រាជរដ្ឋាភិបាលកម្ពុជាបំពាក់គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនា ជូនថ្នាក់ដឹកនាំ និងមន្ត្រី JICA ប្រចាំនៅកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេនា ជូនលោក Sugano Yuichi និងលោក Tanaka Kotaro ជាប្រធាន អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA ) ប្រចាំនៅកម្ពុជា និងគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ជូនលោក Kengo Matsuda លេខាទី២ ស្ថានទូតជប៉ុន ព្រមទាំងមន្រ្តី JICA មានតួនាទីជាប្រធានទីប្រឹក្សាបច្ចេកទេស បេសកជនជប៉ុន សរុប8រូប ដែលមានស្នាដៃល្អក្នុងការបំពេញបេសកកម្មការងារ និងកិច្ចសហការផ្តល់ឥណទានសម្បទាន និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនលើវិស័យធនធានទឹក និងឧតុនិយម។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក Sugano Yuichi ប្រធាន JICA ប្រចាំកម្ពុជា និងសហការី ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលលោក Sugano Yuichi និងសហការី ខិតខំប្រឹងប្រែងបំពេញនាពេលកន្លងមក ដែលបានរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការបានល្អប្រសើររវាងក្រសួងធនធានទឹក និងឧតុនិយម និង JICA តាមរយៈការគាំទ្រលើការគ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ 

ជាមួយគ្នានោះផងដែរ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈលោក Sugano Yuichi ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបាននិងកំពុងរួមចំណែកជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ដោយឡែកលើវិស័យធនធានទឹកផងដែរ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់មកដល់សព្វថ្ងៃ ។

លោក Sugano Yuichi ប្រចាំនៅកម្ពុជា បានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ដែលលោកមានកិត្តិយសបានទទួលនូវគ្រឿងឥស្សរិយយសនៅពេលនេះ ហើយលោកក៏សូមថ្លែងនូវអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងអរព្រះគុណចំពោះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបានប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ដល់រូបលោកនៅពេលនេះ ហើយរូបលោកជាប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន ប្រចាំនៅកម្ពុជា ប្តេជ្ញានឹងនៅតែបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងធនធានទឹក និងឧតុនិយម។

លោកប្រធាន JICA ប្រចាំកម្ពុជា បានគោរពថ្លែងអំណរគុណជាពិសេស ចំពោះឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ដែលបានបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហប្រតិបត្តិការល្អដល់រូបលោក និងសហការី ក្នុងការបំពេញការងារនាពេលកន្លងមក និងសម្រាប់ពេលខាងមុខ ហើយនឹងបន្តឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីធ្វើឲ្យវិស័យធនធានទឹក ដើរតួនាទីជាស្នូលកាន់តែសំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកលូតលាស់ជាបន្ត ប្រកបដោយចីរភាព។

សូមជម្រាបថា រហូតមកដល់ពេលនេះ សម្រាប់វិស័យធនធានទឹកនៅកម្ពុជា ជប៉ុនបានជួយគម្រោងពាក់ព័ន្ធមួយចំនួនមានជាអាទិ៍ដូចជា ការងារស្តារ និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត, ការប្រើប្រាស់ធនធានទឹកអាងទន្លេ, ការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយផ្នែកបច្ចេកទេសតាមរយៈការចាត់បញ្ជូនជំនាញការ/ទីប្រឹក្សារយៈពេលខ្លី និងមធ្យម បម្រើការជួយក្នុងគម្រោងរបស់ក្រសួងផងដែរ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង