SPECIAL NEWS: ប្រទេសល្អបំផុតនៅអាស៊ីសម្រាប់ធ្វើការវិនិយោគ ក្នុងឆ្នាំ២០២០

រាល់អ្នកវិនិយោគធំៗ ចាប់ពីលោក វ៉រិន បាហ្វេត (Warren Buffet) រហូតដល់ការិយាល័យគ្រួសារ ដែលនៅជិតបំផុតរបស់អ្នក ឥឡូវនេះបានទុកប្រាក់នៅមួយកន្លែងដោយមិនចំណាយទេ បើទោះបីជាទីផ្សារភាគហ៊ុន មានការកើនឡើងពីប៉ុន្មានឆ្នាំមុនក៏ដោយ។ បុគ្គលមានទ្រព្យសម្បត្ដិទាំងអស់ក៏កំពុងត្រៀមខ្លួនសម្រាប់អ្វី ដែលមនុស្សភាគច្រើនគិតថា ជាការថមថយសេដ្ឋកិច្ចដែលជៀសមិនផុត។

សូម្បីតែធនាគារ JP Morgan (ធនាគារវិនិយោគពហុជាតិ និងសេវាកម្មហិរញ្ញវត្ថុដ៏ធំមួយរបស់អាមេរិក) ក៏និយាយថាលទ្ធភាពនៃការថមថយសេដ្ឋកិច្ចនៅឆ្នាំ២០២០ គឺមានប្រហែលជា៥០ភាគរយ។

យើងគិតថា ប្រទេសល្អបំផុតសម្រាប់ធ្វើការវិនិយោគក្នុងឆ្នាំ២០២០ ជាប្រទេសដែលនឹងត្រូវរងផលប៉ះពាល់តិចបំផុតពីការថមថយសេដ្ឋកិច្ចពិភពលោកនាថ្ងៃអនាគត។

ខាងក្រោមនេះជាបញ្ជីរបស់ប្រទេសទាំង៤ ដែលល្អបំផុតនៅអាស៊ីសម្រាប់ធ្វើការវិនិយោគ ក្នុងឆ្នាំ២០២០។ ប្រទេសទាំងនេះមាននិន្នាការប្រជាសាស្រ្តរឹងមាំ, មិនសូវជាប់ទាក់ទងខ្លាំងនឹងដំណើរការនៃទីផ្សារពិភពលោក, និងមានកត្តាផ្ទៃក្នុងជំរុញកំណើនសេដ្ឋកិច្ចជាច្រើន, និងគួរមានអនាគតភ្លឺស្វាងនៅថ្ងៃខាងមុខ – មិនថាមានអ្វីកើតឡើងនៅកន្លែងផ្សេងនោះទេ។

១.ប្រទេសវៀតណាម

បច្ចុប្បន្នប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងជាប់គាំងនៅក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយមិនមានភាពប្រាកដប្រជាក្នុងការបញ្ចប់សង្រ្គាមនេះបានឡើយ។ ជាការពិតណាស់ ការប៉ះទង្គិចគ្នារវាងមហាអំណាច សេដ្ឋកិច្ចទាំងពីររបស់ពិភពលោកអាចនឹងក្លាយជាមូលហេតុ ដែលនាំឱ្យមានវិបត្តិសេដ្ឋកិច្ចសកលកើតឡើង។ 

ប្រទេសវៀតណាមមិនមានការព្រួយបារម្ភទេ។ វៀតណាមជាមជ្ឈមណ្ឌលផលិតកម្ម ដែលស្ថិតជាប់ព្រំដែនភាគខាងត្បូងរបស់ប្រទេសចិន ប្រាកដជានឹងទទួលផលប្រយោជន៍ជាមិនខាន។

សាជីវកម្មពហុជាតិធំ ៗ រួមទាំងក្រុមហ៊ុន សាមស៊ុង (Samsung) និងក្រុមហ៊ុនរាប់សិបទៀត កំពុងផ្លាស់ប្តូរទីតាំងពីប្រទេសចិន ចូលទៅប្រទេសវៀតណាម ដែលត្រូវបានទាក់ទាញដោយតម្លៃផលិតទាប និងការមិនជាប់ពន្ធ។

ទីតាំងយុទ្ធសាស្ត្ររបស់វៀតណាម ដែលស្ថិតនៅជាប់នឹងប្រទេសចិន និងមានកំពង់ផែសមុទ្រជាច្រើន បានធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរទីតាំងខ្សែចង្វាក់ផ្គត់ផ្គង់ ដែលមានស្រាប់នៅទីនេះផងដែរ។

ទន្ទឹមនឹងនេះ ជាមួយនឹងប្រជាជនជិត១០០លាននាក់ និងការកើនឡើងយ៉ាងលឿននៃសេដ្ឋកិច្ច វណ្ណៈកណ្តាលរបស់ប្រទេសវៀតណាមកំពុងតែកើនឡើងយ៉ាងឆាប់រហ័សដូចប្រទេសចិន កាលពី៣០ឆ្នាំមុនដែរ។

២.ប្រទេសហ្វីលីពីន

ប្រទេសហ្វីលីពីនមានភាពស្រដៀងគ្នាទៅនឹងប្រទេសវៀតណាមជាងបណ្តាប្រទេសដទៃទៀត ដែលមានក្នុងបញ្ជីរបស់យើង។ ប្រទេសទាំងពីរជាប្រទេសធំ មានទីផ្សារ ដែលមានកំណើនខ្ពស់ ហើយមានប្រជាជនប្រហែល៩០លាននាក់ និងកំពុងមានការរីកលូតលាស់នៃប្រជាជនវណ្ណៈកណ្តាល។

ប្រទេសនីមួយៗមានកំណើនសេដ្ឋកិច្ចខ្ពស់ជាង៥ភាគរយ ក្នុងមួយឆ្នាំ បានមួយរយៈពេលហើយ។

ប៉ុន្តែខុសពីប្រទេសវៀតណាម ប្រាក់ប៉េសូ (Peso) របស់ហ្វីលីពីនស្ថិតនៅក្នុងចំណោមរូបិយប័ណ្ ណដែលដំណើរការខ្ពស់ជាងគេនៅអាស៊ី។ ប្រាក់បញ្ញើ ដែលមានកាលកំណត់រយៈពេលមួយឆ្នាំ ជាទូទៅផ្តល់ការប្រាក់ខ្ពស់ជាង៦ភាគរយ ក្នុងមួយឆ្នាំ។ ដូច្នេះ ធនាគារនៅប្រទេសហ្វីលីពីន គឺជាជម្រើសដ៏កាន់តែមានប្រជាប្រិយភាព សម្រាប់អ្នកវិនិយោគ ដែលស្វែងរកប្រាក់ចំណេញពីប្រាក់ ដែលទំនេររបស់ខ្លួន។

៣.ប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ីគឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេដាច់ នៅអាស៊ីអាគ្នេយ៍ដោយមានប្រជាជនចំនួន២៦០លាននាក់ និងមានការកើនឡើងយ៉ាងឆាប់រហ័ស។ អ្នកមិនចាំបាច់មើលកន្លែងផ្សេងទៀតទេ ប្រសិនបើអ្នកចង់វិនិយោគនៅក្នុងទីផ្សារសម្រាប់អ្នកប្រើប្រាស់មួយ ដែលរឹងមាំ និងមួយចំណែកធំ ដែលមិនទាន់ត្រូវបានប្រើប្រាស់។

ទោះបីប្រទេសឥណ្ឌូនេស៊ីមិនមែនជាប្រទេស ដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងបញ្ជីរបស់យើងក៏ដោយ (ឋានៈនេះជារបស់ប្រទេសកម្ពុជា ឬហ្វីលីពីន) ទំហំដ៏ធំសម្បើមរបស់ឥណ្ឌូនេស៊ី អាចប៉ះប៉ូវដល់កំណើន ផលិតក្នុងស្រុកសរុប​​​ (ផ.ស.ស) ប្រចាំឆ្នាំ ដែលមានកម្រិតទាបត្រឹម៥ភាគរយ។ ប្រទេសនេះជាកន្លែង ដែលអ្នកគួរតែវិនិយោគ ប្រសិនបើអ្នកស្ថិតនៅក្នុងវិស័យកម្មន្តសាល ឬផលិតផលប្រើប្រាស់។ 

៤. ប្រទេសកម្ពុជា

ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាំងពីទសវត្សរ៍ទី៨០ ពិតជាអស្ចារ្យណាស់។ បច្ចុប្បន្ន កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ នៅតំបន់អាស៊ី និងស្ថិតនៅក្នុងចំណោមប្រទេស ដែលមានភាពអំណោយផលដល់ធុរកិច្ចជាងគេ នៅក្នុងសាកលលោក។ កម្ពុជាមានការហាមឃាត់តិចតួចបំផុតចំពោះអ្នកវិនិយោគបរទេស។ អ្នកវិនិយោគបរទេសអាចចាប់ផ្តើមធុរកិច្ច និងកាន់កាប់ភាគហ៊ុន១០០ភាគរយ។ ការទិញអចលនទ្រព្យនៅកម្ពុជា ក៏ជាជម្រើសដ៏ល្អមួយដែរ ជាពិសសនៅរាជធានីភ្នំពេញ ដែលតម្លៃអចលនទ្រព្យស្ថិតក្នុងរង្វង់ប្រមាណ ១.០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រក្រឡា។ វាជាតម្លៃ ដែលគេមិនធ្លាប់ឮក្នុងចំណោមទីក្រុង ដែលជារាជធានី ឬរដ្ឋធានី កុំថាឡើយនៅទីកន្លែង ដែលមានអត្រានគរូបនីយកម្មខ្ពស់ដូចនៅប្រទេសកម្ពុជា។ ការស្រាវជ្រាវរបស់យើងបានរកឃើញថា មានទីក្រុង ដែលជារាជធានី និងរដ្ឋធានីចំនួនតែ៨ប៉ុណ្ណោះ ដែលគេអាចទិញអចលនទ្រព្យក្រោមតម្លៃ ១.០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រក្រឡា។

មួយវិញទៀត គេគួរកត់សម្គាល់ថា កម្ពុជាគឺជាប្រទេស ដែលមានអត្រាប្រើប្រាស់ប្រាក់ដុល្លារខ្ពស់ ដោយប្រាក់ដុល្លារត្រូវបានប្រើប្រាស់ស្ទើរតែនៅគ្រប់ប្រតិបត្តិការធំៗ។ យើងគិតថា នេះជាចំណុចវិជ្ជមាននៃការវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងករណី ដែលអ្នកមានប្រាក់ដុល្លារស្រាប់ ព្រោះវាលុបបំបាត់នូវកម្រៃសេវាប្តូរប្រាក់ ដែលតែងតែកើតមាននៅពេលដែលអ្នកទិញទ្រព្យសម្បត្តិនៅអាស៊ី។

ដោយ៖ លោក Reid Kirchenbauer ក្នុងវិបសាយ INVESTASIAN

(ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com