កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិក ចាប់យកការប្រើប្រាស់បច្ចេកវិទ្យាបច្ចុប្បន្ន និងពេលអនាគត សម្រាប់ជំរុញការធ្វើឌីជីថលនីយកម្

(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាមោទនភាពថ្មីរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិក របស់សមាគមផ្តល់សេវាការងារសាធារណៈពិភពលោក ក្រោមប្រធានបទ ឌីជីថលនីយកម្មក្នុងសេវាការងារសាធារណៈ ដែលត្រូវបានបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាពរបស់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ នៅទឹកដីអង្គរខេត្តសៀមរាប ដោយមានអ្នកចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាតិអន្តរជាតិ ប្រមាណ៤០០នាក់។

ក្នុងរយៈពេលពីរថ្ងៃនៃសន្និសីទថា្នក់តំបន់នេះ មានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ពីអ្នកឯកទេសផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអញ្ជើញមកពីបណ្តាលប្រទេសជាសមាជិកចំនួន ១២ នៅទូទាំងពិភពលោក។

ថ្លែងបើកសនិ្នសីទនេះ លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា សន្និសីទនេះ បានធ្វើឡើងត្រូវចំកាលៈទេសៈ មានប្រយោជន៍ផ្តល់ជាឱកាសដ៏មានតម្លៃសម្រាប់ប្រទេសសមាជិកទាំងអស់ ចែករំលែក និងដកស្រង់យកចំណេះដឹង បទពិសោធន៍ និងអនុវត្តល្អក្នុងការសិក្សា ដើម្បីចាប់យកការប្រើប្រាស់បច្ចេកវិទ្យាបច្ចុប្បន្ន និងពេលអនាគត សម្រាប់ជំរុញការធ្វើឌីជីថលនីយកម្ម ព្រមទំាងបំប្រួញគម្លាតនៃការអភិវឌ្ឍសេវាការងារសាធារណៈ ក្នុងចំណោមប្រទេសសមាជិករបស់ WAPES ជាពិសេសសម្រាប់ប្រទេស ដែលទើបបានចាប់ផ្តើមអភិវឌ្ឍសេវាការងារសាធារណៈ ដូចជាកម្ពុជា ក្នុងការខិតខំ ធ្វើដំណើរឈានទៅសម្រេចជោគជ័យនូវគោលដៅចុងក្រោយ គឺការប្រែក្លាយទៅជាសេវាការងារសាធារណៈឌីជីថលពេញលេញ។

លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ដោយសារកម្ពុជាទើបតែបានបង្កើតសេវាការងារសាធារណៈ ក្នុងឆ្នាំ២០០៩ ដូច្នេះការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាមានភាពប្រទាក់ក្រឡា និងការធ្វើស្វ័យប្រវត្តិកម្មដោយប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិតទាបនៅឡើយ។ ក្មុងន័យនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ បានកំពុងបន្តខិតខំអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារ ដើម្បីឆ្លើយតបបានឆាប់រហ័សប្រកបដោយសមធម៌និងមានតម្លាភាព ទៅនឹងការប្រែប្រួលយ៉ាងលឿននៃរចនាសម្ព័ន្ធប្រជាសាស្រ្ត សេដ្ឋកិច្ច និងទីផ្សារការងារ ដែល ទាមទារកាន់តែខ្ពស់ឡើងរបស់ប្រជាពលរដ្ឋ នូវសេវាកាន់តែមានគុណភាព។

គួរបញ្ជាក់់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាសមាជិកថ្មីមួយក្នុងចំណោមសមាជិកចំនួន១២ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់សមាគមពិភពលោកនៃសេវាការងារសាធារណៈ (WAPES) ដែលមានសមាជិកសរុបចំនួន៨២។

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង