​ជំនួយ​ពី​វៀតណាម ដើម្បី​វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម រហូតដល់​ទទួល​ជ័យជម្នះ នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩​។​

​បន្តម​កទៀត ក្នុងអំឡុង​ទស្សវត្សរ៍​ឆ្នាំ​៨០ សម្តេច​តេ​ជោ ហ៊ុន សែន នៅពេល​ឡើង​ដឹកនាំ​កម្ពុជា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥ គឺ​ដៃ​ម្ខាង​ដឹកនាំ អភិវឌ្ឍ​ប្រទេស ដែល​ងើប​ពី​បាត​ដៃទទេ រីឯ​ដៃ​ម្ខាង​ទៀត ទប់​ទល់នឹង​ការប៉ុនប៉ង​វិលត្រឡប់​របស់​ក្រុមខ្មែរក្រហម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជម្នះ​ឧ​ស័គ្គ​ផ្ទៃក្នុង​បក្ស​ជាថ្មីទៀត ដើម្បី​ដឹកនាំ​កម្ពុជា ចេញពី​ទីផ្សារ​ផែនការ ហើយ​នៅ​ឆ្នាំ​១៩៨៧ សម្តេច​តេ​ជោ ក៏បាន​បើក​ការចរចា​ជាមួយ​សម្តេចព្រះ​នរោត្តម​សីហនុ ទាំង​ផ្ទៃក្នុង​បក្ស​មួយចំនួន ហាក់​មិន​គាំទ្រ​សម្តេច​។ ប៉ុន្តែ​ដោយសារ​តែមាន​ទស្សនៈវិស័យ​វែងឆ្ងាយ និង​ដើម្បី​ខ្មែរ ឈប់​បង្ហូរឈាម​គ្នា​តទៅទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពុះពារ​គ្រប់​ឧ​ស័គ្គ​ទាំងឡាយ រហូតដល់​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១​។​

​ក៏ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ មិនបាន​បញ្ចប់សង្គ្រាម​ស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា​នោះទេ​។ ពោលគឺ​ខ្មែរក្រហម មិនត្រូវ​បាន​រំសាយ​អង្គការ​ចាត់តាំង​នៅឡើយ​។ ក្រុមខ្មែរក្រហម បន្តកាន់កាប់​ទឹកដី​កម្ពុជា នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ដូចជា ប៉ៃលិន បាត់ដំបង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាដើម​។

​ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​យក​ជីវិត ធ្វើ​ដើមទុន​ជាថ្មីទៀត ដោយ​សម្តេច ចូលទៅ​កាន់​តំបន់​ខ្មែរក្រហម​កាន់កាប់​នៅ​ប៉ៃលិន និង​នៅ​សំឡូត ជាដើម ដើម្បី​ប្រកាស​កងទ័ព​ខ្មែរក្រហម ធ្វើ​សមាហរណកម្ម ក្នុង​ជួរ​រាជរដ្ឋាភិបាល​។ ក្នុងនោះ រហូតដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ទើប​អង្គការ​ចាត់តាំង​ខ្មែរក្រហម ត្រូវបាន​រំលាយ​ទាំងស្រុង ដោយសារតែ​ខៀវ​សំផន អៀង​សារី នួន​ជា បានមក​ចុះចូល​ដល់ផ្ទះ​របស់​សម្តេច នៅ​តាខ្មៅ ខេត្តកណ្តាល​។ នេះ​ជា​ជោគជ័យ​នៃ​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច ដែល​បញ្ចប់​អង្គ​ការចាត់​តាំងរបស់​ខ្មែរក្រហម នាំ​សុខសន្តិភាព​ពេញលេញ​ដល់​កម្ពុជា​។​

​ក្រោយពី​រំលាយ​អង្គ​ការចាត់​តាំងរបស់​ខ្មែរក្រហម ដោយ​ជោគជ័យ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ រួចមក សម្តេច​តេ​ជោ ហ៊ុន សែន មានឱកាស​ពេញលេញ​ក្នុង​ការងារ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ផ្លូវជាតិ ផ្លូវលំ ស្ពាន សាលារៀន និង​វត្ត​អារាម​ជាច្រើន ត្រូវបាន​សាងសង់​ឡើងជា​បន្តបន្ទាប់​។ ជីវភាព​ប្រជាជន ពិសេស​អ្នក​នៅ​ជនបទ ត្រូវបាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​។ តាម​ស្រុក​ស្រែចំការ មកដល់ពេល​នេះ ប្តូរ​ពី​រទេះគោ មកជា​គោយន្ត ប្តូរ​ពី​កង់ មកជា​ម៉ូតូ និង​ឡាន​ស្ទើរ​គ្រប់​ផ្ទះ​។ ផ្លូវថ្នល់ ដែល​ពីមុន ជា​ផ្លូវដី លំបាក​ធ្វើដំណើរ តែ​ពេលនេះ បានប្រែក្លាយ​ជា​ផ្លូវ​បេតុង និង​ផ្លូវ​កៅស៊ូ​។ ក្នុងនោះ ឆ្លងទន្លេ​ពី​ម្ខាង​ទៅ​ម្ខាង ដោយ​ប្រើ​ទូកដ ឬ​សាឡាង តែ​ពេលនេះ ប្រែក្លាយជា​ស្ពានថ្ម ចង់​ឆ្លង និង​ដឹកជញ្ជូន​ទំនិញ ផលិតផល​កសិកម្ម នៅ​ម៉ោង​ណា​ក៏បាន ហើយ​មិន​ប្រថុយ​នឹង​គ្រោះថ្នាក់​ទៀតឡើយ​។​

​នៅ​ទូទាំងប្រទេស ពិសេស​នៅ​ភ្នំពេញ អគារ​ខ្ពស់ៗ ស្ពាន​អាកាស ត្រូវបាន​សាងសង់ឡើង​យ៉ាង​ស្អេកស្កះ ហើយ​អ្នកវិនិយោគ​បរទេស និង​អ្នកវិនិយោគ​កម្ពុជា មិន​ស្ទាក់ស្ទើរ​ក្នុងការ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​នោះទេ ពិសេស​លើ​វិស័យ​អចលនទ្រព្យ សំណង់​អគារ​ខ្ពស់ៗ​ដ៏​ច្រើន​។ នៅមាន​សមិទ្ធផល​ច្រើន​វិស័យ​ទៀត ដែល​យើង​រាប់មិនអស់ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

​ថ្មីៗ​នេះ​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​នូវ​ជំហ មិន​អោនក្បាល​ចំពោះ​បរទេស ជា​ថ្នូរ​នឹង​ជំនួយ​នោះទេ ពោលគឺ​ពាក់ព័ន្ធ​នឹង​បញ្ហា EBA របស់​អឺរ៉ុប​។

ចំពោះ​ការប្រកាស​ព្រមាន​របស់​បរទេស ពិសេស​សហភាព​អឺរ៉ុប ដែល​ចង់​ដាក់​ការគៀបសង្កត់​សេដ្ឋកិច្ច ដោយសារតែ​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង​មួយ​ក្តាប់​តូច​នោះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន មិន​អោនក្បាល ចុះ​ញ៉ម​ជាដាច់ខាត​។ វិធានការ​ជាច្រើន ត្រូវបាន​សម្តេច​តេ​ជោ ប្រកាស​អនុវត្ត សម្រាប់​ពង្រឹង​ឯករាជ្យភាព​វិស័យសេដ្ឋកិច្ច ដើម្បី​ទប់ស្កាត់​ភាព​ងាយ​រងគ្រោះ ប្រសិនបើ​សហភាព​អឺរ៉ុប ឬ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​កម្ពុជា​មែន​នោះ​។​

​ជារួម ក្នុង​រយៈពេល ៣៥​ឆ្នាំ ជា​នាយករដ្ឋមន្ត្រី និយាយ​ដោយឡែក និង​ក្នុង​រយៈពេល ៤១​ឆ្នាំ ដែល​សម្តេច​តេ​ជោ ហ៊ុនសែន បាន​ចូលរួម និង​ដឹកនាំ គឺ​កម្ពុជា ស្គាល់​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ដូច្នេះ​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ យើង​ត្រូវ​បន្ត​ចូលរួម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​តទៅទៀត​។ បើ​មិនមាន​សន្តិភាព​ទេ កុំថាឡើយ​ការអភិវឌ្ឍ​ប្រទេស សូម្បីតែ​សេចក្តីសុខ​ផ្ទាល់ខ្លួន ក៏​មិនអាច​កើតមាន​បានឡើយ​។ កម្ពុជា​ឆ្អែតឆ្អន់​នឹង​សង្គ្រាម និង​ការកាប់សម្លាប់ ដោយសារតែ​ការ​លូកដៃ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ហើយ​។ អរគុណ​សន្តិភាព​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com