ការស៊ើបអង្កេតត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែកក្បែរវិមានប្រធានាធិបតី ឥណ្ឌូណេស៊ី

(ឥណ្ឌូណេស៊ី)៖ ប៉ូលិសឥណ្ឌូណេស៊ីបាននិយាយថា ការផ្ទុះមួយដែលចេញមកពីគ្រាប់បែកផ្សែងមួយគ្រាប់នៅក្បែរវិមានប្រធានាធិបតីក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌូណេស៊ីបានធ្វើឲ្យទាហាន២នាក់រងរបួស។

ស្នងការប៉ូលិសរដ្ឋធានីហ្សាការតាបាននិយាយថាហេតុការណ៍ផ្ទុះបានកើតឡើងនៅថ្ងៃអង្គារនេះនៅក្នុងឧទ្យានជាតិនៅពេលទាហាន២នាក់ដែលកំពុងហាត់ប្រាណនៅទីនោះបានប្រទះឃើញគ្រាប់បែកផ្សែងមួយគ្រាប់នៅលើដីនិងបានផ្ទុះនៅពេលទាហានទាំង២នាក់រើសគ្រាប់បែកនោះ។

ស្នងការប៉ូលិសរដ្ឋធានីហ្សាការតាបានបញ្ជាក់ថាទាហានទាំង២នាក់ដែលរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនិងស្ថិតក្នុងស្ថានភាពនឹងនរទេ។

ការស៊ើបអង្កេតទៅក្នុងករណីផ្ទុះនេះត្រូវបានធ្វើឡើងរួមទាំងលទ្ធភាពដែលថាគ្រាប់បែកផ្សែងនេះប្រហែលជាជ្រុះពីប៉ូលិសឬទាហានដោយចៃដន្យដោយសារថាប៉ូលិសនិងទាហានរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅក្បែរឧទ្យាននោះកាលពីថ្ងៃចន្ទដើម្បីការពារសុវត្ថិភាពការដើរក្បួនដ៏ធំមួយដែលរៀបចំដោយពលរដ្ឋមូស្លីមរាប់ម៉ឺននាក់។

ទន្ទឹមនឹងគ្នានោះដែរ គេក៏មិនទាន់ដឹងច្បាស់ថាតើការផ្ទុះនេះគឺជាការវាយប្រហារពាក់ព័ន្ធនឹងនិកាយសាសនាឬយ៉ាងណានោះទេ ប៉ុន្តែប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសមានពលរដ្ឋមូស្លីមរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោកនោះបានពើបប្រទះនឹងការងើបឡើងវិញនៃក្រុមសកម្មប្រយុទ្ធក្នុងស្រុកនាប៉ុន្មានឆ្នាំថ្មីចុងក្រោយនេះ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង