NEWS UPDATE: អ៊ីរ៉ង់ ថាការវាយប្រហារមីស៊ីលលើមូលដ្ឋានទ័ពអាមេរិកគឺជាមេរៀនមួយដើម្បីឲ្យយោធាអាមេរិកដកខ្លួនចេញពីតំបន់

(អ៊ីរ៉ង់) ៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់គឺមិនមានបំណងដើម្បីសម្លាប់ក្រុមទាហានអាមេរិកទេ ប៉ុន្តែគឺជាមេរៀនមួយដើម្បីឲ្យកងទ័ពអាមេរិកដកខ្លួនចេញពីតំបន់។

ប្រមុខកងកម្លាំងអវកាសរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក អាមឺ អាលី ហាជីរ៉ាដេស (Amir Ali Hajiradesh) បាននិយាយថា ការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកនោះគឺជាការចាប់ផ្តើមនៃការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងតំបន់មជ្ឈិមបូព៌ា។

កាលពីថ្ងៃពុធ អ៊ីរ៉ង់បានបាញ់មីស៊ីលសរុប២២គ្រាប់ទៅលើមូលដ្ឋានយោធា២កន្លែងរបស់អ៊ីរ៉ាក់ដែលមានទាហានអាមេរិកតាំងនៅដើម្បីជាការសងសឹកចំពោះការសម្លាប់ប្រមុខកងទ័ពពិសេសអ៊ីរ៉ង់លោក កាសេម សូឡេម៉ានី (Qassem Soleimani) នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី០៣ ខែមករា។

ហេតុការណ៍ទាំងនេះបានកើតឡើងបន្ទាប់ពីភាពតានតឹងបានកើនឡើងជាបន្តបន្ទាប់ជាច្រើនខែមកហើយចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៨និងដាក់ទណ្ឌកម្មសាជាថ្មីដែលនាំឲ្យការនាំចេញប្រេងរបស់អ៊ីរ៉ង់បានធ្លាក់ចុះ។

លោក ហាជីរ៉ាដេស (Hajiradesh) បាននិយាយថា ការសងសឹកយ៉ាងសមស្របដែលអ៊ីរ៉ង់បានសន្យាគឺនឹងបណ្តេញកងទ័ពអាមេរិកចេញពីតំបន់មជ្ឈិមបូព៌ា។ ហើយលោកបាននិយាយផងដែរថា អ៊ីរ៉ង់បានត្រៀមមីស៊ីលរាប់រយដើមរួចជាស្រេចហើយអាចសម្លាប់ទាហានអាមេរិកយ៉ាងហោច៥រយនាក់ក្នុងរយៈពេល៤៨ម៉ោង៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង