ទំនាស់ដ៏រ៉ាំរ៉ៃលើការរៀបចំសណ្តាប់ធ្នាប់ផ្សារអូរឬស្សី ក្រុងក្រចេះ ត្រូវបានដោះស្រាយបញ្ចប់១០០ភាគរយ

(ក្រចេះ)៖ ដើម្បីលើកកម្ពស់សោភ័ណភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានល្អ និងបង្កលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងផ្សារអូឬស្សី ដែលមានទីតាំងក្នុងសង្កាត់អូឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ រដ្ឋបានបាលខេត្តបានខិតខំដោះស្រាយនូវរាល់បញ្ហា ក៏ដូចជាទំនាស់របស់បងប្អូនអាជីវករលក់ដូរទៅតាមនីតិវិធីនិងប្រកបដោយតម្លាភាព សមភាព និងប្រសិទ្ធភាព ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ ក្រុមការងារអនុគណៈកម្មការត្រួតពិនិត្យការអនុវត្តសៀវភៅបន្ទុក និងកិច្ចសន្យា ការដាក់វិនិយោគទុននិងម៉ៅការភាស៊ីគ្រប់ប្រភេទ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដឹកនាំដោយលោក ទុយ ប៊ុនសេរីរត័្នមុនី អភិបាលរងខេត្ត ចុះអនុវត្តន៍នូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តលេខ ០៩២/១៩ សជណ ចុះថ្ងៃទី ៣ ធ្នូ ២០១៩ ដោយតម្រូវឲ្យអាជីវករជាម្ចាស់តូប ត្រូវធ្វើការរុះរើតូបចាស់ចេញ រួមនិងសម្ភារៈចេញជាបណ្តោះអាសន្នដែលលក់នៅលើចំណីផ្លូវ ក្នុងរយៈពេល ១០ ថ្ងៃ ជាក់ស្តែងពេលនេះឃើញថា អាជីវករបានចូលរួមទទួលយកតាមការដោះស្រាយពីអាជ្ញាធរខេត្តដើម្បីបញ្ចប់ទំនាស់ និងដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានល្អ និងបង្កលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងផ្សារអូឬស្សី។

លោកទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្តក្រចេះបានលើកឡើងថា ចំពោះគោលការណ៍អនុវត្តនៅចំពោះមុខនេះ យើងនឹងធ្វើការពិចារណាបន្ថែម ក្នុងគោលការណ៍របស់ឯកឧត្តមអភិបាលខេត្ត ថាតើយើងត្រូវប្រើវិធានការបែបណាដើម្បីចៀសវាងនូវផលប៉ះពាល់ទាំងឡាយណា ដែលធ្វើអោយបាត់បង់ទ្រព្យសម្បត្តិបងប្អូន និងបញ្ជៀសឲ្យកាន់តែតូច បញ្ជៀសឲ្យកាន់តែតិច ឲ្យចំណេញទាំងសងខាងទទួលបាននូវការយល់ព្រមទាំងអស់គ្នា ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏អាជ្ញាធរនៅតែប្រកាន់ខ្ជាប់នូវផ្លូវច្បាប់ជានិច្ច ដែលគោលការណ៍និងជាបន្ទាត់សម្រាប់ការអភិវឌ្ឍន៍ ។

តាមការបញ្ជាក់ពីលោកអភិបាលរងខេត្តរូបនេះដដែលបញ្ជាក់ទៀតថា ក្រោយពីការដឹកនាំប្រជុំអស់រយៈពេលប្រហែលជាង៣ម៉ោងនៅសាលាក្រុងក្រចេះ ឃើញថា បងប្អូនអាជីវករចំនួន៣នាក់មានការចូលរួមជាមួយនឹងការដោះស្រាយរបស់អាជ្ញាធរ គឺបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។ដោយឡែកអាជីវករម្នាក់ទៀតគាត់មិនព្រមទទួលយកជាដាច់ខាត់នៅក្នុងអង្គប្រជុំនៅសាលាក្រុងនោះ ។

នៅឱកាសនោះលោក ទុយ ប៊ុនសេរីរត្ន័មុនី បានព្យាយាមជាមួយភាគីពាក់ព័ន្ធ័ក្នុងការបញ្ចុះបញ្ចូលសម្រួល ទើបអាជីករមួយរូបនោះយល់ព្រមទទួលយកដំដោះស្រាយរបស់អាជ្ញាធរ និងស្មគ័្រចិត្តរុះរើដោយខ្លួនឯងគ្មានការបង្ខិតបង្ខំ។

ក្នុងនាមអភិបាលខេត្តក្រចេះ លោកទុយ ប៊ុនសេរីរត្ន័មុនី ក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋអាជីវករទាំងអស់ដែលចូលរួមសហការ និងការដោះស្រាយរបស់រាជរដ្ឋាភិបាល។

ស្របគ្នានេះ ប្រជាពលរដ្ឋ រួមទាំងអាជីវករលក់ដូរក្នុងផ្សារអូរឬស្សី ស្ថិតក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ បានលើកឡើងថា បញ្ហាផ្សារនេះគឹមានវិវាទដីធ្លី រ៉ាំរ៉ៃ យូឆ្នាំមកហើយ តែពេលនេះត្រូវបានបញ្ចប់ ដោយហេតុផលសមស្រប មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋរាប់រយគ្រួសារ ក៏សូមលើកទឹកចិត្តដល់អាជ្ញាធរដែលបានខិតខំប្រឹងប្រែងបញ្ចប់រឿងនេះ ហើយផ្សារនេះនិងមានសោភ័ណ្ឌភាពល្អ អនាម័យ បរិស្ថានល្អ សណ្ដាប់ធ្នាប់ក៏ល្អប្រសើរ មិនរញ៉េរញ៉ៃ ហើយនិងអាចរៀបចំ កន្លែងចតរថយន្តនិងម៉ូតូ បានយ៉ាងល្អប្រសើរ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង