អ្នកញៀន​ថ្នាំ នៅ​មណ្ឌល ភ្នំ​បាក់ ពុល​ត្រសក់ស្រូវ ២៤៣​នាក់ ក៏​ធ្លាយ​រឿង​ពុករលួយ នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​នោះ តែ​អភិបាលខេត្ត​បន្ទាយ​មានជ័យ បដិសេធ​!

(​បន្ទាយមានជ័យ​)៖ អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​បញ្ជាក់ថា អ្នកញៀន​ថ្នាំញៀន បាន​ពុល​ត្រសក់ស្រូវ នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន ភ្នំ​បាក់ មាន​ចំនួន ២៤៣ នាក់​។ មកដល់​ព្រលប់​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩ នៅសល់ ១៩​នាក់ នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​។ រីឯ​អ្នកស្លាប់ ត្រូវបាន​គេ​រាយការណ៍​ថា មាន​ចំនួន ៤​នាក់​។​

​ចំពោះ​អ្នកស្លាប់ ដោយសារ​ពុល​ត្រសក់ស្រូវ​នេះ ត្រូវបាន​លោក​អភិបាលខេត្ត អ៊ុំ រាត្រី បញ្ជាក់ថា ដោយសារតែ​អ្នក​ទាំងនោះ មាន​បញ្ហា​ខួរក្បាល​ផង បើ​យ​ពេល​ប៉ះពាល់​ចំណីអាហារ​នេះ ក៏មាន​ហេតុការណ៍​អកុសល​នេះ កើតឡើង​។

​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់ថា ការពុល​ដល់​អ្នកញៀន​ថ្នាំ​នេះ ដោយសារតែ​មានការ​ធ្វេសប្រហែស​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ នៅពេល​កើតហេតុ ករណី​អ្នកញៀន​ថ្នាំញៀន ពុល​ចំណីអាហារ នៅក្នុង​មណ្ឌល​បន្សាប​គ្រឿងញៀន ភ្នំ​បាក់ នៅ​ខេត្តបន្ទាយមានជ័យ​នេះ ក៏​ធ្លាយ​រឿង​ពុករលួយ គាប​លុយ​ពី​អ្នក​ចូល​បន្សាប​គ្រឿងញៀន ហើយ​ទឹកក្រូច ដែល​ទិញ​ទៅ​លក់​ឲ្យ​អ្នកញៀន​ថ្នាំ នៅ​មណ្ឌល ហូប មិនមាន​កាលបរិច្ឆេទ​ត្រឹមត្រូវ ជាដើម​។

​អ្នក​ចាប់បញ្ជូន​អ្នកញៀន​ថ្នាំ ទៅ​ស្នាក់នៅ និង​បន្សាប នៅ​មណ្ឌល ភ្នំ​បាក់ ក៏បាន​លើកឡើងថា អ្នកគ្រប់គ្រង​នៅ​មណ្ឌល​នោះ បាន​គាប​លុយ​ពី​គ្រួសារ​អ្នកញៀន​ថ្នាំ ដោយ​ហុច​ទូរស័ព្ទ​ឲ្យ​តេ​ទៅ​គ្រួសារ មួយអាទិត្យ​ម្តង ដើម្បី​បាន​លុយ ហើយ​ឲ្យ​ជៀស​ផុតពី​ការហាត់​ប្រាណ និង​រស់នៅ​បាន​សុខ​ស្រួល​ក្នុង​មណ្ឌល​។​

​តែ​យ៉ាងណាក៏ដោយ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់ថា ករណី​ពុល​អ្នកញៀន​ថ្នាំ​នេះ កើតឡើង​ដោយសារ​ការធ្វេសប្រហែស ដោយសារ​មិនបាន​សម្អាត​ចំណីអាហារ មិនមែន​ដោយសារ​រឿង​ពុករលួយ​អ្វី​នោះទេ​។​

​លោក​អភិបាលខេត្ត​បញ្ជាក់ថា «​យើង​ខិតខំ​ប្រឹងប្រែង​ណាស់ ក្រុមមន្ត្រី​ជំនាញ និង​គ្រូពេទ្យ ចុះ​ប្រចាំការ ទើប​អាច​ស្តារ​ស្ថានការណ៍​នៅ​មណ្ឌល​នោះបាន​»​។​

​យ៉ាងណាក៏ដោយ អ្នក​ចាប់បញ្ជូន​អ្នកញៀន​ថ្នាំ ទៅ​បន្សាប​នៅ​មណ្ឌល ភ្នំ​បាក់ បាន​បញ្ជាក់ថា ជាធម្មតា នៅ​ទីនោះ មាន​អ្នកត្រួតពិនិត្យ​ចំណីអាហារ​។ ចុះ​ហេតុអ្វី​បាន​ជាមាន​អ្នកពុល​ស្លាប់​? តើ​អ្នកជំនាញ​ណា ជា​អ្នកទទួលខុសត្រូវ​រឿងនេះ​?

​សូម​រម្លឹកថា ករណី​ពុល​ត្រសក់ស្រូវ និង​បន្លែ​ធ្វើ​ម្ហូបអាហារ នៅក្នុង​មណ្ឌល​ជីវិត​ថ្មី ភ្នំ​បាក់ ស្ថិតនៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាន​គេ​រាយការណ៍​ថា មកដល់​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩ មាន​អ្នកញៀន​ថ្នាំ ចំនួន ៤​នាក់ បាន​ស្លាប់ និង​ជាង ២០០​នាក់​ទៀត កំពុង​ជួយសង្គ្រោះ​។ អ្នកញៀន​ថ្នាំ​ទាំងនោះ ត្រូវបាន​ព្យួរ​សឺ​រ៉ុ​ម ដេករណូករណែល​។​

​ករណី​ពុល​នោះ ត្រូវបាន​គេ​អះអាងថា មកពី​ត្រសក់ និង​បន្លែ ធ្វើ​ម្ហូបអាហារ ដល់​អ្នកញៀន​គ្រឿងញៀន​នោះ មាន​ជាប់​ថ្នាំ​សម្លាប់​សត្វល្អិត ហើយ​នៅពេល​បរិភោគ ធ្វើ​ឲ្យ​មាន​រាក ក្អួតចង្អោរ ពុល​សន្លប់ ជា​បន្តបន្ទាប់​។ ហេតុការណ៍​ពុល​ចំណីអាហារ​នេះ កើតឡើង​កាលពី​ម៉ោង​ប្រមាណ​ជាង ១១​យប់ ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៩​។ នៅ​មណ្ឌល​ជីវិត​ថ្មី ភ្នំ​បាក់ មាន​យុវជន​ស្រី​ប្រុស ជា​អ្នកញៀន​គ្រឿងញៀន ចូលមក​បន្សាប​សរុប​ចំនួន ៨២៦ នាក់​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង