សព្វថ្ងៃ ​អ្នកផ្ទុកមេរោគអេដស៍​នៅកម្ពុជា​មានប្រមាណ​ ៧៣០០០នាក់​, ករណីឆ្លងថ្មី​កើតឡើង​នៅភ្នំពេញ​ និងខេត្តចំនួន​៥ទៀត​

(ភ្នំពេញ)៖ សព្វថ្ងៃនេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៣០០០នាក់នៅក្នុងប្រទេសកម្ពុជា ដែល​៨១% នៃពួកគេកំពុងទទួលការថែទាំព្យាបាលនិង ៧៨%នៃអ្នកផ្ទុកមេរោគអេដស៍មានបន្ទុកមេរោគដែលបានបង្ក្រាបហើយ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងកិច្ចប្រជុំទីក្រុងរួបរួមគ្នា ពន្លឿនការឆ្លើយតបដើម្បីបញ្ចប់ការរីករាលដាលជំងឺអេដស៍ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នាសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តមបន្តថា តាមទិន្នន័យដែលទទួលបាន ៧០%នៃករណីឆ្លងមេរោគអេដស៍ថ្មីទាំងអស់នៅប្រទសកម្ពុជាបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ​ និងខេត្តចំនួន៥ទៀតគឺ បាត់ដំបង សៀមរាប បន្ទាយ​មានជ័យ កំពង់ចាម និងតាកែវ។

បើតាមប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រទេសកម្ពុជាបានអនុម័តវិធីសាស្រ្តថ្មីសម្រាប់ការបញ្ចូលនូវការបង្ការ ការធ្វើតេស្ត និងការថែទាំព្យាបាលមេរោគអេដស៍ និងជំងឺអេដស៍រួមគ្នាដែលមានជាអាទិ៍ ការអនុវត្តវិធីលេបថ្នាំបង្ការជាមុន នៅពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ (PreP, Pre-Exposure Prophylaxis) និងការធ្វើតេស្តអេដស៍ដោយខ្លួនឯង (Self-Testing) ជាដើម។

ឯកឧត្តម អៀង មូលី បានអះអាងថា ប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការឆ្លើយតបនឹងជំងឺអេដស៍។ កាលពីពីរទសវត្សរ៍មុន ប្រទេសកម្ពុជាមានការរីករាលដាលមេរោគអេដស៍យ៉ាងឆាប់រហ័ស។ នៅឆ្នាំ២០១៧ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧ នៅទូទាំងពិភពលោកដែលសម្រេចបានគោលដៅ ៩០-៩០-៩០ (៩០% នៃអ្នករស់នៅជាមួយមេរោគអេដស៍ដឹងអំពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ៩០%នៃអ្នករស់នៅជាមួយមេរោគ អេដស៍ដែលដឹងអំពីស្ថានភាពរបស់ពួកគេកំពុងទទួលការព្យាបាល និង៩០%នៃអ្នករស់នៅជាមួយមេរោគអេដស៍កំពុងទទួលការព្យាបាលដែលបន្ទុកមេរោគអេដស៍ត្រូវបានបង្ក្រាប)៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង