SEA GAMES 19: កម្ពុជា បំបាក់ទីម័រខាងកើតយ៉ាងចាស់ដៃ ដើម្បីឈរនៅកំពូលតារាង ខណៈម្ចាស់ផ្ទះហ្វីលីពីនចាញ់ភូមា

(ម៉ានីល, ហ្វីលីពីន)៖ ក្រុមបាល់ទាត់កម្ពុជា បានរំកិលមកឈរនៅកំពូលតារាងពូល A ក្រោយបំបាក់ក្រុមទីម័រខាងកើតក្នុងលទ្ធផល ៥ទល់នឹង០ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅក្នុងពហុកីឡដ្ឋាន Rizal Memorial ប្រទេសហ្វីលីពីន យប់ថ្ងៃទី២៧ ខែវិច្ឆិកា។

លេងបាន៨នាទីមិនទាន់ស្រួលបួលផង យុវជនអាយុក្រោម ២២ឆ្នាំរបស់កម្ពុជា បើកការនាំមុខដោយបាល់ហ្វ្រីឃីករបស់កីឡាករ ស៊ិន សក្កដា។

កម្ពុជាលេងបានកាន់តែល្អក្នុងតង់ទី២ ពិសេស៣០នាទីមុនចប់ការប្រកួត ស៊ុតបញ្ចូលទីគូប្រកួតដល់ទៅបួនគ្រាប់បន្ថែមដែលធ្វើបានសម្រេចដោយកីឡាករ រុឹង ប៊ុនហៀងពីរគ្រាប់តែឯង និងកីឡាករ សៀង ចន្ធា ព្រមទាំងកែវ សុខផេង។

ថ្ងៃជាមួយគ្នានេះដែរ កីឡាករ Win Naing Tun បានស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយឱ្យសហភាពមីយ៉ាន់ឈ្នះ​ម្ចាស់ផ្ទះហ្វីលីពីន ២ទល់​នឹង១ ក្រោយក្រុមទាំងពីរស្មើគ្នា ១ទល់នឹង១ ក្នុងតង់ទី១។

បន្ទាប់ពីលេងបាន ២ប្រកួតកម្ពុជា ឈរនៅលេខ១ មាន៤ពិន្ទុ ដូចគ្នា នឹងសហភាពមីយ៉ាន់ម៉ា ចំនែកម៉ាឡេស៊ីលេខ៣ និងម្ចាស់ផ្ទះហ្វីលីពីនលេខ៤ ឯទីម័រខាងកើត១ប្រកួតមាន០ពិន្ទុ។

ប្រកួតបន្ទាប់កម្ពុជាថ្ងៃទី០២ ខែធ្នូ ត្រូវលេងជាមួយសហភាពមីយ៉ានម៉ា មុនប្រកួតជាមួយម៉ាឡេស៊ីថ្ងៃទី០៤ ខែធ្នូ។ កម្ពុជាត្រូវការឈ្នះមីយ៉ាន់ម៉ាដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេមជាប្រវត្តិសាស្ត្រ។

ចំនែកការប្រកួតក្នុងពូល B វិញ អ្នកការពារតំណែងជើងឯកថៃបើកការប្រកួតចាញ់ឥណ្ឌូនេស៊ី ០ទល់នឹង២ ខណៈដែលឡាវ និងសិង្ហបុរីស្មើគ្នា ០ទល់នឹង០។ ពូលនេះ វៀតណាម និងឥណ្ឌូនេស៊ីឈរនៅលេខ១ និងលេខ២រៀងគ្នា។

ការប្រកួតថ្ងៃទី២៨ ខែវិច្ឆិកានេះ វៀតណាមប្រកួតជាមួយឡាវ ព្រុយណេ ប៉ះថៃ និងសិង្ហបុរី ប្រកួតជាមួយឥណ្ឌូនេស៊ី។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលលេខ១ពូល A ប៉ះលេខ២ពូល B និងលេខ១ពូលB លេងជាមួយលេខ២ពូលA លេងនៅថ្ងៃទី៧ ខែធ្នូ ខណៈដែលវគ្គផ្តាច់ព្រ័ត្រលេងនៅថ្ងៃទី១០ ខែធ្នូ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង