ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​

(ភ្នំពេញ)៖ នា​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួល​លិខិត​ពី ធនាគារជាតិ​នៃ​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​ធនាគារ ​បន្ត​គម្រោង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ក្លាយ ជា​ធនាគារពាណិជ្ជ​ទីមួយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ចុះបញ្ជី​លក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​)​។ ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO) បង្កើតបាន​នូវ​សករាជ​ថ្មី​នៃ​ប្រវត្តិ​ជោគជ័យ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​។

លោក​​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បញ្ជាក់ថា “​ធនាគារ ​ទើបនឹង​ទទួលបាន​លិខិត​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​បន្ត​នីតិវិធី​ស្នើសុំ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​របស់​ធនាគារ នៅ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​.) ។ ភាគ​ហ៊ុ​និក​របស់​ធនាគារ​បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ ធ្វើការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ ដើម្បី​បង្កើន​ប្រភព​ទុន​ដ៏​សម្បូរបែប និង​គាំទ្រ​ការរីកចម្រើន​នាពេល​អនាគត តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​។ ក្នុងឱកាស​នេះ យើងខ្ញុំ​សូម​ជូនដំណឹង​ដល់​អតិថិជន និង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាបថា ភាគហ៊ុន​របស់​ធនាគា​រ អេស៊ីលីដា ភីអិលស៊ី នឹងត្រូវ​បានដាក់​លក់​ជូន​សាធារណជន បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ជា​បន្ត​បន្ទាប់ពី ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) និង​គណៈកម្មការ មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​.)​។ យើងខ្ញុំ​នឹងធ្វើ​ការផ្សព្វផ្សាយ​អំពី​កាលបរិច្ឆេទ​ដាក់លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគា​រ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។ នេះ​គឺជា​ឱកាស​ដ៏​ពិសេស​សម្រាប់​សាធារណជន ក្នុងការ​ចូលរួម វិនិយោគ​ជាមួយ​ធនាគារ ដើម្បី​ក្លាយជា​ភាគ​ហ៊ុ​និក​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​”​។

ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង​របស់​ធនាគា​រ អេស៊ីលីដា ភីអិលស៊ី ត្រូវបាន​ចាត់ទុកជា “​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​” ដែល​លើកទឹកចិត្ត​ដល់​វិនិយោគិន​រូបវ័ន្ត​បុគ្គល និង​សាធារណជន​ក្នុង​ការទិញ​ភាគហ៊ុន​ទៅតាម​លទ្ធភាព របស់ខ្លួន​។ លើ​ទីផ្សារ​មូល​ប​ត្រ​នានា​នៃ​បណ្តា​ប្រទេស​មួយចំនួន “​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ លើកដំបូង​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​” បានផ្តល់​ភាពងាយស្រួល​យ៉ាងច្រើន​ដល់​វិនិយោគិន​រូបវ័ន្ត បុគ្គល ក្នុងការ​ចូលរួម​យ៉ាង​ទូលំទូលាយ​ក្នុង​ដំណើរការ​បោះផ្សាយ​លក់​មូ​លប​ត្រ​កម្មសិទ្ធិ​។ “​ការបោះ​ផ្សាយ លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​” របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជា​ការចែករំលែក​ផល​ដែល​បានមកពី​វិបុលភាព​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយនឹង​វិនិយោគិន​រូបវ័ន្ត​បុគ្គល និង ក្លាយជា​ធនាគារ​ដែល​ទ​ទួលបាន​នូវ​ទំនុកចិត្ត​ពី​សាធារណជន​បន្ថែមទៀត​។

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន Yuanta Securities (Cambodia) Plc. បាន​មាន ប្រសាសន៍ថា “​យើងខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង ដែល​បាន​ចូលរួម​ក្នុង​គម្រោង​ដ៏ សំខាន់​នេះ ក្នុងនាម​ជាទី​ប្រឹក្សា​ហិរញ្ញវត្ថុ​តែមួយគត់​របស់​ធនាគា​រ​។ ទំហំ​នៃប្រតិបត្តិ​ការជួញដូរ និង ការកើនឡើង​នៃ​ចំនួន​វិនិយោគិន តាមរយៈ​ដំណើរការ​បោះផ្សាយ​លក់​មូ​លប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ថាមភាព​របស់​ផ្សារ​ហ៊ុន និង​នាំ​ទីផ្សារ មូលធន ឆ្ពោះទៅ​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី និង​រីកចម្រើន​ជាង​មុន​”​។

លោក Han Kyung Tae បាន​មានប្រសាសន៍​បន្ថែមថា “​មូលធនូបនីយកម្ម​ទីផ្សារ​សរុប​របស់​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា អាច នឹង​កើន​បី​ដង​ជាមួយនឹង​ការចុះបញ្ជី​របស់​ធនាគា​រ អេស៊ីលីដា ភីអិលស៊ី នេះ​”​។

​អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី​៖
​ក្នុង​រយៈពេល ២៧​ឆ្នាំ​កន្លងមកនេះ ធនាគារ អេស៊ីលីដា បាន​កម្លា​យ​ខ្លួន​ពី​អង្គការក្រៅរដ្ឋាភិបាល (NGO) ទៅជា​ធនាគារ​លំដាប់ថ្នាក់​លេខ​១ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ តាមរយៈ​ការរីកចម្រើន​របស់ខ្លួន និង​ការវិវឌ្ឍ​ជា​បន្តបន្ទាប់ បានធ្វើ​ឲ្យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ត​ឈានមុខ​គេ​នៅក្នុង​វិស័យ​ធនាគារ​៖ ពី​អង្គការ​គាំទ្រ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ទៅជា​ធនាគារ​ឯកទេស និង​ធនាគារពាណិជ្ជ​ដែលមាន​ការរីកចម្រើន​ប្រកបដោយ​ចីរភាព​រហូតមកដល់​សព្វថ្ងៃ​។

គិត​ត្រឹម​ដំណាច់ ខែកញ្ញា ឆ្នាំ​២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជា​ធនាគារ​ធំជាងគេ​បំផុត​នៅ​កម្ពុជា ដែលមាន​សំពៀត​ឥណទាន​សរុប (៣,៦១ ប៊ី​លាន​ដុល្លារ​អាមេរិក​) និង​មូលធន​សរុប (៨៩៨,៥៦ លាន​ដុល្លារ​អាមេរិក​) ទ្រព្យសកម្ម​សរុប (៦,០៩ ប៊ី​លាន​ដុល្លារ​អាមេរិក​) និង​ប្រាក់​បញ្ញើ​សរុប (៤,២៤ ប៊ី​លាន​ដុល្លារ​អាមេរិក​)​។​

ធនាគារ អេស៊ីលីដា ភីអិលស៊ី រំពឹងថា ​នឹង​ចុះបញ្ជី​លក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា នាពេល​ឆាប់ៗ​នេះ​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង