សម្តេចតេជោ ហ៊ុន​​​ សែន៖ ស្ថានភាពជំងឺម្តាយក្មេកខ្ញុំ ស្ថិតក្នុងដំណាក់កាល​សង្រ្គោះបន្ទាន់ នៅឡើយ ដែលតម្រូវឲ្យយកូនចៅនៅក្បែរគាត់ជានិច្ច

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​​​ នៅមុននេះបន្តិច បានបញ្ជាក់ថា ស្ថានភាព​ជំងឺ​ម្តាយក្មេករបស់សម្តេច ​កំពុងតែស្ថិតក្នុងដំណាក់កាល​សង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដែលតម្រូវឲ្យយកូនចៅនៅក្បែរគាត់ជានិច្ច។

ការបកស្រាយបញ្ជាក់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីដោយសារ មានការផ្សាយរូបនេះចាស់ នាំឲ្យមានការភាន់ច្រឡំ។

សម្តេចតេជោ ហ៊ុន សែន​​​ បានបញ្ជាក់យ៉ាងច្បាស់ថា «ម្សិលមិញមានហ្វេសប៊ុកមួយ បានយករូបថតម្តាយក្មេកខ្ញុំ និងភរិយាខ្ញុំ កាលពីឆ្នាំ២០០៨ គឺ១១ឆ្នាំមុន នៅមន្ទីរពេទ្យសិង្ហបុរី មកបង្ហោះធ្វើឲ្យមានការភាន់ច្រឡំថា ម្តាយក្មេកខ្ញុំបានជាសះស្បើយ ឬបានធូរស្រាលហើយ ដែលធ្វើឱ្យខ្ញុំជួបការលំបាកក្នុងការបកស្រាយពីរឿងខ្ញុំលុបចោលការទៅចូលរួមប្រជុំកំពូលអាស៊ានកូរ៉េ មេគង្គ កូរ៉េនៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូង»។

សម្តេចតេជោ បានបន្តទៀតថា «ខ្ញុំសូមបញ្ជាក់ថា ស្ថានភាពជម្ងឺម្តាយក្មេកខ្ញុំ ស្ថិតក្នុងដំណាក់ការសង្រ្គោះបន្ទាន់នៅឡើយ ដែលតម្រូវឱ្យកូនចៅនៅក្បែរគាត់ជានិច្ច។ សូមជូនរូបភាពមួយចំនួន ពីម្សិល និងព្រឹកថ្ងៃនេះ២៤ និង២៥ វិច្ឆិកា ២០១៩»។

កាលពី​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​លុបចោល​នូវ​គម្រោង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល អាស៊ាន​-​កូរ៉េ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ នៅ​ប្រទេស​កូរ៉េ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​ ដោយសារម្តាយក្មេក​របស់​សម្តេច ឈឺ​ធ្ងន់ ត្រូវ​សង្គ្រោះបន្ទាន់​។​

សូម​រម្លឹកថា ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន រួម​នឹង​បងប្អូន កូនចៅ ក៏បាន​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ ប្រារព្ធ​ពិធី​បុណ្យចំរើនព្រះជន្ម ជូន​ចំពោះ​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​មាតា មាតា​ក្មេក ជីដូន ជីដូន​ទួត ក្នុង​ព្រះជន្ម ៩៥ ឆ្នាំ ឈានចូល ៩៦ ឆ្នាំ​។

​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី ជា​មាតា​បង្កើត​របស់​សម្តេច​ក​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។ មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី មានកូន ៦​នាក់ ( ស្រី ២​នាក់ )៕​

      

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង