កម្ពុជា ត្រូវបានចាត់ទុកជាបិតាស្ថាបនិកនៃអង្គការប្រើប្រាស់ភាសាបារាំង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យ លោកជំទាវ ល្វី ម៉ូស៊ី គីវ៉ាបូ (Louise Mushi Kiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិ ប្រើប្រាស់ភាសាបារាំង ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោកជំទាវ ល្វី បានមានប្រសាសន៍ថា កម្ពុជាពិតជាមានសកម្មភាពយ៉ាងសកម្មជាទីបំផុត ក្នុងនាមជាបិតាស្ថាបនិក នៃអង្គការប្រើប្រាស់ភាសាបារាំងនេះ។ ក្នុងន័យនេះ លោកជំទាវ សូមគោរពថ្លែងអំណរគុណ ហើយក៏បានស្នើសុំធ្វើយ៉ាងណាឲ្យកម្ពុជាមានសកម្មភាព កាន់តែខ្លាំងឡើងថែមទៀត។លោកជំទាវ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ ចូលរួមក្នុងកិច្ចប្រជុំបណ្តាប្រទេស ប្រើប្រាស់ភាសាបារាំងនៅពេលនេះ គឺដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិ ប្រើប្រាស់ភាសាបារាំង ឲ្យមានកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងឡើងថែមទៀត ហើយនិងជំរុញ នូវគម្រោងទាំងឡាយ ឲ្យមានភាពជាក់លាក់ ហើយក៏ស្នើឲ្យកម្ពុជា ចូលអនុវត្តគម្រោង ដែលមានភាពជាក់លាក់នោះផងដែរ រួមមានទី១. ការលើកស្ទួយការបង្រៀនភាសាបារាំង, ទី២.ការលើកស្ទួយពាណិជ្ជកម្ម រវាងប្រទេសនិយាយភាសាបារាំង និងទី៣.គឺដើម្បីរៀបចំ នូវខួបទី៥០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិ ប្រើប្រាស់ភាសាបារាំងនេះ ដែលក្នុងនោះ នៅខែមីនាខាងមុខ នឹងមានការរៀបចំខួបទី៥០ឆ្នាំនេះ នៅខែធ្នូ ឆ្នាំ២០២០ នឹងមានកិច្ចប្រជុំកំពូលមួយផងដែរ។
លោកជំទាវ ល្វី ក៏បានសម្ដែងនូវការអបអរ ជូនដល់កម្ពុជា បានប្រែក្លាយពីប្រទេសមួយ ដែលធ្លាប់ទទួលអង្គការសហប្រជាជាតិ មកជួយទៅជាប្រទេសមួយ ដែលបញ្ជូនទ័ពទៅជួយ ក្នុងក្របខណ្ឌក្រោមឆ័ត្រ អង្គការសហប្រជាជាតិឡើងវិញ។ ជាមួយនោះដែរ លោកជំទាវ ក៏បានលើកទឹកចិត្តជាថ្មីម្ដងទៀត ឲ្យកម្ពុជាចូលរួមកាន់តែខ្លាំងឡើងថែមទៀត ក្នុងកិច្ចប្រតិបត្តិការ ថែរក្សាសន្តិភាព ក្រោមឆ័ត្រ អង្គការសហប្រជាជាតិ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា កម្ពុជាក្នុងនាមជាស្ថាបនិកមួយ នៃការបង្កើតអង្គការអន្តរជាតិ ប្រើប្រាស់ភាសាបារាំងនេះ នឹងបន្តធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុងក្របខ័ណ្ឌអង្គការនេះ ហើយកម្ពុជាក៏នឹងចូលរួម រៀបចំខួប៥០ឆ្នាំ របស់អង្គការអន្តរជាតិ ប្រើប្រាស់ភាសាបារាំងនេះ តាមគោលការណ៍ និងតាមការរៀបចំឡើង របស់អង្គការនេះ ហើយក៏នឹងអាចរៀបចំឲ្យនិស្សិតកម្ពុជា ដែលរៀនភាសាបារាំង នៅប្រទេសបារាំង រៀបចំសកម្មភាពផ្សេងៗ ដើម្បីចូលរួមអបអរ នៅក្នុងខួប៥០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិ ប្រើប្រាស់ភាសាបារាំងនេះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះកិច្ចសហការ រវាងបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងនេះ គប្បីណាពិនិត្យជាក់លាក់ លើគម្រោងមួយចំនួន ដែលអាចធ្វើទៅបាន។ ទស្សនៈរបស់សម្ដេច ធ្វើយ៉ាងណាលើកស្ទួយ ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង ព្រោះថាទំនាក់ទំនងនយោបាយ គឺចាប់ផ្ដើមឡើងពីទំនាក់ទំនងសេដ្ឋកិច្ច៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង