អ្នករត់មកពីជាង៤០ប្រទេសចូលរួមរត់ចម្ងាយឆ្ងាយអង្គរ ក្នុងនោះបារាំងច្រើនជាងគេ

(កម្ពុជា)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ (Angkor Ultra Trail) នៅតំបន់អង្គរខេត្តសៀមរាប ទាក់ទាញបានអ្នករត់កើនឡើង១០% ដែលមានចំនួនកើនឡើង១២០០នាក់ ដោយកាលពីព្រឹត្តិការណ៍ដូចគ្នា លើកទី៤ ឆ្នាំ២០១៩ កន្លងទៅមាន១០០០នាក់។  នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន ក្នុងសន្និសីទសារព័ត៌មានព្រឹកមិញ។

ឯកឧ្តម អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក បន្តថាក្នុងចំណោមជាង ១២០០នាក់ ជនជាតិបារាំងចូលរួមច្រើនជាងគេ បន្ទាប់មកកីឡាករម្ចាស់ផ្ទះកម្ពុជា ជប៉ុន ចក្រភពអង់គ្លេស និងមកពីប្រទេសផ្សេងៗទៀត។

ទិវារត់ប្រណាំងចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ (Angkor Ultra Trail) នៅតំបន់អង្គរ លើកទី៥ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១៨-១៩ ខែមករា ដោយចេញដំណើរនៅទីលានជល់ដំរី។

ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញនូវគោលបំណងដ៏ធំចម្បងនៃការរៀបចំនេះថា គឺជាការថែរក្សាការពារបរិស្ថាននៅតំបន់បេតិកភណ្ឌតំបន់អង្គរ, ផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរបរទេសឲ្យកាន់តែទាក់ទាញបន្ថែមទៀត តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ដែលជាកីឡាករមានគុណភាពថាមពលកម្លាំងខ្ពស់ ព្រោះការរត់ប្រណាំងនេះមានចម្ងាយផ្លូវ១២៨គីឡូម៉ែត្រ។ ជាមួយគ្នានេះក៏បង្ហាញចេញនូវគោលដៅទេសចរណ៍នៅក្នុងតំបន់ទេសចរណ៍ដ៏ល្អឯករបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។

សូមបញ្ជាក់ថា ការរត់ប្រណាំង១២៨គីឡូម៉ែត្រ នឹងត្រូវចេញដំណើរនាវេលាម៉ោង៤ទៀបភ្លឺ រំលងអាធ្រាត ថ្ងៃទី១៨ ខែមករា ដោយចំណាយពេលជាង២៤ម៉ោង រហូតដល់បញ្ចប់នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ទើបមានពិធីបំពាក់មេដាយប្រគល់រង្វាន់ ក្រោមអធិបតីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្រៅពីការរត់ឆ្ងាយជាងគេបង្អស់នេះ នៅមានការប្រកួតរត់ ៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ និង១៦គីឡូម៉ែត្រ។

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង