TOP NEWS: នាយនគរបាលជាន់ខ្ពស់ ៣៦រូប ត្រូវបានព្រះមហាក្សត្រ បញ្ចប់គោរម្យងារ «ឧកញ៉ា» តាមការទូលថ្វាយបស់សម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» ពីនាយនគរបាលជាន់ខ្ពស់ និងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌនគរបាលជាតិកម្ពុជា៣៦រូប។

យោងតាមព្រះរាជក្រឹត្យដែលព្រះករុណា ព្រះមហាក្សត្រ ថ្វាយព្រះហស្ថលេខា នាថ្ងៃទី២៣ ខែវិច្ឆិកា ដែល Switf News ទទួលបាននៅថ្ងៃនេះ បង្ហាញថា ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីនាយនគរបាលជាន់ខ្ពស់ និងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌនគរបាលជាតិកម្ពុជា៣៦រូបនេះ ធ្វើឡើងដោយទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ។

សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើលិខិតគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ស្នើសុំបញ្ចប់ គោរម្យងារជា «ឧកញ៉ា» របស់នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ចំនួន ៧៥ នាក់ផងដែរ។
ឈានដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ប្រមុខរដ្ឋស្តីទី ក៏បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ ឧកញ៉ា ពីមន្ត្រីយោធាចំនួន ៧៥រូប ចាប់ពីថ្នាក់វរសេនីយ៍ទោ រហូតដល់ថ្នាក់នាយឧត្ដមសេនីយ៍។

គួរកត់សម្គាល់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩កន្លងទៅ គឺហាមមិនឱ្យកងកម្លាំង ប្រដាប់អាវុធទាំងអស់រួមមាន មន្ត្រីយោធា, នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតឡើយ។សេចក្តីសម្រេចនេះជាការអនុវត្ត “អភិក្រមទី៥” និងធធ្វើឡើងបន្ទាប់ពីមាន កងកម្លាំងប្រដាប់អាវុធ ដែលមានគោរម្យងារជា «ឧកញ៉ា» ជាច្រើនរូបត្រូវបានតុលាការឃុំខ្លួនពាក់ព័ន្ធបទល្មើស ឧក្រិដ្ឋជាច្រើននាក់ ក្នុងពេលកន្លងមក៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង