ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលចែកផ្ទះជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅតំបន់ចុងកាល់

(ឧត្តមានជ័យ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសំណេះសំណាលចែកផ្ទះជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹកតេជោអភិវឌ្ឍន៍ នៅតំបន់សម្បទានដីសង្គមកិច្ច ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ, ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងពិធីសំណេះសំណាលនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តឧត្តរមានជ័យ ដែលក្នុងរយៈកាលកន្លងមកនេះបានខិតខំសម្រេចបាននូវស្នាដៃ និងសមិទ្ធិផលជាច្រើន ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការងារអតីតយុទ្ធជន ដោយបានជំរុញការបម្រើសេវាឧបត្ថម្ភគាំទ្រឱ្យកាន់តែកៀកជិតអ៊ំពូមីងអតីតយុទ្ធជនតាមរយៈយន្តការថ្នាក់ជាតិ ខេត្ត និងស្រុក ក្នុងនោះរួមមានការងារបេឡាមរណៈ និងការប្រគល់សម្បទានដីសង្គមកិច្ច និងសាងសង់ផ្ទះ ចែកជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះសម្បែង ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត បម្រើឱ្យជីវភាពរស់នៅសមរម្យរបស់អ៊ំពូមីងអតីតយុទ្ធជន និងគ្រួសារ។

មេបញ្ជាការកងទ័ពជើងគោកបន្តថា រាជរដ្ឋាភិបាលតែងបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងតាំងចិត្តជាប់ជានិច្ចក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អ៊ំពូមីងអតីតយុទ្ធជន តាមរយៈការអនុវត្តនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ដូចជាការកែសម្រួលដំឡើងជាបន្តបន្ទាប់នូវប្រាក់របបគោលនយោបាយឱ្យស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការដំឡើងប្រាក់បៀវត្សរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ, ការផ្តល់សេវាថែទាំសុខភាពសម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់នៅតាមមន្ទីរពេទ្យសាធារណៈ និងមន្ទីរពេទ្យឯកជន តាមរយៈ ប.ស.ស, ការកំណត់យកថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំ ជា “ទិវាអតីតយុទ្ធជនកម្ពុជា” ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងការផ្តល់សម្បទានដីសង្គមកិច្ច និងសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលត្រូវបានធ្វើជាជំហានបន្តបន្ទាប់ តាំងពីដើមរៀងមក និងក្នុងពេលបច្ចុប្បន្ន ព្រមទាំងតតទៅអនាគតផងដែរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ការគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខរបស់អ៊ំពូមីងអតីតយុទ្ធជន គឺជាការបញ្ជាក់អំពីភាពកត្តញ្ញូដឹងគុណ ចំពោះចូលរួមចំណែកយ៉ាងសកម្មរបស់អ៊ំពូមីងក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ, ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឱ្យប្រជាជនរស់ក្នុងសេចក្តីសុខសាន្ត ដូចសព្វថ្ងៃនេះ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចនឹងនៅតែបន្តជួយដល់អ៊ំពូមីងអតីតយុទ្ធជន, នឹងនៅតែបន្តកសាងប្រទេស ហើយសូមអ៊ំពូមីងជួយណែនាំអប់រំកូនចៅឱ្យយល់ពីតម្លៃនៃសន្តិភាព ដោយយើងត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាសន្តិភាពជូនប្រទេសជាតិយើង។ ក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាព និងស្ថិរភាព អ្វីៗមានលំនឹង មានមូលដ្ឋានរឹងមាំ អ៊ំពូមីងអាចប្រើប្រាស់ទីកន្លែងនេះ ក្នុងពេលនេះ ដើម្បីចាប់ផ្តើមកសាងអនាគតប្រកបដោយភាពសុទិដ្ឋិនិយម សម្រាប់អនាគតកូនចៅតទៅមុខ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង