សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះ និងឧបត្ថម្ភថវិកាជាច្រើន

(សៀមរាប)៖ ក្រោយពីហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ក្នុងហេតុការណ៍ដ៏អកុសលនេះ ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលសម្រាប់អ្នកស្លាប់ និង ៣លានរៀល ដើម្បីដោះស្រាយទុក្ខលំបាកផ្សេងៗ។ នេះបើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះសង្គ្រោះជនរងគ្រោះដោយករណីបាក់អគារនេះ ហើយដោយមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធបន្ទាប់ពីទទួលបានការព័ត៌មានថាមានករណីគ្រោះថ្នាក់បាក់អគារធម្មសភា(សាលាឆាន់) នៅវត្តប្រាសាទគោកចក កាលពីវេលាម៉ោង ១៤៖១៥នាទី។

(Swift News ពេជ្រ វុឌ្ឍា)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង