អូស្ត្រាលី សម្ដែងការសាទរជូនដល់សម្តេចតេជោ ដែលកម្ពុជាទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យ លោកជំទាវ អេនជែលឡា កូកូរ៉ាន (Angela Cocoran) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បញ្ចប់អាណត្តិ ចូលជួបជម្រាបលា នៅវិមានសន្តិភាព។

តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា ក្នុងជំនួបនេះ លោកជំទាវទូត បានសម្ដែងនូវអំណរគុណ ចំពោះមេដាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបំពាក់គ្រឿង
ឥស្សរិយយសកិត្តិយសជូនលោកជំទាវ សម្រាប់ការចូលរួមចំណែក ក្នុងការអភិវឌ្ឍកម្ពុជា ជាពិសេសលើវិស័យដោះមីន។ លោកជំទាវ ក៏បានសម្ដែងនូវអំណរសាទរយ៉ាងខ្លាំង ជូនដល់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលការអភិវឌ្ឍ យ៉ាងឆាប់រហ័សជាទីបំផុត។លោកជំទាវក៏បានសម្តែងនូវការសប្បាយរីករាយ ដែលអូស្ត្រាលី បានចូលរួមចំណែក ក្នុងការអភិវឌ្ឍកម្ពុជា អោយមានការរីកចម្រើន រហូតដល់ថ្ងៃនេះ ហើយលោកជំទាវ ក៏បានសម្ដែងជូនសម្ដេចតេជោផងដែរថា រដ្ឋាភិបាលអូស្ត្រាលី បានត្រៀមខ្លួនជាស្រេច ក្នុងការបន្តចូលរួមចំណែក ក្នុងការជំរុញ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំ និងធំធាត់ថែមទៀត ហើយក៏ត្រៀមជាស្រេច ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ ជាពិសេស រវាងយុវជននិងយុវជន របស់ប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវការរីករាយ និងអរគុណផងដែរ ចំពោះការបំពេញបេសកកម្ម របស់លោកជំទាវ អេនជេឡា នៅកម្ពុជា ដោយបេសកម្មរបស់លោកជំទាវ បានជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងនោះ លោកជំទាវ បានជំរុញឲ្យមានរៀបចំ ការប្រជុំកំពូល នៅអូស្ដ្រាលី, ជំរុញទំនាក់ទំនង រវាងយុវជននិងយុវជន និងដំណើរទស្សនកិច្ចសិក្សា របស់យុវជនអូស្ត្រាលី មកកាន់កម្ពុជា, ហើយនិងជំរុញឲ្យមានការអនុញ្ញាត នាំចូលទំនិញប្រមាណ៩៧ភាគរយ ពីកម្ពុជាចូលទៅអូស្ត្រាលី។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះគឺជាមូលដ្ឋានដ៏ល្អ ដែលយើងអាចលើកស្ទួយ ទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលកន្លងមក បានជួយដល់កម្ពុជាយើង ជាពិសេសលើវិស័យកសិកម្ម, ការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលជួយធ្វើការស្រាវជ្រាវ ធ្វើឲ្យអង្ករកម្ពុជា ទទួលបានលេខ ១ នៅក្នុងឆាកអន្តរជាតិ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង