មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល​ ប្រកាសថា​ក្រុមគ្រូពេទ្យខ្មែរពូកែ​ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ​

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រកាសជឿជាក់លើសមត្ថភាពជំនាញនៃក្រុមគ្រូពេទ្យ​ខ្មែរ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ដែលមានចំណេះជំនាញល្អពិតប្រាកដ​ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈពេទ្យ។

តាមរយៈទំព័រហ្វេសប៊ុកក្រសួង​សុខាភិបាល នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ បានឲ្យដឹងថា លោកជំទាវ ឱ​ វណ្ណឌីន​ ជារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល​ បានមកប្រើប្រាស់សេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ដោយមានការជឿជាក់លើសមត្ថភាពជំនាញនៃក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យនេះ។

លោកជំទាវ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះ​ ជូនដល់លោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ដែលមានចំណេះជំនាញល្អពិតប្រាកដ​ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវ:ពេទ្យ​ បានជួយពិនិត្យនិងព្យាបាលជើងស្តាំរបស់លោកជំទាប្រកបដោយប្រសិទ្ធិភាពខ្ពស់​ និងបានធូរស្រាលនាថ្ងៃនេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបន្ថែមថា៖ ខ្ញុំនឹងបន្តប្រើប្រាស់សេវាផ្តល់ដោយក្រុមគ្រូពេទ្យខ្មែរជាបន្តទៀត​ ហើយក្នុងពេលសម្រាកព្យាបាល​ ខ្ញុំក៏បានពិនិត្យឃើញផងដែរថា​ មានបងប្អូនប្រជាពល​រដ្ឋ​កម្ពុជា​យើងជាច្រើនកុះករបាន និងកំពុងប្រើប្រាស់សេវានៅមន្ទីរពេទ្យនេះ​ ដែលបានបង្ហាញពីទំនុក​ចិត្តរបស់បងប្អូនយើងលើសមត្ថភាពក្រុមគ្រូពេទ្យខ្មែរយើង។

ជាមួយគ្នានេះ លោកជំទាវ ឱ​ វណ្ណឌីន ​ជូនពរក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងអស់​ មានសុខភាពល្អបរិបូណ៌បន្តបេសកម្មដ៏ថ្លៃថ្លានេះ​ ដលម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរជាបន្តទៀត។ បើមិនមានក្រុមគ្រូពេទ្យខ្មែរយើងជួយដល់ខ្មែរទេនោះ​ ប្រជាជនរាប់ម៉ីន​ រាប់លាននាក់ប្រាកដជាមិនបានជាស្បើយពីរោគាឡើយ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង