កម្ពុជា-ម៉ាឡេស៊ី ព្រមព្រៀងគ្នា ក្នុងការជម្រុញឲ្យសម្រេចបាន MoU ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស

(ភ្នំពេញ)៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោក អ៊ែលឌីន ហ៊ូសៃនី ម៉ូដហាស៊ីម (Eldeen Husaini Mohd Hashim) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅក្នុងជំនួបមួយ នាទីស្តីការក្រសួង បានប្តេជ្ញារួមគ្នា ធ្វើយ៉ាងណា ជម្រុញឲ្យសម្រេចបាន នូវការចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា (MoU) ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ពោលគឺដើម្បីការពារពលករកម្ពុជា ដែលកំពុងបម្រើការងារនៅម៉ាឡេស៊ី និងពលករម៉ាឡេស៊ី ដែលកំពុងបម្រើការងារនៅកម្ពុជា។

គួរជម្រាបថា MoU នេះ បានធ្វើមកតាំងពី​ឆ្នាំ២០១២មកម្ល៉េះ ប៉ុន្តែមិនទាន់បានចុះហត្ថលេខា ដោយសារការងារនេះ ត្រូវបានអូសបន្លាយពេល ព្រោះតែស្ថានភាពនយោបាយ របស់ប្រទេសទាំងពីរ និងមានការយឺតយ៉ាវ ពាក់ព័ន្ធមួយចំនួនទៀត។ MoU នេះ ត្រូវបានធ្វើឡើង ដោយសារកម្ពុជា មានបញ្ហាមួយចំនួន ជាមួយម៉ាឡេស៊ី ទាក់ទងទៅនិងកម្មករការងារផ្ទះ ដែលស្ត្រីកម្ពុជាមួយចំនួន ត្រូវបានគេរំលោភបំពាន​លើរាងកាយ ផ្លូវចិត្ត និងការកេងប្រវ័ញ្ច​ កម្លាំងពលកម្ម។
​នៅក្នុងជំនួបនេះ ទាំងលោកស្រីរដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាទៅលើកិច្ចការនេះ ដោយបានឯកភាពគ្នា និងពន្លឿន ឲ្យមានការចុះហត្ថលេខាលើ MoU នេះ ​ដោយលោកឯកអគ្គរដ្ឋទូតថា នឹងធ្វើការជាមួយនឹង ក្រសួងមហាផ្ទៃម៉ាឡេស៊ីបន្ថែមទៀត ដោយសារតែក្រសួង ជាអ្នកដែលទទួលខុសត្រូវ លើបញ្ហានេះ។ ​

លោកស្រីរដ្ឋមន្ត្រី បានសំណូមពរ ទៅលោកឯកអគ្គរដ្ឋទូតទូតម៉ាឡេស៊ី ឲ្យមានឆន្ទៈពិតប្រាកដ និងការប្ដេជ្ញាចិត្តខ្ពស់ នៅក្នុងការជំរុញ ការចុះហត្ថលេខា លើ MoU នេះ​ ដោយសារតែបច្ចុប្បន្ន មានក្រុមហ៊ុនម៉ាឡេស៊ី ចង់ជ្រើសរើសស្ត្រីជាកម្មករ បម្រើការងារតាមផ្ទះពីកម្ពុជា ប៉ុន្តែលោកស្រីរដ្ឋមន្ត្រី សំណូមពរថា គួរមានការចុះ MoU ជាផ្លូវការសិន ​ចាំមកជ្រើសរើសជាក្រោយ ដើម្បីជាប្រយោជន៍ របស់ប្រទេសទាំងពីរ ព្រោះ MoU នេះ​ ពិតជាមានសារៈសំខាន់ណាស់ ដែលជួយទប់ស្កាត់ ​និង​ការពារ ដល់ជនរងគ្រោះ ពីការកេងប្រវ័ញ្ច​។

នៅក្នុងជំនួបនេះ ភាគីទាំង​ពីរ ក៏បានពិភាក្សាគ្នា អំពីគម្រោងដំណើរទស្សនកិច្ចផ្លូវការ របស់លោកស្រីឧបនាយករដ្ឋមន្ត្រី ​ម៉ាឡេស៊ី ដែលជាស្ត្រីដំបូង គ្រោងនឹងមក​ស្វែងយល់ អំពីសមភាពយេនឌ័រ របស់កម្ពុជាផងដែរ។ ​ដំណើរទស្សនកិច្ច របស់ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់​កម្ពុជា គ្រោងនឹងធ្វើឡើង នៅខែវិច្ឆិកាឬខែធ្នូឆ្នាំនេះ​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com