សម្ដេចប្រធានរដ្ឋសភាចាត់ទុកសហភាពអឺរ៉ុបជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា

(ភ្នំពេញ)៖ នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី៣ខែធ្នូនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា បានអនុញ្ញាតឲ្យលោកស្រី ខាមិន មូរីណូ  ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចំានៅកម្ពុជាចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ។

បន្ទាប់ពីចប់ជំនួបពិភាក្សាលោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋ សភា មានប្រសាសន៏ឲ្យដឹងថា លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានជម្រាបជូនសម្ដេចអគ្គមហាពញាចក្រីហេងសំរិនថា សហ ភាពអឺរ៉ុប និងកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាយ៉ាងច្រើន។ នៅក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះសហភាពអឺរ៉ុបបានអនុវត្តគម្រោងសំខាន់សំខាន់ជាច្រើនក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។

នៅក្នុងជំនួបពិភាក្សានោះដែរលោកស្រីឯកអគ្គរដ្ឋទូតសហ ភាពអឺរ៉ុបបានជម្រាបជូនសម្ដេចអគ្គមហាពញាចក្រីហេងសំរិនថាលោកជំទាវនឹងខិតខំធ្វើយ៉ាងណាអោយប្រទេសកម្ពុជាបន្តទទួលបាននូវភាពអនុគ្រោះពន្ធEBAសហភាពអឺរ៉ុបក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោកស្រីបានលើកឡើងទៀតថា សភាកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតច្បាប់និងការតាមដានការអនុវត្តច្បាប់សហ ភាពអរ៉ុបបានធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាទៅលើវិស័យសំខាន់ៗមួយចំនួនរួមមានសុខាភិបាល អភិវឌ្ឍន៍ជនបទ បណ្ដុះបណ្ដាលធនធានមនុស្ស លទ្ធិប្រជាធិបតេយ្យនិងមានកិច្ចសហប្រតិបត្តិការលើការពង្រឹងវិស័យច្បាប់ជាមួយ នឹងស្ថាប័ននីតិបញ្ញត្តិរដ្ឋសភានៅកម្ពុជាផងដែរ។

នៅក្នុងឱកាសនោះសម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រសាសន៏បញ្ជាក់ថា កម្ពុជា និងសហភាពអឺរ៉ុបមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា អស់រយៈពេលជាង២៥ ឆ្នាំមកហើយ។  តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ សហភាពអឺរ៉ុបបានក្លាយជាដៃគូអភិវឌ្ឍដ៏សំខាន់ របស់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍ និងនំាមកនូវវិបុលភាពសម្រាប់ប្រជាជនកម្ពុជា។

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៏បញ្ជាក់ទៀតថា បេសកកម្មការទូតថ្មីរបស់លោកស្រី នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លំាងណាស់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់តែរឹងមំានិងរីកចំរើនថែមទៀត។

នៅក្នុងជំនួបទ្វេភាគីនោះដែរសម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍ របស់លោកស្រី ដែលបានបំពេញបេសកកម្មកាតទូតនៅកម្ពុជា ។ កម្ពុជា-សហភាពអឺរ៉ុប មានកាតព្វកិច្ចដ៏សំខាន់ក្នុងការរួមគ្នាកសាង នូវភាពសុខដុម រមនា និងភាពសំបូររុងរឿង ដល់ប្រជាជនទាំង សងខាង មិន តែប៉ុណ្ណោះមិត្តភាពនេះ ជាកំលាំងចលកររួមចំណែក ដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និង សកល លោកផងដែរ ។  

សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានបញ្ជាក់ទៀតថាក្នុង នាមរដ្ឋសភាសម្តេច សូមកោតសរសើរអតីតឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបមុនៗ ដែលបានបំពេញតួនាទី នូវកិច្ចសហប្រតិបត្តិការដ៏សកម្មជាមួយកម្ពុជា។

ចាប់តំាងពីឆ្នំា១៩៩២មក សហភាពអឺរ៉ុបបានផ្តល់មូលនិធិជួយលើគម្រោងរាប់រយផ្តោតលើបញ្ហាសេដ្ឋកិច្ច សង្គម អប់រំ

សុខាភិបាល កសិកម្ម និងជាពិសេសហេដ្ឋារចនាសម្ព័ន្ធ។

ជាមួយគ្នានេះដែរសម្តេចប្រធានរដ្ឋសភាសង្ឃឹមថា ក្នុងអាណត្តិការទូតរបស់ដ៏ឧត្តុង្គឧត្តមនេះលោកស្រីនឹងបន្តថែរក្សានូវ មរតកដ៏ប្រពៃនេះ  ជាពិសេស ពុះពារការថែរក្សាអោយបាន កិច្ចសហប្រតិបត្តិការល្អ ដើម្បីជាឧត្តមប្រយោជន៍ ដល់ ប្រជាជនប្រទេសសមាជិកសហភាពអឺរ៉ុប ផង និង ជាពិសេសដល់ប្រជាជនកម្ពុជា។

សម្តេចប្រធានរដ្ឋសភាសង្ឃឹមថាលោកស្រី នឹងបានស្វែងយល់ពីស្ថានភាព ពិតនៅកម្ពុជា ពិសេសគឺ ការរក្សាបាននូវស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូល នាំមកនូវការអភិវឌ្ឍន៍រីកចម្រើន ជាបន្តបន្ទាប់របស់ កម្ពុជា ដែលផ្ទុយពីការបំពងសម្លេងពីមជ្ឈដា្ននខាងក្រៅ ដើម្បីកេងចំណេញផលប្រយោជន៍ នយោបាយ ។

សម្តេចអគ្គមហាពញាចក្រីហេងសំរិន បានលើកឡើងទៀតថា រដ្ឋសភាកម្ពុជា សូមគាំទ្រ និងបេ្តជ្ញាធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីឲ្យបេសកកម្មការទូតរបស់លោកស្រីប្រចាំនៅកម្ពុជាទទួលបានជោគជ័យ។  

ជាមួយគ្នានោះដែររដ្ឋសភាកម្ពុជា សូមអរគុណសហគមន៍អឺរ៉ុប ដែល បានគាំទ្រការអភិវឌ្ឍន៍ប្រទេសកម្ពុជាលើវិស័យជាច្រើន   ដូចជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធមនុស្ស អប់រំ សុខាភិបាល កសិកម្ម និង វិស័យអភិបាលកិច្ច ការគ្រប់គ្រង និង ជាពិសេសនយោបាយអនុគ្រោះពន្ធដល់កម្ពុជាដែលធ្វើឲ្យមានកំណើនពាណិជ្ជកម្មនាំចេញពីកម្ពុជា និងនាំចូលពីសហភាពអឺរ៉ុបជាបន្តបន្ទាប់៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង