ក្រសួងបរិស្ថានដាក់បញ្ចូលព្រៃលិចទឹកជម្រកសត្វស្លាប បឹងស្នេហ៍ ក្នុងខេត្តព្រៃវែង ជាតំបន់ការពារធម្មជាតិ

(ព្រៃវែង)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចដាក់បញ្ចូលព្រៃជម្រកសត្វស្លាប បឹងស្នេហ៍ ក្នុងខេត្តព្រៃវែង ដើម្បីអភិរក្សប្រភេទជីវៈចម្រុះ ដែលអាចផ្តល់ផលប្រយោជន៍ពីវិស័យទេសចរណ័ធម្មជាតិ ដល់សហគមន៍នៅមូលដ្ឋាន។

សត្វស្លាបទឹករាប់ពាន់ក្បាល រាប់ទាំងប្រភេទសត្វជិតផុតពូជផង ត្រូវបានគេប្រទះឃើញកំពុងតែរស់នៅ និងធ្វើសម្បុកពងកូននៅតំបន់ព្រៃលិចទឹកមួយកន្លែង ដែលអ្នកស្រុកហៅថា បឹងស្នេហ៍ ស្ថិតនៅក្នុងភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្រសួងបរិស្ថានបានគាំទ្រជាឯកឆន្ទតាមសំណើរបស់ប្រជាណលរដ្ឋ ដោយសម្រេចដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីធានាដល់កិច្ចការពារ ការថែរក្សា ធនធានធម្មជាតិតំបន់ដីសើមបឹងស្នេហ៍នេះ ឲ្យនៅគង់វង្ស សម្រាប់ផលប្រយោជន៍ និងកាអភិវឌ្ឍរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសម្រាប់មនុស្សជំនាន់ក្រោយ។

ក្នុងចំណោមសត្វស្លាបទាំងនេះ មួយចំនួន គឺជាប្រភេទសត្វជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច និងជាពិសេសប្រភេទចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល នៅចំណុចទួលពាន់តាឡី នៃតំបន់ដីសើមបឹងស្នេហ៍នេះ។

ដោយសារតម្លៃសេដ្ឋកិច្ច និងតម្លៃជីវៈចម្រុះ ប្រជាសហគមន៍ បានស្នើទៅក្រសួងបរិស្ថាន ឲ្យដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងនិរន្តភាពធនធាននៅលើតំបន់ដីសើមនេះ៕

SWIFT NEWS ផាន់ អាណា

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com