ឯកឧត្តម ថោង ខុន ៖ ទេសចរជប៉ុននៅតែជាប្រភពទីផ្សារមួយដ៏សំខាន់សម្រាប់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាថ្លែងថា ជប៉ុននៅតែជាប្រភពទីផ្សារមួយដ៏សំខាន់សម្រាប់កម្ពុជា ព្រោះកន្លងមកប៉ុន្មាន ឆ្នាំចុងក្រោយនេះ ជប៉ុនតែងឈរនៅលំដាប់លេខ៧ក្នុងចំណោមទីផ្សារសំខាន់ៗទាំង១០របស់ប្រទេសកម្ពុជា។

ឯកឧត្តម ថោង ខុនបានលើកឡើងបែបនេះ ក្នុងពិធីបើក Japan Travel Fair លើកទី៣ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅផ្សារទំនើប AEON សែនសុខ ដែលមានការអញ្ជេីញចូលរួមពីសំណាក់ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំប្រទេសកម្ពុជាលោក Mikami Masahiro ផងនោះដែរ។

ឯកឧត្តម ថោង ខុន បានថ្លែងនៅក្នុងពិធីថា ទេសចរជប៉ុននៅតែជាប្រភពទីផ្សារមួយដ៏សំខាន់សម្រាប់កម្ពុជា។កន្លងមកប៉ុន្មានឆ្នាំចុងក្រោយនេះជប៉ុនតែងឈរនៅ លំដាប់លេខ៧ក្នុងចំណោមទីផ្សារសំខាន់ៗទាំង១០របស់ប្រទេសកម្ពុជា។ ជាក់ស្តែង កាលពីឆ្នាំ ២០១៨ យើងទទួលបានទេសចរជប៉ុនជាង ២១ម៉ឺននាក់(កើនឡើង ៣.៥%) ក្នុងចំណោមទេសចរអន្តរជាតិសរុបជាង៦លាននាក់ ហើយនៅ៩ខែ ដើមឆ្នាំ២០១៨នេះទេសចរអន្តរជាតិមកទស្សនាកម្ពុជាជាង៤.៨លាននាក់(+១០%)ក្នុងនោះទេសចរជប៉ុនមានជិត ១៥ម៉ឺននាក់ ជាមួយនឹងកំណើន ២.៨% ធៀបនឹងឆ្នាំ២០១៨។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ដេីម្បីសម្រេចបាននូវកំណេីនប្រចាំឆ្នាំដ៏ល្អនៃការមកដល់របស់ចំនួនទេសចរអន្តរជាតិ គឺអាស្រ័យដោយមានមូលដ្ឋានកំណត់ជាយុទ្ធសាស្ត្រច្បាស់លាស់របស់ រាជរដ្ឋាភិបាល កម្ពុជាដូចជាការអនុវត្តគោលនយោបាយបើកចំហជើងមេឃនិងការសម្រួលការធ្វើដំណើររវាងប្រភពទីផ្សារសំខាន់ៗ ពិសេសរវាងកម្ពុជា-ជប៉ុន üommignu ĝümi On Arrival, E-Visa, Multiple Visa,ចូលច្រើនដង សម្រាប់រយៈពេល១ឆ្នាំ ២ឆ្នាំ និង៣ឆ្នាំ (ចាប់អនុវត្តតាំងពី២០១៣)។

ឯកឧត្តម ថោង ខុន ថា ពិពរ័ណទេសចរណ៍ជប៉ុនលើកទី៣ ដែលកំពុងប្រារព្ធឡើងនេះ មិនត្រឹមតែជួយផ្សព្វផ្សាយ និង ជំរុញទេសចរណ៍រវាងកម្ពុជា និងជប៉ុនប៉ុណ្ណោះទេ តែថែមទាំងបានឆ្លុះបញ្ចាំងនូវសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសមិត្តយើងទាំងពីរដែលមាន ប្រវត្តិទំនាក់ទំនងល្អនឹងគ្នាដ៏យូរលង់មកហើយ ជាអាទិ៍ ជប៉ុនជាដៃគូអភិវឌ្ឍ
និងពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ ប្រទេស ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងពិធីបើក ពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០១៩នោះថា លោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរៀបចំពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី៣នេះ បន្តពីឆ្នាំមុន។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនថ្លែងថាលោកបានមកប្រទេសកម្ពុជាក្នុងនាមជាឯកអគ្គរាជទូតនេះ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានរយៈពេល៣ខែហើយ។ លោកថា លោកក៏ធ្លាប់បានមកទស្សនកិច្ចនៅទីក្រុងភ្នំពេញកាលពី ១៧ ឆ្នាំមុនផងដែរ ប៉ុន្តែទេសភាពរបស់ទីក្រុងភ្នំពេញបច្ចុប្បន្នគឺខុសគ្នាឆ្ងាយពីពេលនោះ ខ្លាំងណាស់ ដែលនាំអោយលោកមានការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះការអភិវឌ្ឍ សេដ្ឋកិច្ចគួរឲ្យកត់សម្គាល់របស់ប្រទេស កម្ពុជា។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងទៀតថា
ក្រោមការអភិវឌ្ឍសេដ្ឋកិច្ចនេះ ប្រជាជនកម្ពុជា បាននិងកំពុង ទៅទស្សនាប្រទេសជប៉ុនកាន់តែច្រើនជាងពេលមុន។ជាពិសេសប្រជាជនកម្ពុជាជាច្រើនទៅកម្សាន្តនៅប្រទេស ជប៉ុនក្នុងរដូវផ្កាសាគូរ៉ា។
លោកថាប្រទេសជប៉ុនមាន៤រដូវគឺ និទាឃរដូវ រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ។ក្នុងខែមីនា និងមេសា ដែលជារដូវផ្កាសាគូរ៉ាឆ្នាំនេះ ប្រជាជនកម្ពុជាប្រមាណ ៨០០០នាក់បានទៅទស្សនាប្រទេសជប៉ុន កើនឡើងចំនួន៣៦% បើប្រៀបធៀបនឹងរយៈ
ពេលដូចគ្នានៃឆ្នាំកន្លងទៅ។

គួរបញ្ជាក់ថា ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៨ មិត្តជប៉ុនបានផ្តល់ហិរញ្ញប្បទានប្រមាណជាង ២,៨ពាន់លានដុល្លាស្មើនឹងប្រមាណ១៥% នៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ចូលរួមអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកម្ពុជា។ ក្នុងក្របខណ្ឌពាណិជ្ជកម្មរយៈពេល២៥ឆ្នាំចុងក្រោយ ទំហំវិនិយោគទុន ជប៉ុននៅកម្ពុជាបានកើនឡើងដល់ចំនួនជាង២,៥ពាន់លាន ដុល្លាស្មើនឹង១៣៧គម្រោង ហើយបច្ចុប្បន្នកម្ពុជាមានពាណិជ្ជករ ជប៉ុនរហូតដល់ ១,៧០០នាក់។ លើសពីនេះ ពិពរ័ណទេសចរណ៍ជប៉ុននៅកម្ពុជានេះ ក៏បានផ្តល់សារដ៏សំខាន់ដល់ប្រទេសដទៃឲ្យឃើញពីចំណងមិត្តភាពដំរីងមាំ និងការជឿជាក់របស់វិនិយោគិនជប៉ុនមកលើទឹកដីព្រះរាជាណាចក្រអច្ឆរិយៈផងដែរ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង