សម្តេច ហេង សំរិន ជួប​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា​

(​ភ្នំពេញ​)៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អនុញ្ញាតឱ្យ​លោកជំទាវ ខា​ម៉ិ​ន ម៉ូ​រ៉េ​ណូ (H.E. Mrs. Carmen Moreno) ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​តែងតាំង​ថ្មី ចូលជួប​សម្តែង​ការគួរសម នា​ព្រឹក​ថ្ងៃ​អង្គារ ទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​។​

ក្នុង​ជំនួប​នេះ សម្តេច​ប្រធានរដ្ឋសភា បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​បេសកកម្ម​ការទូត​របស់​លោកជំទាវ​។ សម្តេច​មាន​ក្តី​សង្ឃឹមថា បេសកកម្ម​ការទូត​ថ្មី​របស់លោកជំទាវ ខា​ម៉ិ​ន ម៉ូ​រ៉េ​ណូ នៅ​កម្ពុជា ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ដល់​ការបន្ត​ថែរក្សា និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហភាព​អ៊ឺរ៉ុប ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ថែមទៀត​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​លើកឡើងថា កម្ពុជា​-​សហភាព​អឺរ៉ុប មាន​កាតព្វកិច្ច​ដ៏​សំខាន់​ក្នុងការ​រួម​គ្នា​​កសាង​នូវ​ភាពសុខដុមរមនា និង​ភាពសំបូររុងរឿង ដល់​ប្រជាជន​ទាំងសងខាង មិនតែប៉ុណ្ណោះ​មិត្តភាព​នេះ ជា​កំលាំងចលករ​រួមចំណែក ដល់​ការថែរក្សា​សុខសន្តិភាព​ក្នុង​តំបន់ និង សកលលោក​ផងដែរ​។

ជាមួយគ្នានេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​កោតសរសើរ​អតីត​ឯកអគ្គរដ្ឋ​ទូត​សហភាព​​​​អឺរ៉ុប​​មុនៗ ដែល​​បាន​​បំពេញ​​តួនាទី ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​សកម្ម​ជាមួយ​កម្ពុជា​។​

​លោកជំទាវ ខា​ម៉ិ​ន ម៉ូ​រ៉េ​ណូ បាន​ជម្រាប​សម្តេច​ប្រធានរដ្ឋសភា​ថា ក្នុង​រយៈពេល​ប្រមាណ​ជា ២៥​ឆ្នាំ​កន្លងមកនេះ សហភាព​អ៊ឺរ៉ុប បាន​ក្លាយជា​ដៃគូ​សំខាន់​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ​ ហើយ​បេសកកម្ម​នេះ សហភាព​អ៊ឺរ៉ុប នៅតែមាន​ឆន្ទៈ​អនុវត្ត​បន្ត​ទៅមុខទៀត ដើម្បី​គាំទ្រ​ដល់​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​។​

​លោកជំទាវ​ឯកអគ្គរដ្ឋទូត បានលើកឡើង​បន្តថា ជំនួយ​គាំទ្រ​របស់​សហភាព​អ៊ឺរ៉ុប​មក​កម្ពុជា នាពេល​កន្លងមក មាន​ទាំង​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​និង​នីតិប្រតិបត្តិ​។ លោកជំទាវ ខា​ម៉ិ​ន ម៉ូ​រ៉េ​ណូ បាន​វាយ​តម្លៃ​​ខ្ពស់​ចំពោះ​តួនាទី​របស់​រដ្ឋសភា ដែលជា​ស្ថាប័ន​កំពូល មាន​តួនាទី​សំខាន់​នៅក្នុង​ការចូលរួម​ចំណែក​​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​ក្នុងនាម​រដ្ឋសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គាំទ្រ និង​បេ្ត​ជ្ញា​ក្នុង​ការធ្វើ​កិច្ចសហប្រតិ​បត្តិការ ដើម្បីឱ្យ​បេសកកម្ម​ការទូត​របស់​លោកជំទាវ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​ជោគ​ជ័យ​។

សម្តេច​សង្ឃឹមថា លោកជំទាវ​ឯកអគ្គរដ្ឋទូត នឹង​បាន​ស្វែងយល់​ពី​ស្ថានភាព ពិត​នៅ​កម្ពុជា ពិសេស​គឺ ការរក្សាបាន​នូវ​ស្ថិរភាព សន្តិភាព និង​សន្តិសុខ សណ្តាប់ធ្នាប់ ដែលជា​មូលដ្ឋាន​ស្នូល នាំមក​នូវ​ការអភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់​របស់​កម្ពុ​ជា ដែល​ផ្ទុយ​ពី​ការ​​បំពង​​សំឡេង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ដើម្បី​​កេងចំណេញ​ផលប្រយោជន៍​​​នយោ​បាយ​​នោះ​​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង