ក្រុមប៉េតង់នារីកម្ពុជាឈ្នះម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ឈរលេខ១ក្នុងពូល ខណៈផ្នែកបុរសត្រូវការឈ្នះឡាវ ស្អែក ដើម្បីកក់កៅអីវគ្គបន្ត

(ហ្វីលីពីន) ៖ ក្រុមកីឡាប៉ែតង់កម្ពុជាផ្នែកនារីបានយកឈ្នះ២ប្រកួត វិញ្ញាសាក្រុម ដោយឈ្នះម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុ ១៣ទល់១០ និងបន្តយកឈ្នះក្រុមនារីឥណ្ឌូណេស៊ី ក្នុងពិន្ទុដាច់ឆ្ងាយ ១៣ទល់១ ខណៈក្រុមប៉េតង់កម្ពុជាផ្នែកបុរសឈ្នះ១ប្រកួត និងចាញ់១ប្រកួត នៅក្នុងវគ្គជម្រុះពូលA ថ្ងៃទី២ ធ្នូ ម្សិលមិញ នៃស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន។

ជាមួយគ្នានេះលើហ្វេសប៊ុក ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានសម្តែងនូវការចូលរួមអបអរសាទរដល់ក្រុមកីឡាប៉េតង់កម្ពុជាផ្នែកនារី ដែលបានយកឈ្នះ ២ប្រកួត លើវិញ្ញាសាក្រុម ទី១. យកឈ្នះក្រុមនារីម៉ាឡេស៊ី ដោយពិន្ទុ ១៣ ទល់ ១០ និងទី២. យកឈ្នះក្រុមនារីឥណ្ឌូនេស៊ី ដោយពិន្ទុ ១៣ ទល់ ១ នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ។

ឯកឧត្តម ស សុខា បន្តថា តាមរយៈលទ្ធផលនេះ ក្រុមកីឡាប៉េតង់កម្ពុជាផ្នែកនារី យកឈ្នះ ២ប្រកួត គឺឈរលេខ១ ក្នុងពូលA បើទោះបីនៅសល់ ១ប្រកួតទៀត ជាមួយក្រុមនារីម្ចាស់ផ្ទះហ្វីលីពីន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ។សូមលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីកម្ពុជា ដែលចូលរួមការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ទាំងអស់ បន្តប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមយកជ័យជន្នះជូនព្រះរាជាណាចក្រកម្ពុជារបស់យើង ។
សូមជូនពរប្រតិភូ និងកីឡាករ កីឡាការិនី ដែលបាន និងកំពុងចូលរួមការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជន្នះកុំបីខានឡើយ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង