NEWS UPDATE: អ្នករស់នៅក្នុងរដ្ឋវីកតូរៀ ត្រូវបានជន្លៀសចេញបន្ទាន់ ខណៈភ្លើងឆេះព្រៃនឹងបង្កើនគ្រោះថ្នាក់ក្នុងពេល២ថ្ងៃខាងមុខ

(អូស្ត្រាលី) ៖ ពលរដ្ឋរស់នៅក្នុងតំបន់ដែលរងការគំរាមកំហែងដោយភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី ត្រូវបានអំពាវនាវឲ្យភៀសខ្លួនចេញពីលំនៅដ្ឋាននៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតែមានការព្យាករណ៍ថា អាកាសធាតុក្តៅនិងខ្យល់ខ្លាំងនឹងបង្កើនគ្រោះថ្នាក់នៅក្នុងរយៈពេល២ថ្ងៃខាងមុខ។

ពលរដ្ឋនៅក្នុងរដ្ឋវីកតូរៀ (Victoria) ត្រូវបានគេអំពាវនាវឲ្យភៀសខ្លួនចេញពីលំនៅដ្ឋានឲ្យបានឆាប់រហ័ស។

ការប្រកាសដាក់តំបន់ជាច្រើនក្នុងរដ្ឋវីកតូរៀ (Victoria) ទៅក្នុងគ្រាអាសន្នត្រូវបានបន្ត ខណៈដែលស្ថានភាពភ្លើងឆេះព្រៃត្រូវបានគេព្យាករថានឹងកាន់តែអាក្រក់ឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។

អភិបាលរដ្ឋវីកតូរៀ (Victoria) បាននិយាយថាការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នដែលបានបង្កើនសិទ្ធិអំណាចដល់អាជ្ញាធរក្នុងការជម្លៀសពលរដ្ឋចេញពីតំបន់ដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃនោះនឹងបន្តធ្វើឡើងនៅក្នុងតំបន់ហ្គីបឡេនខាងកើត (East Gippsland) និងតំបន់ភាគឦសានប្រទេស។

តំបន់វ៉ុនបូន (Wonboyn) ស្ថិតក្នុងភាគខាងត្បូងរដ្ឋញូសៅវ៉េល (New South Wales) ត្រូវបានគេគិតថាជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុតដោយសារភ្លើងឆេះព្រៃនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

សូមបញ្ជាក់ថា វិបត្តិភ្លើងឆេះព្រៃដែលមិនធ្លាប់មានពីមុនមកនៅក្នុងភាគអាគ្នេយ៍ប្រទេសអូស្ត្រាលីនេះបានឆក់យកជីវិតមនុស្សយ៉ាងហោច២៦នាក់ហើយចាប់តាំងពីខែកញ្ញាមកព្រមទាំងបានបំផ្លាញផ្ទះជាង២ពាន់ខ្នងនិងបណ្តាលឲ្យមានផ្សែងអព្ទកខ្វក់គ្របដណ្តប់លើទីក្រុងធំៗជាច្រើន៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង