UPDATE NEWS: ១៩នាក់ស្លាប់និងរបួស ក្នុងហេតុការណ៍បាក់អគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

(សៀមរាប)៖ កាលពីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះសង្គ្រោះជនរងគ្រោះដោយករណីបាក់អគារធម្មសភា (សាលាឆាន់) ដោយមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីទទួលបានការព័ត៌មានថាមានករណីគ្រោះថ្នាក់បាក់អគារធម្មសភា(សាលាឆាន់) នៅវត្តប្រាសាទគោកចក កាលពីវេលាម៉ោង ១៤៖១៥នាទី។

យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ការសង្គ្រោះបានប្រើប្រាស់មធ្យោបាយដូចខាងក្រោម ៖
– កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៥០អង្គ/នាក់ រួមមាន នគរបាល ប្រជាការពារ កម្លាំង ១២០នាក់ អាវុធហត្ថ កម្លាំង ៨០នាក់ កងកម្លាំងភូមិភាគ ៤ និងតំបន់ប្រតិបត្តិការសឹករង កម្លាំង ២៥០នាក់ និង ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តប្រមាណ ៣០០នាក់។

– រថយន្តសង្គ្រោះ ចំនួន ៩គ្រឿង រួមមាន អាវុធហត្ថចំនួន ២គ្រឿង ភូមិភាគ ៤ ចំនួន ៣គ្រឿង និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤គ្រឿង។

– គ្រឿងចក្រមធ្យោបាយសង្គ្រោះ រួមមាន រថយន្តស្ទូច ៤គ្រឿង(មន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង អង្គភាពអគ្គិសនី ១គ្រឿងនិងអាជ្ញាធរអប្សរា ២គ្រឿង) អេស្កាវ៉ាទ័រ ៣គ្រឿង(រដ្ឋបាលខេត្ត ២គ្រឿង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង) រថយន្តអគ្គីសនីចល័ត(អង្គភាពអគ្គីសនីខេត្ត) ១គ្រឿង រៀបចំភ្លើងបំភ្លឺសម្រាប់ប្រតិបត្តិការពេលយប់។

គិតត្រឹម វេលាម៉ោង ១៧៖៥០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងបានជួយសង្គ្រោះទទួលបានលទ្ធផល ដោយបានរុករកឃើញជនរងគ្រោះសរុបចំនួន ១៦អង្គ/នាក់(ព្រះសង្ឃ ២អង្គ) ក្នុងនោះ៖

– រងរបួសធ្ងន់ ៤នាក់(ជាងសំណង់ ៣នាក់ និងប្រជាការពារ១) រងរបួសស្រាលចំនួន ៩អង្គ/នាក់ (ព្រះសង្ឃ ២អង្គ ប្រជាការពារ ១នាក់ និងជាងសំណង់ ៧នាក់) កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត។

– ស្លាប់ចំនួន ៣នាក់។

តាមការបញ្ជាក់របស់ក្រុមជាង និងកងកម្លាំងប្រជាការពារដែលឈរជើង និងឃើញហេតុការណ៍ បានបញ្ជាក់ថា មិនមានចំនួនជនរងគ្រោះទៀតឡើយ។ តែទោះបីជាយ៉ាងនេះក្តី ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ បានណែនាំក្រុមការងារនឹងបន្តកាយគំនរសំណង់នៅពេលយប់បន្តទៀត ដោយបន្ថែមកម្លាំងរហូតទាល់តែអស់គំនរសំណង់ទាំងស្រុង៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង