លិខិតមហាជន៖ រដ្ឋមន្ត្រីសុខាភិបាល សូមក្រឡេកមើលស្ថានភាពពិត តើប្រជាជនមានជំនឿលើប្រព័ន្ធសុខាភិបាលកម្រិតណា?

(ភ្នំពេញ)៖ គ្រាន់តែក្នុងរយៈពេល១១ខែ នៃឆ្នាំ២០១៩នេះ មន្ទីរពេទ្យគន្ធបុប្ផានៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តសៀមរាប បានទទួលកុមារកម្ពុជា ជាង១លាននាក់ ចូលទៅទទួលសេវាពិនិត្យ និងសម្រាកព្យាបាលជំងឺ។

របាយការណ៍ពីមន្ទីរពេទ្យគន្ធបុប្ផា ក៏បានបង្ហាញថា ក្នុងឆ្នាំ២០១៩ មានអ្នកជំងឺជាកុមារសរុបចំនួន៩០៤ ៣៦៦ករណី ត្រូវបានពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះខាងក្រៅ។ កុមារចំនួន១៩១ ២៤៩នាក់ ទៀត ត្រូវបានដាក់ឲ្យសម្រាកនៅក្នុងមន្ទីរពេទ្យ ក្នុងនោះមានកុមារ៣៣ ៩៤៤ នាក់មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ, កុមារ២៤ ៦១៧នាក់ ត្រូវបានវះកាត់ទូទៅ និងកុមារចំនួន ៨៩១នាក់ ត្រូវបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម ទាំងនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ស្ត្រីមានផ្ទៃពោះចំនួន ១៤៨ ២៤៨ ករណីបានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ព្រមទាំងសម្រាលកូនបានចំនួន២៣ ៣៥០នាក់។ 

តួលេខកុមារជាង១លាននាក់ ក្នុងរយៈពេលជិត១ឆ្នាំ បានទៅរកសេវាសុខាភិបាលនៅមន្ទីរពេទ្យតែ១ គឺមន្ទីរពេទ្យគន្ធបុប្ផា។ ឯកឧត្តមរដ្ឋមន្ត្រី! តើតួលេខកុមារកម្ពុជា ១លាននាក់នេះ បង្ហាញថាយ៉ាងដូចម្តេច? តើពិតទេ ដែលប្រជាជន និងអាណាព្យាបាល មិនមានជំនឿពិតប្រាកដទៅលើសេវាសុខាភិបាលរដ្ឋ នៅតាមថ្នាក់ស្រុក ខេត្ត ទើបពួកគាត់នាំកូនៗដែលមានបញ្ហាសុខភាព មកតម្រង់ជួររង់ចាំទទួលសេវានៅភ្នំពេញ? តើមកពីជំនាញឯកទេស ឬមកពីការដឹកនាំ និងការទទួលខុសត្រូវ បើបុគ្គលិកពេទ្យនៅគន្ធបុប្ផា ក៏ជាគ្រូពេទ្យខ្មែរ ហើយបណ្តុះបណ្តាលនៅសាលាកម្ពុជាដែរនោះ? 

រាជរដ្ឋាភិបាលពិតជាបានខិតខំជាបន្តបន្ទាប់ កសាង មណ្ឌលសុខភាពនៅតាមឃុំ សង្កាត់ ស្រុកក្រុង ខេត្ត ដើម្បីផ្តល់សេវាសុខាភិបាលឲ្យកាន់តែកៀកទៅដល់ប្រជាជន ដែលអាចចូលរួមកាត់បន្ថយការធ្វើដំណើរផ្លូវឆ្ងាយ និងកាត់បន្ថយការចំណាយនានាបន្ថែមទៀត។ ក៏ប៉ុន្តែ ចំណុចគួរឲ្យកត់សម្គាល់ ហេតុដូចម្តេច ប្រជាជន មិនចូលទៅទទួលសេវានៅមូលដ្ឋានរបស់ខ្លួន? ការឆ្លើយបកស្រាយ ដើម្បីការពារកង្វះខាត គឺជាការត្រឹមត្រូវក្នុងកម្រិតទ្រឹស្តី។ ប៉ុន្តែ ការជាក់ស្តែង មានន័យថា គិតមិនដល់ ឬលទ្ធភាពនៅតែរួញខ្លី?

វត្តមាននៃមន្ទីរពេទ្យគន្ធបុប្ផា នៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តសៀមរាប បានចូលរួមសំខាន់ណាស់ ក្នុងការផ្តល់សេវាសុខាភិបាលដល់កុមារកម្ពុជា។ 

ប៉ុន្តែ សំណួរសាមញ្ញថាតើ ឯកឧត្តមរដ្ឋមន្ត្រីខ្មាស់មន្ទីរពេទ្យអង្គការស្ម័គ្រចិត្តនេះទេ ដែលគាត់មិនមែនជារដ្ឋមន្ត្រី ប៉ុន្តែអាចធ្វើបាន? តើជាកត្តាលទ្ធភាព ឬជាកត្តាដឹកនាំ?

ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល មានការកត់សំគាល់ទេថា ឥឡូវនេះ ក្រៅពីមន្ទីរពេទ្យគន្ធបុប្ផា គឺសេវាគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនកំពុងរីកដុះដាល? សូម្បីតែមន្ត្រីក្នុងក្រសួងសុខាភិបាលក៏បង្កើតសេវាគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយព្យាបាលជំងឺប្រជាជនដែរ។ នេះគឺជាសកម្មភាពមនុស្សធម៌គួរជាការលើកទឹកចិត្ត។ ក៏ប៉ុន្តែ តើឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល មានការពិចារណាដូចម្តេចលើចំណុចនេះ? តើរចនាសម្ព័ន្ធសេវារឹងនៃសុខាភិបាលតាមស្រុកខេត្ត រាជធានី បែរជាកំពុងទន់ហើយឬយ៉ាងដូចម្តេច? តើអ្វីជាស្ថានភាព អ្នកជនបទ ឡើងមករកសេវាសុខាភិបាលនៅភ្នំពេញ ចំណែកឯអ្នកភ្នំពេញ រត់ទៅរកសេវាសុខាភិបាលនៅបរទេស? 

គោលនយោបាយរបស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន គឺខិតខំបង្ខិតសេវាអប់រំឲ្យបានខិតគៀកដល់ប្រជាជន។ ជាមួយគ្នាផ្នែកសេវាសុខាភិបាលក៏កាន់តែសំខាន់ ដែលរដ្ឋមន្ត្រីជាសេនាធិការរបស់រាជរដ្ឋាភិបាល គួរប្រឹងប្រែងច្រើនជាងនេះ។ អ្នកណាៗក៏យល់ថា ធ្វើគ្រូពេទ្យក្លាយជាអ្នកមានដែរ។ ចំណូលពីការនាំចូលឱសថ គឺជាសំណួរបន្ទាប់ ដែលចំណូលនេះឲ្យគេធ្វើអ្នកមានដោយស្ងប់ស្ងាត់។ 

ប្រព័ន្ធការពារអាយុជីវិតមនុស្ស និងការថែទាំសុខភាពមនុស្ស គឺសំខាន់ណាស់។ សង្គមជាតិរីកចម្រើនប្រកបដោយឋាមពល និងការប្រកួតប្រជែង គឺចាប់ផ្តើមពីពលរដ្ឋមានចំណេះដឹង មានសមត្ថភាព និងមានសុខភាពល្អ។ គេមានរឿងនិយាយបែបកំប្លែងលេងថា៖ «ទៅព្យាបាលនៅពេទ្យរដ្ឋ គឺមិនអស់លុយច្រើនទេ។ គេថា ម៉េចបានមិនអស់លុយ? ម្នាក់ទៀតឆ្លើយថា៖ ចាំបាច់អស់លុយអី បើពេទ្យក៏អត់ព្យាបាលផង…»។ នេះមិនមែនជាការដាក់បន្ទុកទេ ក៏ប៉ុន្តែ ជាកាតព្វកិច្ចនៃរដ្ឋមន្ត្រីរបស់ប្រទេសជាតិមួយ ដែលមើលឲ្យឃើញពីតម្លៃនៃសុខភាពរបស់ប្រជាជនខ្លួនឯង។ នៅក្នុងក្រសួងដ៏ធំមួយ (យើងមិនសំដៅទៅក្រសួងណាមួយទេ) ក៏មិនមែនធ្វើការតែរវាង រដ្ឋមន្ត្រី និងជាមួយរដ្ឋលេខាធិការ២នាក់ នោះដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង