ចៅក្រម សម្រេច​បញ្ជូន​សំណុំរឿង​លោក កឹម សុខា ទៅ​ជំនុំជម្រះ​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩ នេះ ចៅក្រម​ស៊ើបសួរ បានសម្រេច​បញ្ជូន​សំណុំរឿង​លោក កឹម សុខា ជាប់ចោទ​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ទៅ​ជំនុំជម្រះ​ហើយ​។ លោក កឹម សុខា ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​យប់​ថ្ងៃទី​០២ ឆ្លង​ចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ មុននឹង​ផ្ទេរ​ការឃុំ​ឃាំង​មក​នៅ​ក្នុងផ្ទះ​របស់លោក នៅ​ខណ្ឌទួលគោក កាលពី​ថ្ងៃទី​០៩ ឆ្លង​ចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩ បង្ហាញថា «​ក្រោយពី​បាន​ស្រាវជ្រាវ និង​ស៊ើបសួរ​ចប់សព្វគ្រប់ ចៅក្រម​ស៊ើបសួរ ពិនិត្យឃើញថា មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​លើ​ជន​ត្រូវ​ចោទ ឈ្មោះ កឹម សុខា ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ហើយ​ចៅក្រម​ស៊ើបសួរ បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​នេះ ដោយ​បញ្ជូន​ជន​ត្រូវ​ចោទ ឈ្មោះ កឹម សុខា ទៅ​តុលាការ​ជំនុំជម្រះ តាម​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ លេខ ៦៤០០ «​គ​» ដ​.​ដ ចុះ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩»​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល អ្នក​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លើកឡើងថា កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បានទទួល​ចាត់ការ​ស៊ើបសួរ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ លេខ ៥៦៤២ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ កើត​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ ត្រូវបាន​ចោទប្រកាន់​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

​សូម​រម្លឹកថា ក្រោយពេល​ផ្ទេរ​ការឃុំខ្លួន មក​នៅ​ក្នុងផ្ទះ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ លោក កឹម សុខា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក៏ត្រូវ​បាន​ចៅក្រម សម្រេច​បន្ធូរបន្ថយ​ល​ក្ខ​ខណ្ឌ​នៃ​ការឃុំខ្លួន ដោយ​អនុញ្ញាត​ឲ្យ​លោក កឹម សុខា អាចធ្វើ​ដំណើរ​ទៅគ្រប់​ទីកន្លែង នៅក្នុង​ទឹកដី​ប្រទេស​កម្ពុជា តែ​លោក កឹម សុខា មិនអាច​ធ្វើ​សកម្មភាព​នយោបាយ និង​មិនត្រូវ​ចាក​ចេញពី​ប្រទេស​កម្ពុជា​នោះទេ​។​

​ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក កឹម សុខា បានទទួល​ជួប​ទូត​ជាច្រើន នៅផ្ទះ​របស់លោក រួមមាន ទូត​បារាំង អាមេរិក អឺរ៉ុប អូស្ត្រាលី អង់គ្លេស ទូត​ជប៉ុន ជាដើម​៕​

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង