គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ឲ្យអនុវត្ត កម្មវិធីប្រឹក្សាច្បាប់តាមទូរស័ព្ទដោយឥតគិតថ្លៃ
(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានឯកឧត្តម កែវ រ៉េមី ជាប្រធាន បានរៀបចំ និងដាក់ឲ្យអនុវត្ត កម្មវិធីប្រឹក្សាច្បាប់តាមទូរស័ព្ទដោយឥតគិតថ្លៃ។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលដៅលើកស្ទួយសិទ្ធិទទួលបានយុត្តិធម៌របស់ពលរដ្ឋ សម្រួលការលំបាករបស់ពលរដ្ឋ និងជាពិសេសបង្ខិតសេវាប្រឹក្សាច្បាប់ ទៅដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ តាមរយៈប្រព័ន្ធទូរស័ព្ទ ដោយមិនចាំបាច់ធ្វើដំណើរមកទទួលសេវាច្បាប់ ដោយផ្ទាល់នៅការិយាល័យរាជធានីភ្នំពេញទៀតទេ។
សេចក្តីប្រកាស បង្ហាញថា កម្មវិធីប្រឹក្សាច្បាប់តាមទូរស័ព្ទដោយឥតគិតថ្លៃ មានក្រុមមេធាវីសិទ្ធិមនុស្សរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រចាំការជារៀងរាល់ថ្ងៃ ក្នុងការទទួលទូរស័ព្ទ និងឆ្លើយតបទៅនឹងចម្ងល់ និងក្តីកង្វល់ផ្សេងៗ របស់សាធារណជនពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ តាមកម្មវិធី និងលេខទូរស័ព្ទ ដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្តល់ជូន។
តារាងឈ្មោះ លេខទូរស័ព្ទរបស់មេធាវី ដែលរង់ចាំផ្តល់ប្រឹក្សាច្បាប់តាមទូរស័ព្ទ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបែងចែកមេធាវី ៥រូប ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ រីឯនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានមេធាវី ៦រូប ក្នុង១ថ្ងៃ រង់ចាំផ្តល់ប្រឹក្សាច្បាប់ជូនប្រជាពលរដ្ឋ៕

