មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ មានអគារថ្មីផ្នែកសម្ភព និងសង្គ្រោះបន្ទាន់ ដើម្បីផ្តល់សេវាសុខភាពដល់ប្រជាជន កាន់តែល្អ

(កំពង់ចាម)៖  អគារផ្នែកសម្ភពសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ  ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងសុខាភិបាល។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារផ្នែកសម្ភពសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់នាពលេនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានចាត់ទុកថា អគារនេះ គឺជារបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដូច្នេះត្រូវចូលរួមចំណែកថែរក្សា និងផ្តល់មតិកែលម្អ និងត្រូវចូលរួមប្រើប្រាស់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពឲ្យបានច្រើនដោយមិនប្រកាន់បក្ខពួក និន្នាការនយោបាយ ឬពូជសាសន៍ឡើយ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមផ្សេព្វផ្សាយ បំផុសឲ្យប្រជាពលរដ្ឋមកទទួកសេវសុខាភិបាលឲ្យបានគ្រប់ៗគ្នា។ 

ចំណែកមន្ត្រីសុខាភិបាលនៅមូលដ្ឋានទាំងអស់ត្រូវចេះសាមគ្គីគ្នា ពង្រឹងស្មារតីទទួលខុសត្រូវឲ្យបានច្បាស់លាស់ក្នុងការអនុវត្តន៍ការងាររៀងៗខ្លួន ចំណុចប្រសើរបំផុត ត្រូវជៀសវាងកុំឲ្យមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពបិទទ្វារគ្មានអ្នកប្រចាំការ។

ចំណែកឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍បញ្ជាក់ថា ក្រោយពីដាក់សម្ពោធឲ្យប្រើប្រាស់នូវអគារផ្នែកសម្ភពសង្គ្រោះបន្ទាន់នេះ គឺប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងត្រង់ ជាពិសេសជាស្ត្រីនៅទីនេះ នឹងចូលមកទទួលសេវាផ្នែកសុខភាពស្ត្រី និងសម្រាលកូនបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ជាយថាហេតុ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍បញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ គឺបានអភិវឌ្ឍន៍គ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល បានរីកចម្រើនដុះដាលដល់ទីប្រជុំជនធំៗ រហូតដល់ទីជនបទដាច់ស្រយាលធ្វើឲ្យប្រជាជនគ្រប់ជាន់ថ្នាក់អាចទទួលបាននូវសេវាសុខាភិបាលនៅគ្រប់ទីកន្លែង៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង