ក្រសួង​វប្បធម៌ប្រគល់​សិទ្ធិគ្រប់​គ្រង​លើបទចម្រៀងសរុប៥៥បទ ដល់ភរិយាលោក គង្គ ប៊ុនឈឿន ដើម្បីការពារស្នាដៃប្តី

(ភ្នំពេញ) លោកស្រី គាត គឹមលន ភរិយារបស់សពកវីនិពន្ធ គង្គ ប៊ុនឈឿន ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រគល់សិទ្ធិគ្រប់គ្រងបទចម្រៀង៥៥បទ ដែលជាមរតកពី​ប្តីរបស់លោកស្រី ដែលជាបុគ្គលល្បីល្បាញ ក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសរបស់មេធាវី ការពារសិទ្ធិលោកស្រី បានឲ្យដឹងថា កន្លងមក និងជាពិសេសថ្មីៗនេះ មានការរំលោភកម្មសិទ្ធិបញ្ញាលើបទចម្រៀង ដែលស្ថិតនៅក្រោមការគ្រប់គ្រង​របស់​​លោកស្រី ដោយមានការធ្វើអាជីវកម្មខុសច្បាប់ ការយកទៅច្រៀងឡើងវិញ ការកែឃ្លាឃ្លោង ការកែភ្លេង និងការធ្វើ​អាជីវ​កម្មតាមទីតាំងអាជីវកម្មនានា តាមប្រព័ន្ធ YouTube ឬតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈនានា ដោយគ្មានការព្រម​ព្រៀង​​ពី​ម្ចាស់​សិទ្ធិគ្រប់គ្រង។​

សេចក្តីប្រកាសដដែលនេះ បានបញ្ជាក់ថា «ទង្វើនេះគឺជាការរំលោភដ៏ធ្ងន់ធ្ងរលើច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឆ្នាំ២០០៣ និងជា​ពិសេស លើសិទ្ធិ​បេតិកភណ្ឌ និង/ឬ​សិទ្ធិសីលធម៌ ​របស់​​លោកស្រី គាត គឹមលន ដែលធ្វើឱ្យលោកស្រីមានការឈឺចាប់ និងវាជាការប្រមាថដ៏ធ្ងន់ធ្ងរដល់ការខិត​ខំប្រឹងប្រែង និពន្ធស្ទើមួយជីវិតរបស់លោកកវីនិពន្ធ គង្គ ប៊ុនឈឿន។  ទង្វើបែបនេះក៏ជាការធ្វើ​​ឱ្យអ្ន​​និពន្ធនានា​រួញរា​ក្នុង​ការ​បង្កើត​ចម្រៀងដើមថ្មីៗ នាពេលខាងមុខដែរ និងមិនរួមចំណែកអ្វី​ទាល់​តែសោះដល់ការអភិវឌ្ឍវប្បធម៌​ និងសង្គម»៕

លោកមេធាវី ពេជ អង្គ ដែលតំណាងលោកស្រី គាត គឹមលន បានព្រមានពីវិធានការផ្លូវច្បាប់ថា «សូម​​ស្នើសុំឱ្យអ្នកដែលបានរំលោភបំពានសិទ្ធិទាំងនេះ បញ្ឈប់ និងដកហូតម្រៀងនិងបទភ្លេងទាំងនេះពីប្រព័ន្ធចែកចាយ និងទីតាំងធ្វើអាជីវកម្មនានាជា​បន្ទាន់។ ក្នុងករណីបន្ត យើងនឹងពិចារណាចាត់វិធានការតាមច្បាប់ជាធរមាន។

«ចំពោះអ្នកដែលមានបំណងទទួលសិទ្ធិក្នុងការធ្វើអាជីវកម្ម ការផលិតឡើងវិញ ក្នុងទម្រង់បែបណា​មួយ​ ​លើស្នាដៃទាំងនេះ លោកស្រី គាត គឹមលន រីករាយនឹងពិភាក្សាអំពីការផ្តល់សិទ្ធិធ្វើអាជីវកម្ម​»។

សូមរំឭកថា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្តីសម្រេច ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង ចំនួន ០១ បទ ដែលជា​ស្នាដៃ​និពន្ធ​របស់លោក គ​ង្គ ប៊ុន​ឈឿន មាន​ចំណងជើងថា «ថ្ងៃ​ដែល​អូន​ចុក​ឈាម​» ច្រៀង​ដោយ​លោកស្រី រស់ សេរី​សុទ្ធា​។​

​សេចក្តីសម្រេច​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានសម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង​នេះ ជូន​ភរិយា​របស់​លោកស្រី តាត គឹម​លន ( ក្រសួង​វប្បធម៌ សរសេរថា គាត គឹម​លន ) ជនជាតិខ្មែរ សញ្ជាតិ ន័​រវេ​ស កើត​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​១៩៤៣ ដែលមាន​ទីកន្លែង​កំណើត ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយមាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ប្រទេស​ន័​រវេ​ស​។​

ការ​សម្រេច​​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ខាងលើនេះ បានធ្វើ​ឡើង តាម​ការស្នើសុំរបស់​លោក​ស្រី គាត គឹម​លន ជា​ភរិយា​របស់លោក គ​ង្គ ប៊ុន​ឈឿន និង​យោងតាម​សេចក្តីជូនដំណឹង លេខ​៣៥ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្តីពី ការប្តឹង​ជំទាស់​នៃ​ការស្នើសុំ​គ្រប់គ្រង​មរតកសាសន៍​របស់លោក​ស្រី គាត គឹម​លន​។​

.ជីវប្រវត្តិសង្ខេបរបស់លោក គង្គ ប៊ុនឈឿន៖

​កើត​នៅ​ថ្ងៃ​១៨ ខែតុលា ឆ្នាំ​១៩៣៩ លោក គង្គ ប៊ុន​ឈឿន មាន​ស្រុកកំណើត នៅ​ភូមិ​ចម្ការ​សំរោង ឃុំ​ចម្ការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ឪពុក​ឈ្មោះ គ​ង្គ ឈិន ជា​អ្នក​ខេត្តតាកែវ និង​ម្តាយ​ឈ្មោះ ម៉​រ ភឹង ជា​អ្នក​បាត់ដំបង​។

​លោក​បាន​ចូលប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ នៅ​ឆ្នាំ​១៩៥៥ ហើយ​បាន​ប្រឡង​ជាប់​ពានរង្វាន់​លេខ​១ ក្នុងឱកាស​មហោស្រព​អក្សរសិល្ប៍​ខ្មែរ ឆ្នាំ​១៩៥៧ នៅ​ខេត្តបាត់ដំបង តាមរយៈ​ស្នាដៃ​ឈ្មោះ «​ស្នេហ៍​លុះ​អវសាន​»​។

​លោក​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុកថា ជា​អ្នកនិពន្ធ​ដ៏​ឆ្នើម​ម្នាក់​របស់​កម្ពុជា ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ផ្នែក​តែង​និពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មាន​ប្រលោមលោក និង​ផលិត​បានជា​ចម្រៀង​ជាច្រើន​បទ ដែលមាន​អធិរាជ​សំឡេង​មាស លោក ស៊ិន ស៊ី​សាមុត លោក អ៊ឹង ណា​រី អ្នកស្រី​រស់ សេរី​សុទ្ធា និង​អ្នកស្រី ប៉ែន រ៉​ន ជា​អ្នក​ច្រៀង​។​

​លោក គ​ង្គ ប៊ុន​ឈឿន បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី តាត គឹម​លន នៅ​ឆ្នាំ​១៩៦៣ ហើយ​មានកូន​ចំនួន ៦​នាក់ គឺ​ប្រុស​ម្នាក់ និង​ស្រី ៥​នាក់ ហើយ​ក្នុងនោះ កូន ៥​នាក់ បាន​ទៅ​រស់នៅ​ប្រទេស​ន័​រវេ​សន៍ និង​កូនស្រី​ម្នាក់ រស់នៅក្នុង​រាជធានី​ភ្នំពេញ​។

​ស្នាដៃ​របស់​កវីនិពន្ធ គ​ង្គ ប៊ុន​ឈឿន ភាគច្រើន​បង្ហាញ​អំពី​ទិដ្ឋភាព​ជាក់ស្ដែង នៅក្នុង​សង្គមជាតិ ដែល​ទាក់ទាញ​អារម្មណ៍​របស់​អ្នក​ស្ដាប់​ចង់ឃើញ និង​ចង់​ទស្សនា​ដល់ទី​កន្លែង ជាពិសេស​ទឹកដី​ស្រុកកំណើត​របស់លោក នា​ខេត្តបាត់ដំបង តែម្ដង​។

​បទ​ចម្រៀង​ល្បីៗ​ទាំងនោះ​រួមមាន ម្លប់​ដូង​ទី​១០, អារ​សាច់​ជូន​ម្ដាយ​, អនុស្សាវរីយ៍​ខ្នងភ្នំ​សំពៅ​, កូនស្រី​អ្នកនេសាទ ដែល​ច្រៀង​ដោយ​អ្នកស្រី រស់ សេរី​សុទ្ធា និង​បទ រំដួល​ដងស្ទឹង​សង្កែ ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស លោក ស៊ិន ស៊ី​សាមុត​។​

​ស្នាដៃ​ប្រលោមលោក​ចុងក្រោយ​របស់លោក គឺ​សៀវភៅ​រឿង មាន​ចំណងជើង​ថា «​វាសនា​នាង តាត ម៉ា​រី​ណា​» ជា​ប្រលោមលោក​បែប​សម័យ​បច្ចុប្បន្ន រៀបរាប់​ពី​សង្គ្រាម​ទឹក​អាស៊ីត ដែលជា​សាច់រឿង​ពិត​កើតឡើង​ចំពោះ​ក្មួយ​ស្រី​បង្កើត​របស់ខ្លួន ឈ្មោះ តាត ម៉ា​រី​ណា ក្រោយពី​នាង​មាន​ចំណងស្នេហា​លួចលាក់​ជាមួយ​អ្នកធំ​ម្នាក់ នៅក្នុង​រាជធានី​ភ្នំពេញ​។ កញ្ញា តាត ម៉ា​រី​ណា ត្រូវបាន​គេ​ជះ​ទឹក​អាស៊ីត នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​១៩៩៩​។​

​បន្ទាប់ពី​ចេញផ្សាយ​សៀវភៅ​ប្រលោមលោក​នេះ​ភ្លាម នៅឆ្នាំ២០០០ ក្រុមគ្រួសារ​របស់​កវី​និពន្ធ​ជើងចាស់​រូបនេះ ត្រូវ​ភៀសខ្លួន ចេញទៅ​ប្រទេស​ថៃ និង​ក្រោយមក​ទទួលបាន​សិទ្ធិ​បន្តទៅ​រស់នៅ​ក្នុងប្រទេស​ន័​រវេ​សន៍​។​

​លោក គ​ង្គ ប៊ុន​ឈឿន បានទទួល​មរណភាព កាលពី​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៦ ក្នុង​ជន្មាយុ ៧៧​ឆ្នាំ នៅក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ប្រទេស​ន័​រវេ​សន៍ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​ប្រមាណ ៣​ឆ្នាំ ដោយសារ​ជំងឺមហារីក​តម្រង់​នោម​។​

​អដ្ឋិធាតុ​របស់​កវី​ជើងចាស់ គ​ង្គ ប៊ុន​ឈឿន ត្រូវ​សាច់ញាតិ​នាំ​ពី​ប្រទេស​ន័​រវេ​សន៍ មកកាន់​ប្រទេស​កម្ពុជា នា​ខែឧសភា ឆ្នាំ​២០១៨ និង​យកទៅ​តម្កល់ទុក​នៅក្នុង​វត្ត​កណ្តាល ទឹកដី​ខេត្តបាត់ដំបង​៕​

Swift News ផាន់ អាណា

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង