សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា យុវជនអាយុក្រោម២២ឆ្នាំ ដែលទទួលបានជ័យជម្នះលើកដំបូង នៅស៊ីហ្គេម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា យុវជនអាយុក្រោម២២ឆ្នាំ ដែលទទួលបានជ័យជម្នះលើកដំបូង ក្នុងការប្រកួតនៅស៊ីហ្គេម (SEA GAMES) លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសរសេរសារកោតសរសើរ និងជូនពរក្រុមកីឡាករជម្រើសជាតិវ័យក្មេងរបស់កម្ពុជា បន្ទាប់ពីបានយកឈ្នះក្រុមកីឡាករទីម័រខាងកើត ដោយពិន្ទុ៥-០ នៅក្នុងពហុកីឡដ្ឋាន Rizal Memorial ប្រទេសហ្វីលីពីន។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «សូមកោតសរសើរដល់ក្រុមបាល់ទាត់ក្រុមជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ កម្ពុជា បានទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម២ប្រកួត នៅស៊ីហ្គេម (SEA GAMES) លើកទី៣០ នាប្រទេសហ្វីលីពីន ហើយបន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ មុននេះបន្ដិចនៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីឡើងឈរកំពូលតារាងពូលA បណ្ដោះអាសន្ន។

«អរគុណបងប្អូនប្រជាពលរដ្ឋ​ និងកូនក្មួយយុវជន​ ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនានៅតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត»។

ពាក់ព័ន្ធនឹងជ័យជម្នះរបស់ក្រុមកីឡាករកម្ពុជា ឯកឧត្តម ឡេង ចាន់វីរៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ដែលបានចូលរួមគាំទ្រក្រុមកីឡករកម្ពុជា ក៏បានសម្តែងការកោតសរសើរចំពោះជ័យជម្នះនេះដែរ។

ឯកឧត្តម បានសរសេរសារអបអរសាទរ អមដោយរូបភាពថា «នៅទីនេះ ពីរដ្ឋធានីម៉ានីឡា ប្រទេសហ្វីលីពីន។ ខ្ញុំសូមអបអរសាទរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានឈ្នះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិប្រទេសទីម័រលេស្តេចំនួន៥គ្រាប់ទល់នឹង០ 🇰🇭🇰🇭👏👏👏»។

តាមរយៈជ័យជម្នះនេះ ក្រុមបាល់ទាត់កម្ពុជា បានរំកិលមកឈរនៅកំពូលតារាងពូលA ក្រោយបំបាក់ក្រុមទីម័រខាងកើត ក្នុងលទ្ធផល ៥ទល់នឹង០ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ដែលនៅពេលលេងបាន៨នាទី មិនទាន់ស្រួលបួលផង យុវជនអាយុក្រោម២២ឆ្នាំរបស់កម្ពុជា បានរកគ្រាប់បាល់នាំមុខក្រុមទីម័រខាងកើត ដោយបាល់ហ្វ្រីឃីករបស់កីឡាករ ស៊ិន សក្កដា។

លុះចូលដល់តង់ទី២ ក្រុមកីឡាករកម្ពុជាលេងបានកាន់តែល្អ ជាពិសេស៣០នាទី មុនចប់ការប្រកួត បានស៊ុតបញ្ចូលទីគូប្រកួតដល់ទៅបួនគ្រាប់បន្ថែម ដែលធ្វើបានសម្រេចដោយកីឡាករ រុឹង ប៊ុនហៀង រកបានពីរគ្រាប់ និងកីឡាករ សៀង ចន្ធា ព្រមទាំង កែវ សុខផេង ធ្វើឲ្យកម្ពុជា ឈរនៅលេខ១។

ការប្រកួតបន្ទាប់របស់ក្រុមកីឡាករកម្ពុជា គឺថ្ងៃទី០២ ខែធ្នូ ត្រូវលេងជាមួយក្រុមមកពីភូមា មុនប្រកួតជាមួយម៉ាឡេស៊ី នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។ ដូច្នេះ កម្ពុជាត្រូវការឈ្នះភូមា ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ស៊ីហ្គេម។

សូមបញ្ជាក់ថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលលេខ១ ក្នុងពូលA នឹងប៉ះលេខ២ ពូលB និងលេខ១ ពូលB លេងជាមួយលេខ២ ពូលA គឺលេងនៅថ្ងៃទី៧ ខែធ្នូ ខណៈដែលវគ្គផ្តាច់ព្រ័ត្រ លេងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ៕

Swift News ផាន់ អាណា

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង