សម្តេច ហេង សំរិន ដឹកនាំ​ការជួបជុំ​ក្នុង​មិ​ទិ្ទ​ញ​អបអរ​សារ​ទរ ខួប​លើក​ទី​៤១ ទិវា​កំណើត​រណសិរ្ស ២​ធ្នូ

(​ភ្នំពេញ​)៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​មិ​ទិ្ទ​ញ​អបអរ​សារ​ទរ ខួប​លើក​ទី​៤១ ទិវា​កំណើត​រណសិរ្ស ២​ធ្នូ​។ មិ​ទ្ទិញ​នេះ បាន​ប្រារព្ធ​ឡើង នៅ​សាលសន្និសីទ​ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ​។​

​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨-​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​០២​ធ្នូ​នេះ គឺជា​ខួប​លើក​ទី​៤១ ឆ្នាំ នៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែលជា​ការប្រមូលផ្តុំ​ខ្មែរ​អ្នកស្នេហាជាតិ​មួយក្រុម នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​ដាក់ចេញ​នូវ​ផែនការ​រំដោះជាតិ ចេញពី​របប​កម្ពុជា​ប្រជា​ធិ​តេ​យ្យ ប៉ុល ពត​។​

​ក្នុង​ស្មារតី​រំឭក​ឡើងវិញ​នូវ​ប្រវត្តិសាស្ត្រ នៃ​ដំណើរ​ចាប់ផ្តើម​រស់រានមានជីវិត​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា រហូតមកដល់​សព្វថ្ងៃ «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ត្រូវបាន​ប្តូរ​ឈ្មោះថា «​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​»​។​

​ក្នុង​អង្គ​មិ​ទ្ទិញ សម្តេច​ពញា​ចក្រី ហេង សំរិន មានប្រសាសន៍ថា ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​នេះ ក្នុង​ស្មារតី​រំឭក​ការចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​បុព្វហេតុ​ប្រយុទ្ធ ដើម្បី​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ការពារ​ការ​រស់​ឡើងវិញ​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​។

​សម្តេច​ពញា​ចក្រី បាន​បន្តថា ថ្ងៃ​២​ធ្នូ ពិតជា​ទិវា​ប្រវត្តិសាស្ត្រ​នាំមក​នូវ​ជ័យជម្នះ សម្រាប់​ពលរដ្ឋ​ខ្មែរ នោះ​គឺ​ការឈានទៅរក​ការសង្គ្រោះ​អាយុជីវិត​ប្រជាជន ដែល​នៅ​សេសសល់​ពី​ការកាប់សម្លាប់​បាន​ទាន់ពេលវេលា និង​នាំមក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិ សេរីភាព​គ្រប់យ៉ាង ដែល​ត្រូវបាន​បាត់បង់​ទាំង​ស្រុង​ក្នុង​របប ប៉ុលពត ព្រមទាំង​បានធ្វើឱ្យ​រាល់​តម្លៃ​ទាំង​ខាង​ស្មារតី និង​សម្ភារ​របស់​ប្រជាជាតិ​ខ្មែរ ដែល​ត្រូវបាន​កសាង​ពូន​ជ្រំ​នៅក្នុង​ប្រវត្តិសាស្ត្រ​រាប់ពាន់​ឆ្នាំ​មកហើយ​នោះ បាន​រស់រានមានជីវិត​ឡើងវិញ និង​បានរួម​វិភាគទាន​ដ៏​សកម្ម​ដល់​ការថែរក្សា​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​។​

​សូម​រម្លឹកថា “​រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​” មានឈ្មោះ​ដើម​ថា “​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​” ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃ​២ ធ្នូ ឆ្នាំ​១៩៧៨ នៅក្នុង​តំបន់​រំដោះ នា​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ​។ រណសិរ្សនេះ ជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈានមុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រួបរួមគ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ ដោយបាន​ទទួល​ការជួយឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម និង​ការគាំទ្រ​ពី​មិ​ត្ដ​ភក្ដិ​ជិត​ឆ្ងាយ​លើ​សកលលោក ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូតដល់​ទទួលបាន​ជ័យជំនះ​ដ៏​ត្រចះត្រចង់​នា​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើងថា អង្គ​មី​ទ្ទិញ​នា​ថ្ងៃនេះ ជា​ព្រឹ​ត្ដិ​ការណ៍​ជាតិ​មួយ​ដ៏​មាន​សារៈសំខាន់ បំផុត​ចំពោះ​បុព្វហេតុ​នៃ​ការរស់រានមានជីវិត​ឡើងវិញ​របស់​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ សម្តេច​លើកឡើងថា “​រណសិរ្ស ២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​យើងទាំងអស់គ្នា ឱ្យ​ចាក​ផុតពី​មហន្ដរាយ នៃ​របប​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​រណសិរ្ស ២​ធ្នូ នៅបាន​ជួយ​ស្ដារ កសាង និង​អភិវឌ្ឍន៍ សង្គមជាតិ​នៅ​គ្រប់ទិសទី ធ្វើឱ្យ​មាតុភូមិ​កម្ពុជា​មានការ​កែប្រែ​មុខមាត់​ថ្មី ជា​បន្ដបន្ទាប់​”​។​

សម្តេច​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​លើកឡើងថា បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​បានរស់នៅ​យ៉ាង​សុខដុមរមនា ក្នុង​សន្ដិភាព សេរីភាព និង​សន្ដិសុខ​ដ៏​ប្រសើរ ហើយ​កំពុងតែ​រួម​សាមគ្គី​គ្នា ឈានទៅ​មុខ លើ​មាគ៌ា​នៃ​ការអភិវឌ្ឍ ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេចបាន​កន្លងមក​។ ជាពិសេស ជោគជ័យ​លើ​គ្រប់​វិស័យ​ក្នុង​ឆ្នាំ​២០១៩ នេះ បាន​ពង្រឹង​ថែមទៀត​នូវ​មូលដ្ឋានគ្រឹះ សម្រាប់​បន្ដ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាជន​។ ព្រឹទ្ធសភា រដ្ឋសភា បាន​អនុវត្ដ​ដោយ​ជោគជ័យ​នូវ​ការងារ​របស់ខ្លួន​ក្នុង​ការកសាង​ច្បាប់ ។ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ ស​មេ្ដ​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាន​នឹង​កំពុង​បន្ដ​អនុវត្ដ​យ៉ាងសកម្ម​នូវ​យុទ្ធសាស្ដ្រ​ចតុកោណ ដែលជា​របៀបវារៈ​នៃ​គោលនយោបាយ សេដ្ឋកិច្ចសង្គម​របស់​ខ្លួន​។ រាជរដ្ឋាភិបាល បានបង្ហាញ​ឆន្ទៈ​ដ៏​ប្ដូរផ្ដាច់ និង​សកម្មភាព​ប្រកបដោយ​ផ្លែផ្កា​ក្នុងការ​អនុវត្ដ​ន៍​រាល់​កំណែទម្រង់​ដ៏​ទូលំទូលាយ និង​ស៊ីជម្រៅ​។​

សម្តេច​ប្រធានរដ្ឋសភា​បាន​មានប្រសាសន៍​បន្ថែមថា ជោគជ័យ និង​ក្ដី​សប្បាយរីករាយ​ដែល​យើង​ទទួលបាន​នៅថ្ងៃនេះ គឺមាន​ប្រភព​ចេញពី​ថ្ងៃ ២​ធ្នូ និង​ជ័យជំនះ ៧​មករា ដ៏​រុងរឿង ដែល​បាន​បំភ្លឺ​បង្ហាញផ្លូវ​ជានិច្ច ជាង​៤​ទសវត្សរ៍ កន្លងមក​។ បច្ចុប្បន្ន​គេ​អាច​មើលឃើញ​ផ្ទាល់​ភ្នែក​នូវ​សមិទ្ធផល​លើ​គ្រប់​វិស័យ​ដ៏​ច្រើន​សេ្អ​ក​ស្កះ​នៅ​គ្រប់ទិសទី ដែល​កើតចេញពី​ការប្រឹងប្រែង​របស់​យើងទាំងអស់គ្នា​នេះឯង​។

សម្តេច ហេង សំរិន បញ្ជាក់ថា “​យើង​បាន​លុបបំបាត់​នូវ​ស្នាម​បែកបាក់​ប្រេះឆា​ក្នុង​សង្គមជាតិ ធ្វើឱ្យ​ធ្លុង​មហា​សាមគ្គី​ជាតិ​កាន់តែ​រឹងមាំ​ឡើង​។ មហា​សាមគ្គី​ផ្ទៃក្នុង​ជាតិ ជា​ឧត្ដមភាព និង​ជា​មូលដ្ឋានគ្រឹះ​ដើម្បី​ឈានទៅ​សម្រេច​នូវ​គោលដៅ​ចុងក្រោយ គឺ​ការស្ថាបនា​ប្រទេស​កម្ពុ​ជាមួយ​ប្រកបដោយ​វឌ្ឍនភាព ដែល​ប្រជាជន​យើង នឹង​បានរស់នៅ​យ៉ាង​សម្បូរ​ណ៍ស​ប្បាយ​ក្នុង​សន្ដិភាព សេរីភាព យុត្ដិធម៌ និង​ភាពថ្លៃថ្នូរ​ជា​រៀងរហូត​តទៅ នៅលើ​មាតុភូមិ​របស់ខ្លួន“៕

( រូបថតពីរដ្ឋសភា )

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង