រដ្ឋមន្រ្តីក្រសួងធនធានទឹក លើកទិសដៅការងារ ៥ចំណុចពាក់ព័ន្ធវិស័យធនធានទឹក និងឧតុនិយម

(ភ្នំពេញ)៖ នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំបើកកិច្ចប្រជុំបូកសរុប វាយតម្លៃ និងលើកទិសដៅការងារ វិស័យធនធានទឹក និងឧតុនិយម ដោយមានការឡើងធ្វើបទបង្ហាញពីគ្រប់បណ្តាមន្ទីរធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំទទួលបន្ទុកតាមមុខព្រួញរាជធានី-ខេត្ត ។

កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល ០២ ថ្ងៃ ពីថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ។

ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណង ៖

ទី ១- ធ្វើការត្រួតពិនិត្យស្ថានភាពពាក់ព័ន្ធនឹងទឹក ទាំងទឹកភ្លៀង និងទឹកទន្លេ ពីបរិមាណ និងពេលវេលា ដោយធ្វើការប្រៀបធៀបឆ្នាំចាស់ និងមធ្យមភាគច្រើនឆ្នាំ។

ទី ២- ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០១៩ តើមានការខូចខាត និងប៉ះពាល់ប៉ុន្មាន នៅទីតាំងណាខ្លះ និងការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០១៩-២០២០ ដោយពិនិត្យលើស្ថានភាពទឹកជាក់ស្តែង និងមានវិធានការយ៉ាងណានៅពេលជួបការខ្វះខាតទឹក។

ទី ៣- បណ្តាវិធានការដែលក្រសួងបាន និងកំពុងអនុវត្តនាពេលកន្លងមក។

ទី ៤- មូលហេតុអ្វីបានជាបណ្តារាជធានី ខេត្តមួយចំនួនផ្ទៃដីបង្កបង្កើនផល ត្រូវបានបាត់បង់ ឬរួមតូច បណ្តាលមកពីអ្វី?។

ទី ៥- ការត្រួតពិនិត្យលំអិតបន្ថែមពាក់ព័ន្ធនឹងការរៀបចំនូវផែនទី ស្តីពីទឹកជំនន់ (Flood Mapping) ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង