អភិបាលខេត្តកំពតប្រាប់ឱ្យកសិករផ្លាស់ប្តូរពីការធ្វើស្រូវ មកដាំបន្លែឬដំណាំផ្សេងៗកំលុងពេលក្វះខាតទឹក

(កំពត)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមអភិបាលខេត្តកំពត បានដឹកនាំ និងមន្ទីរអង្គភាពជំនាញខេត្ត អាជ្ញាធរមូលដ្ឋាន ក្នុងស្រុកបន្ទាយមាស ចុះពិនិត្យការបូមទឹកស្រោចស្រពស្រែប្រាំង ស្ថិតក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ដែលអាចនឹងប្រឈមនឹងគ្រោះរាំងស្ងួតលើផ្ទៃដីស្រូវ៥១៥ហិកតា។

ក្នុងឱកាសជួបជាមួយប្រជាកសិករមកពីភូមិដូនទាវ និងភូមិអង្គុញ ឃុំត្នោតចុងស្រង់ប្រមាណជាង១០០នាក់ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ជាដំណោះស្រាយក្នុងការកាត់បន្ថយក្តីលំបាក និងបង្កើនប្រាក់ចំណូល បងប្អូនប្រជាកសិករគួរផ្លាស់ប្តូរពីការធ្វើស្រូវមកដាំបន្លែ ឬដំណាំផ្សេងៗវិញ។ លើសពីនេះ បងប្អូនត្រូវរួមគ្នារក្សាទឹកដើម្បីប្រើប្រាស់បានរយៈពេលយូរព្រោះកង្វះខាតទឹកអាចអូសបន្លាយរហូតដល់ខែឧសភា ឬខែមិថុនាខាងមុខឯណោះ។

បន្ទាប់ពីបញ្ចប់ការសំណេះសំណាលជាមួយប្រជាកសិករ ឯកឧត្តម ជាវ តាយ ក៏បានដឹកនាំក្រុមការងារបន្តដំណើរទៅកាន់ផែទូកព្រែកអន្សា ស្ថិតក្នុងឃុំព្រៃទន្លេ ដើម្បីសិក្សាតម្លៃស្រូវ និងរិះរកទីផ្សារជូនកសិករ។

សូមបញ្ជាក់ថា ក្នុងដំណើរជួបជាមួយកសិករ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ និងកម្មករផែស្រូវព្រែកអន្សារ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានផ្តល់ថវិកាជូនគ្រប់ៗគ្នាជាសរុបអស់ចំនួន៣.៥០០.០០០រៀល៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង