អាជ្ញាធរទម្លាក់មើមការ៉ុតនិងដំឡូងរាប់ពាន់គីឡូទៅឲ្យសត្វកង់ហ្គូរូក្នុងតំបន់ដែលរងគ្រោះដោយភ្លើងឆេះព្រៃនៅអូស្ត្រាលី

(អូស្រ្តាលី) ៖ ក្រុមមន្ត្រីនៅក្នុងរដ្ឋញូវសៅវែល (New South Wales) នៃប្រទេសអូស្រ្តាលីបាននិយាយថា ពួកគេបាននាំយក មើមការ៉ុតនិងដំឡូងរាប់ពាន់គីឡូក្រាមទៅឲ្យអម្បូរសត្វកង់ហ្គូរូមាឌល្អិតដែលជិតផុតពូជនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃក្នុងរដ្ឋនេះ។

ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងបានទម្លាក់បន្លែទាំងនោះដើម្បីជួយអម្បូរសត្វកង់ហ្គូរូមាឌល្អិតនៅក្នុងឧទ្យានជាតិវ៉ូឡេមី (Wollemi) កាលពីសប្តាហ៍មុន។

ក្រុមមន្ត្រីបាននិយាយថា ការទម្លាក់អាហារពីឧទ្ធម្ភាគចក្រនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារការខូចខាតឡើងវិញ បន្ទាប់ពីមានភ្លើងឆេះព្រៃដ៏ធំមួយនៅទូទាំងរដ្ឋញូវសៅវែល (New South Wales)។

ក្រុមមន្រ្តីបាននិយាយថា ពួកគេរំពឹងថានឹងបន្តផ្តល់ចំណីអាហារទៅដល់អម្បូរសត្វកង់ហ្គូរូមាឌល្អិតរហូតទាល់តែធនធាន ចំណីអាហារនិងទឹកមានគ្រប់គ្រាន់ឡើងវិញនៅក្នុងតំបន់ដែលត្រូវភ្លើងឆេះ។

អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានប៉ាន់ស្មានថា សត្វព្រៃប្រហែល ១,២៥០លានក្បាល បានងាប់ដោយសារភ្លើងឆេះព្រៃ ដែលកំពុងកើតមាននៅក្នុងប្រទេសអូស្ត្រាលី។

ភាគច្រើននៃសត្វព្រៃដែលបានងាប់គឺពពួកសត្វល្មូន បន្ទាប់មកគឺពពួកបក្សីនិងពពួកថនិកសត្វ ដូចជាសត្វខ្លាឃ្មុំអូស្ត្រាលី (ខូអាឡា), កង់ហ្គូរូ, កង់ហ្គូរូមាឌល្អិត និងពពួកថនិកសត្វផ្សេងទៀត៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង